ក្រុងអង់ការ៉ាៈ ​លោក​ប្រធានាធិបតី​តួកគី​ រ៉េសិប​ តៃយីប-អែរដូហ្គែន​ ត្រូវ​បាន​គេ​ដក​ស្រង់​សម្តី​ដោយ​និយាយ​នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​តួកគី​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ ប្រព័ន្ធ​ការពារ​មីស៊ីល​ S-400 ​ពី​រុស្ស៊ី​ដ៏​ចម្រូងចម្រាស នឹង​ត្រូវ​ដឹក​ជញ្ជូន​ដល់​ប្រទេស​របស់​លោក​​នៅ​ក្នុង​​ខែ​កក្កដា​។

យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ CNN ​Turk ​បាន​ឲ្យ​ដឹង​ថា​លោក​ប្រធានាធិបតី​តួកគី​ ​បាន​ថ្លែង​ថា​៖ «​ខ្ញុំ​ជឿជាក់​ថា ​ប្រព័ន្ធ​ការពារ​ ​(S-400) ​នឹង​ចាប់​ផ្តើម​មក​ដល់​លើក​ទី១ ​នៅ​ពាក់​កណ្តាល​ខែ​កក្កដា​ខាង​មុខ​នេះ​។ ​ក្រុម​សហសេវិក​​ទទួល​បន្ទុក​ផ្នែក​កម្មវិធី​ដឹក​ជញ្ជូន​ កំពុង​អនុវត្ត​ការងារ​ដឹក​ជញ្ជូន​»​។​

កិច្ច​ព្រមព្រៀង​របស់​ក្រុង​អង់ការ៉ា​ជាមួយ​ក្រុង​ម៉ូស្គូ​ បាន​បង្ក​ឲ្យ​​ក្លាយ​ទៅ​​ជា​ប្រភព​នៃ​ភាព​តានតឹង​យ៉ាង​ខ្លាំង​​រវាង​តួកគី​ និង​អាមេរិក​ ដោយ​ក្រុង​វ៉ាស៊ីនតោន​ បាន​គំរាម​កំហែង​អំពី​ផល​វិបាក​នានា​ នៅ​ក្នុង​នោះ ​មាន​ទាំង​​ការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​សមាជិក​អង្គការ​ណាតូ​ របស់​ខ្លួន​ផង​ដែរ​។​

លោក វ៉្លាឌីមៀរ ពូទីន ​(ស្តាំ) និង​លោក​ រ៉េសិប​តៃ​យីប អេរដូហ្គែន មក​ដល់​ដើម្បី​ចូលរួម​ជំនួប​នៅ​វិមាន​ក្រឹមឡាំង​​។ AFP

រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​ស្តីទី​លោក​ Patrick Shanahan ​កាល​ពី​ដើម​ខែ​នេះ​ បាន​ផ្ញើ​លិខិត ​១ ច្បាប់​ ដោយ​ព្រមាន​តួក​គី​ថា​ អាមេរិក ​ត្រូវ​តែ​ប្រឆាំង​ដាច់​ខាត​ ចំពោះ​ប្រព័ន្ធ​មីស៊ីល​ S-400​ នៅ​ត្រឹម​ថ្ងៃ​ទី​ ៣១ ​ខែ ​កក្កដា ​ឬ​ក្រុម​ពីឡុត​របស់​តួកគី​ ដែល​កំពុង​បណ្តុះបណ្តាល​អំពី​កម្មវិធី​យន្តហោះ​ចម្បាំង​ F-35 ​កាល​ពី​ពេល​ថ្មីៗ​នេះ ​នឹង​ត្រូវ​បណ្តេញ​ចេញ​ពី​សហរដ្ឋ​អាមេរិក​។​

ប្រទេស ​តួកគី​ មាន​ផែនការ​ទិញ​យន្តហោះ​ចម្បាំង​ US- F-35 ១០០​ គ្រឿង ចំណែក​ឯ​រោងចក្រ​តួកគី​មួយ​ចំនួន​កំពុង​ផលិត​គ្រឿង​បន្លាស់​ និង​សម្ភារ​សម្រាប់​បំពាក់​​លើ​យន្តហោះ​ចម្បាំង​។​

