ក្រុងសេអ៊ូល៖ លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី ស្កុត មូរីសុន កាលពីថ្ងៃអង្គារបានស្នើឲ្យប្រទេស កូរ៉េខាងត្បូង គាំទ្រដល់ប្រទេសរបស់លោកក្នុងការប្រយុទ្ធប្រឆាំងវីរុសកូរ៉ូណា និងបានយល់ព្រមរៀបចំជំនួបទ្វេភាគីជាមួយលោកប្រធានាធិបតី មូន ជេអ៊ីន។
អ្នកនាំពាក្យការិយាល័យប្រធានាធិបតីលោក កាង មីនសឹក បានឲ្យដឹងដោយថ្លែងតាមទូរស័ព្ទជាមួយលោក មូន ជេអ៊ីន លោក មូរីសុន បានថ្លែងថា ប្រទេសរបស់លោកក្នុងការនាំចូលឧបករណ៍តេស្ត និងបរិក្ខារពេទ្យពីកូរ៉េខាងត្បូង។
លោក មូន បានឆ្លើយតបថា រដ្ឋាភិបាលនឹងពិចារណាលើលទ្ធភាពគាំទ្រយ៉ាងយកចិត្តទុកដាក់តាមរយៈការប្រឹក្សាតាមផ្លូវការទូត។
លោកប្រធានាធិបតីបានបញ្ជាក់ពីឆន្ទៈរបស់ក្រុងសេអ៊ូល ដើម្បីចែករំលែកបទពិសោធក្នុងការដាក់ឲ្យនៅដាច់ដោយឡែក ស្របពេលមានការយល់ឃើញថា ខ្លួនបានធ្វើល្អប្រសើរជាងប្រទេសភាគច្រើនក្នុងការឆ្លើយតបការរាលដាលនៃជំងឺកូវីដ ១៩ មួយនេះ។
លោក មូន ជេអ៊ីន ក៏លើកឡើងពីតម្រូវការសម្រាប់ប្រទេសទាំង ២ ឲ្យបន្តកិច្ចសហប្រតិបត្តិការដ៏សំខាន់ និងការផ្លាស់ប្តូរព័ត៌មានក្នុងនាមជាដៃគូពាណិជ្ជកម្ម ថ្វីបើមានជំងឺរាតត្បាតក្តី។ ឆ្នាំនេះ ពួកគេប្រារព្ធខួបលើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតរបស់ពួកគេ។
លោកបានស្នើឲ្យនាយករដ្ឋមន្ត្រី «ចាប់អារម្មណ៍ និងគាំទ្រ» រហូតដល់ក្រុមអ្នកជំនួញអាចត្រូវបានគេអនុញ្ញាតឲ្យធ្វើទស្សនកិច្ច ស្ថិតនៅក្រោមលក្ខខណ្ឌពិតប្រាកដ។
លោក កាង បានថ្លែងថា លោកនាយករដ្ឋមន្ត្រីបានយល់ព្រមនៅក្នុងគោលការណ៍ជាមួយការស្នើសុំរបស់លោក មូន ជេអ៊ីន ហើយបានដាក់សំណើ ដែលបានរៀបចំនៅក្នុងជំនួបកំពូល តាមវីដេអូខនហ្វើរិនដោយផ្ទាល់នៅក្នុងឆ្នាំនេះ។
លោក មូរីសុន ត្រូវបានគេដកស្រង់សម្តី ដោយបានបន្ថែមថា ប្រសិនបើកិច្ចប្រជុំនោះបានធ្វើឡើង វានឹងក្លាយជាឱកាសមួយសម្រាប់ធ្វើការពិភាក្សា ស្តីពីមធ្យោបាយនានា ដើម្បីទម្លុះទម្លាយវិបត្តិវីរុសកូរ៉ូណា ដោយធ្វើសហប្រតិបត្តិការជាមួយក្រុមប្រទេស ដែលឈឺចាប់ដោយសារជំងឺកូវីដ ១៩ និងជំរុញឲ្យមានភាពជាដៃគូពាណិជ្ជកម្មទ្វេភាគីឲ្យមានស្ថិរភាព។
លោក មូន បានថ្លែងថា វាគឺជាយោបល់ល្អមួយ ហើយបានស្នើឲ្យមានការផ្តល់យោបល់ការទូតបន្ថែមទៀត ដើម្បីពិភាក្សាលម្អិត។
លោកក៏បានអរគុណរដ្ឋាភិបាលអូស្ត្រាលី ជុំវិញការជួយធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋកូរ៉េតាមជើងហោះហើរមួយចំនួន រហូតមកទល់ពេលនេះ ក្រុមពលរដ្ឋកូរ៉េជាង ១ ០០០ នាក់ នៅអូស្ត្រាលីបានវិលត្រឡប់មកស្រុកកំណើតវិញ ហើយបន្ថែមពីនេះមានជើងហោះហើរខ្លះត្រូវបានកំពុងរៀបចំផែនការ។ សមាជិក ១២ នាក់ របស់ទីភ្នាងារកិច្ចសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ជាទីភ្នាក់ងាររដ្ឋាភិបាលមួយ ទទួលបន្ទុកជំនួយអភិវឌ្ឍផ្លូវការបានហោះទៅកូរ៉េខាងត្បូងវិញហើយ៕ Yonhap/PSA/SK