ក្រុង​តេអេរ៉ង់៖ ​នាយក​រដ្ឋមន្ត្រី​ប៉ាគីស្ថាន​លោក​ អ៊ីមរ៉ាន ខាន់ ​បាន​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស ​អ៊ីរ៉ង់ ​កាល​ពី​ថ្ងៃ​អាទិត្យ​ បន្ទាប់​ពី​មាន​ការ​ស្នើសុំ​មួយ​ចេញ​ពី​អាមេរិក ​និង​អារ៉ាប៊ី សាអ៊ូឌីត​ ដើម្បី​ឲ្យ​លោក​ជួយ​បន្ធូរបន្ថយ​ភាព​តានតឹង​កាន់​តែ​ខ្លាំង​ឡើង​នៅ​ឈូង​សមុទ្រ​មាន​ជម្លោះ​។​

ការិយាល័យ​របស់​លោក ​អ៊ីមរ៉ាន ​ខាន់ ​បាន​ថ្លែង​ថា​ ដំណើរ​ទស្សនកិច្ច​របស់​លោក ​ជា​ផ្នែក​នៃ​ការ​ផ្តួច​ផ្តើម​មួយ ​«ដើម្បី​លើក​ស្ទួយ​សន្តិភាព​ និង​សន្តិសុខ​នៅ​ក្នុង​តំបន់​» ​ហើយ​ថា​​ លោក​បាន​​រៀប​ចំ​កិច្ច​ពិភាក្សា​ជាមួយ​មេ​ដឹកនាំ​កំពូល​របស់​អ៊ីរ៉ង់ ​គឺ​លោក​ អាយ៉ាតូលឡាហ៍​ អាលី​ កាមេនី​ និង​លោក​ប្រធានាធិបតី​អ៊ីរ៉ង់ ហាស្សាន រូហានី​។​

អ្នក​ឆ្លើយ​ឆ្លង​កាសែត ​AFP​ ម្នាក់​បាន​រាយការណ៍​ឲ្យ​ដឹង​ថា​ លោក ​អ៊ីមរ៉ាន ​ខាន់​ បាន​ចុះ​ចត​​នៅ​ក្រុង​តេអេរ៉ង់​ ហើយ​ត្រូវ​បាន​ទទួល​ស្វាគមន៍​នៅ​ឯ​ព្រលាន​យន្តហោះ​ ដោយ​រដ្ឋមន្ត្រី​ការ​បរទេស​លោក​ ម៉ូហាម៉ាដ​ ចាវ៉ាដហ្សារីហ្វ​ នៅ​មុន​ពេល​ទៅ​ជួប​ជាមួយ​លោក ​ហាស្សាន​ រូ​ហា​នី​។​

នេះ គឺ​ជា​​ទស្សនកិច្ច​លើកទី ២ ​របស់​លោក​ អ៊ីមរ៉ាន ខាន់ ​ទៅ​កាន់​ប្រទេស ​អ៊ីរ៉ង់ ​នៅ​ឆ្នាំ​នេះ​ ដែល​ជា​ប្រទេស​មួយ​មាន​ព្រំដែន​ជាប់​គ្នា​ជាមួយ​ប្រទេស ​ប៉ាគីស្ថាន ​ចម្ងាយ​ប្រហែល ​១ ពាន់​គីឡូ​ម៉ែត្រ​៕ AFP/SK