ក្រុង​អង់ការ៉ា ​នៅ​មិន​ទាន់​បាន​ឆ្លើយ​តប​ជា​ផ្លូវ​ការ​ទៅ​នឹង​លិខិត​របស់​លោក​ Patrick Shanahan​ នៅ​ឡើយ​ទេ ​ប៉ុន្តែ​លោក អេរដូហ្គែន​ បាន​ថ្លែង​ថា៖ «នៅ​ក្នុង​រយៈពេល​ដ៏​ខ្លី​នេះ​ ជួន​កាល​ប្រហែល​នៅ​សប្តាហ៍​នេះ​ លិខិត​ឆ្លើយ​តប​មួយ​ច្បាប់​នឹង​ត្រូវ​ផ្ញើ​​ជូន​​លោក​ Patrick​ Shanahan ​វិញ​»។​

លោក វ៉្លាឌីមៀរ ពូទីន ​(ស្តាំ) និង​លោក​ រ៉េសិប​តៃ​យីប អេរដូហ្គែន ធ្វើ​សន្និសីទ​សារព័ត៌មាន​រួម​នៅ​វិមាន​ក្រឹមឡាំង។ AFP

លោក​ អេរដូហ្គែន​ បាន​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​ក្រុង​ម៉ូស្គូ​ ហើយ​មិន​មែន​មាន​តែ​មួយ​នោះ​ទេ​ ដែល​តួកគី​ នឹង​ដក​ខ្លួន​ចេញ​ពី​កិច្ច​ព្រមព្រៀង​នោះ​។​

លោក​បាន​ថ្លែង​ថា​៖ «​បញ្ហា​ប្រព័ន្ធ​ការពារ​មីស៊ីល​ S-400 ត្រូវ​បាន​អនុវត្ត​ទាំង​ស្រុង​។ ​វា​មិន​មាន​បញ្ហា​លំបាក​នោះ​ទេ​» ​ដោយ​លោក​បាន​ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​កាសែត​តួកគី​នៅ​លើ​យន្តហោះ​របស់​លោក​ទៅ​កាន់​ប្រទេស ​តួកគី​ ក្រោយ​ពី​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស ​តាហ្ស៊ីគីស្ថាន​ ដើម្បី​​កិច្ច​ប្រជុំ​មួយ​។​

លោក​អេរដូហ្គែន​ បាន​បន្ថែម​ថា​៖ «​បច្ចុប្បន្ន ​ប្រសិន​បើ​យើង​មិន​គោរព​ពាក្យ​សន្យា​របស់​យើង​ទេ​នោះ​ បញ្ហា​នេះ​នឹង​មិន​អាច​ស្រប​តាម​​លក្ខណៈ​របស់ ​រដ្ឋ​យើង​ឡើយ​ ហើយ​វា​នឹង​មិន​ស័ក្ដិសម​ទៅ​នឹង​ឋានៈ​ជា​រដ្ឋ​បុរស​នោះ​ដែរ»​។​

លោក​ក៏​បាន​រំពឹង​ទុក​ថា ​ការ​ដឹក​ជញ្ជូន​ប្រព័ន្ធ​ការពារ​​មីស៊ីល​ S-400 លើក​​ដំបូង​ពី​រុស្ស៊ី​​ អាច​​នឹង​ចាប់​ផ្តើម​ធ្វើ​ឡើង​​នៅ​ដើម​ខែ​កក្កដា ប៉ុន្តែ​រុស្ស៊ី បាន​ថ្លែង​កាល​ពី​ដើម​ខែ​មិថុនា​នេះ ​ថា​ នឹង​ចាប់​ផ្តើម​ដឹក​ជញ្ជូន​​ប្រព័ន្ធ​មីស៊ីល​នេះ មាន​​រយៈពេល ​២ ​ខែ៕ AFP/SK­