ក្រុង​រ៉ូម៖ ​យោង​តាម​តួលេខ​ថ្មី​ចេញ​ពី​នាយកដ្ឋាន​ការពារ​ជន​ស៊ីវិល​ដែល​​គ្រប់គ្រង​​ស្ថានភាព​គ្រា​អាសន្ន​​ជំងឺ​កូវីដ ​១៩ ​​បាន​ឲ្យ​ដឹង​ថា​ ​ប្រទេស ​អ៊ីតាលី ​កាល​ពី​ថ្ងៃ​អង្គារ​មាន​អ្នក​​​ឆ្លង​វីរុស​ផ្លូវ​ដង្ហើម​កូរ៉ូណា​ចំនួន ១៣៥ ៥៨៦ ​នាក់​ ក្នុង​នោះ​មាន​អ្នក​ស្លាប់ ​១៧​ ១២៧ ​នាក់។​

ក្នុង​ចំណោម​​​ចំនួន​នេះ ករណី​ឆ្លង​​យ៉ាង​សកម្ម​ថ្មី​​​កាល​ពី​ថ្ងៃ​ចន្ទ​ គឺ​មាន​ចំនួន ៨៨០ ​នាក់ ​​​ដែល​បាន​នាំ​ឲ្យ​ចំនួន​អ្នក​ឆ្លង​សរុប​ឡើង​ដល់ ​៩ ៤ ០៦៧ ​​នាក់​នៅ​ទូទាំង​ប្រទេស ហើយ​អ្នក​​​ជា​សះស្បើយ​បាន​កើន​ឡើង​ ដោយ​​ទាក់ទង​ទៅ​នឹង​មនុស្ស​ចំនួន ​១ ៥៥៥ ​នាក់​បន្ថែម​ទៀត​ បាន​ជា​សះស្បើយ​ បើ​ប្រៀបធៀប​កាល​ពី​មួយ​ថ្ងៃ​មុន​ ដែល​បាន​កើន​ដល់ ​២៤ ៣៩២ ​នាក់​ ជា​ចំនួន​សរុប​ទាំង​អស់​។​

ចំនួន​អ្នក​ជា​សះស្បើយ​ថ្មី​យ៉ាង​ច្រើន​ ដែល​លើស​​ពី​​​ចំនួន​​ឆ្លង​យ៉ាង​សកម្ម​ថ្មី​​ប្រចាំ​ថ្ងៃ​។​

ប្រធាន​នាយកដ្ឋាន​ការពារ​ជន​ស៊ីវិល​លោក​ អេនហ្គីឡូ ប៊ូរីលលី ​បាន​បញ្ជាក់​នៅ​ឯ​សន្និសីទ​សារព័ត៌មាន​មួយ​ថា៖ «​ការ​​កើន​ឡើង​នៅ​ក្នុង​ការ​ឆ្លង​ថ្មី​ ត្រូវ​បាន​កំពុង​អះអាង​នៅ​ក្នុង​ប្រទេស ​អ៊ីតាលី​ ហើយ​ចំនួន ​៨៨០ ​នាក់​ គឺ​កើន​ឡើង​ទាប​បំផុត​ជា​រៀង​រាល់​ថ្ងៃ​ ដែល​យើង​បាន​មើល​ឃើញ​ចាប់​តាំង​ពី​ថ្ងៃទី ​១០ ​ខែ​មីនា​»​។​

លោក ​អេនហ្គីឡូ ប៊ូ​ររីល​លី​ ដែល​បាន​ចូល​បម្រើ​ការងារ​ជា​​​​ប្រធាន​វិសាមញ្ញ​នៅ​ក្នុង​ស្ថានភាព​​គ្រាអាសន្ន​ជំងឺ​កូវីដ ​១៩​ បាន​ពន្យល់​អំពី​ចំនួន​ជា​សះស្បើយ​ជា​រៀង​រាល់​ថ្ងៃ​បាន​កត់ត្រា​កាល​ពី​ថ្ងៃ​អង្គារ​ថា នេះ​គឺ​ជា ​«​ចំនួន​ខ្ពស់​បំផុត​ទី​២​ នៅ​ក្នុង​រយៈពេល​ចុង​ក្រោយ​ ចាប់​តាំង​ពី​ការ​ឆ្លង​រីក​រាល​ដាល​បាន​ចាប់​ផ្តើម​ផ្ទុះ​ឡើង​»​។​

ក្រុម​អ្នក​​​ស្ម័​គ្រ​ចិត្ត​​​​កាកបាទក្រហមអុី​តាលី​ រៀបចំ​ម៉ាស់ដើម្បី​ចែកចាយ​។ AFP

មាន​ចំនួន​អ្នក​ឆ្លង​បាន​កើន​ឡើង ​៣ ០៣៩ ករណី​ នៅ​ក្នុង​រយៈពេល​ ២៤ ​ម៉ោង​ចុង​ក្រោយ​ ដោយ​បាន​នាំ​ឲ្យ​ចំនួន​អ្នក​ឆ្លង​សរុប​ទាំង​អស់​ ​កើន​ឡើង​រហូត ដល់ ​១៣៥ ៥៨៦ ​​នាក់​​។​

រហូត​មក​ទល់​ពេល​នេះ​ ក្រុម​អ្នក​ដែល​បាន​ធ្វើ​តេស្ត​រក​ឃើញ​មាន​ផ្ទុក​វីរុស​​​​ផ្លូវ​ដ​ង្ហើម​​កូរ៉ូណា​ចំនួន ​២៨​ ៧១៨​ នាក់​ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​​ធម្មតា​ ចំណែក ​៣ ៧៩២ ​នាក់ ​ស្ថិត​នៅ​ក្នុង​អង្គភាព​ថែទាំ​សុខភាព​យ៉ាង​យក​ចិត្ត​ទុក​ដាក់​បំផុត ​និង ​៦១​ ៥៥៧ ​នាក់​ផ្សេង​ទៀត​ ត្រូវ​បាន​ទុក​ឲ្យ​ស្នាក់​ក្នុង​ផ្ទះ​ដាច់​ដោយ​ឡែក​។ ​

លោក​ ប៊ូ​រីល​លី ​បាន​បញ្ជាក់​ថា​ សម្ពាធ​ទៅ​លើ​មន្ទីរ​ពេទ្យ​នានា​នៅ​ប្រទេស ​អ៊ីតាលី ​បាន​ថយ​ចុះ​ ហើយ​ជា​ពិសេស​សម្រាប់​អង្គភាព​ដែល​ថែទាំ​សុខភាព​យ៉ាង​យក​ចិត្ត​ទុក​ដាក់​​បំផុត​ ជា​ទី​ដែល​មាន​អ្នក​ជំងឺ​តិច ​គឺ ​១០៦ ​នាក់​​​​​ប៉ុណ្ណោះ ​បើ​ប្រៀប​ធៀប​នឹង​ថ្ងៃ​មុន​នេះ​។ ​​

ចំនួន​ស្លាប់​បាន​កើន​ឡើង​ត្រឹម ​៦០៤ នាក់​កាល​ពី ​២៤ ​ម៉ោង​ចុង​ក្រោយ។ ​ចំនួន​ស្លាប់​ថ្មី​ត្រូវ​បាន​កត់ត្រា​គឺ ​៦៣៦ ​នាក់ ​កាល​ពី​ថ្ងៃ​ចន្ទ ​និង​ ៥២៥ ​នាក់​កាល​ពី​ថ្ងៃ​អាទិត្យ​។

លោក ​ហ្គីអូវ៉ាន់នី ​រ៉េសហ្សា ​ប្រធាន​នាយកដ្ឋាន​​គ្រប់គ្រង​ជំងឺ​ឆ្លង​នៅ​វិទ្យាស្ថាន​សុខភាព​ជាតិ​បាន​ថ្លែង​ថា៖ ​«​នៅ​ទីបញ្ចប់ ​វា​ហាក់​ដូច​ជា ​យើង​ចាប់​ផ្តើម​មើល​ឃើញ​ករណី​ឆ្លង​​ថ្មី​ធ្លាក់​ចុះ​»៕ Xinhua/SK ​