ក្រុងអង់ការ៉ា: អ៊ីរ៉ង់ រុស្ស៊ី និង​តួកគី បានរួម​គ្នា​ដើម្បី​បង្កើត​ក្រុម​យោធា​ត្រីភាគី​មាន​គោល​បំណង​គ្រប់​គ្រង និង​ការពារ​ដែនដី​នានា​នៅ​ក្នុង​ទឹកដី​ស៊ីរី ដោយ​បាន​ឆ្លៀត​កេង​ចំណេញ​ពី​ភាព​ស្ទាក់​ស្ទើរ​របស់​លោក​ខាង​លិច ដើម្បី​ចូល​ធ្វើ​អន្តរាគមន៍​ខាង​ផ្នែក​យោធា​នៅ​ក្នុង​ទឹកដី​ស៊ីរី។

ប្រធានាធិបតី​ប្រទេស​ទាំង ៣ ដែល​ត្រូវបាន​គេ​មើល​ឃើញ​ ជា​យូរអង្វែង​មក​ថា​ជា​គូប​ដិបក្ខ​ក្នុង​តំបន់ ជា​ជាង​ជា​សម្ព័ន្ធ​យុទ្ធសាស្ត្រ​នោះ​បាន​ជួប​ប្រជុំ​នៅ​ថ្ងៃ​ពុធ​នៅ​ក្នុង​ទីក្រុង​អង់ការ៉ា​សម្រាប់​កិច្ច​ជំនួប​កំពូល

ត្រីភាគី​លើក​ទី ២ ស្តី​ពី​បញ្ហា​នៅ​ស៊ីរី ជា​ការ​បញ្ជាក់​អំពី​ស្មារតី​បង្រួប​បង្រួម​គ្នា​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ។

កិច្ចប្រជុំ​នេះ​ធ្វើឡើង​បន្ទាប់ពី​ជំនួប​កំពូល​លើក​ទី​មួយ​រវាង​ប្រធានាធិបតី​តួកគី លោក រ៉េសិប តៃ​យី​ប អេរដូហ្គែន ប្រធានា​ធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន និង​ប្រធានា​ធិបតី អ៊ីរ៉ង់ លោក ហាស់សាន រ៉ូហានី នៅ​ក្នុង​ទីក្រុង សូជី កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​ទៅ ធ្វើ​ឡើង​ដោយ​មាន​ការ​ស្នើ​ពី​តួកគី ដែល​ស្វែង​រក​សំឡេង​គាំទ្រ បន្ទាប់​ពី​បាន​ធ្វើ​ប្រតិបត្តិការ​វាយ​ប្រហារ​លើ​ក្រុម​ឧទ្ទាម​ឃើដ នៅ​ខាង​ក្នុង​ទឹកដី​ស៊ីរី។

ប្រធានាធិបតី​អាមេរិក លោក​ដូ​ណា​ល់ ត្រាំ បាន​ឲ្យ​ដឹងថា ក្រុង​វ៉ាស៊ីនតោន នឹងត្រូវ​ដក​កងទ័ព​របស់​ខ្លួន​ពី​ទឹកដី​ស៊ីរី​នៅ​ក្នុង​ពេល​ឆាប់ៗ ជា​ទង្វើ​មួយ​ដែល​នឹង​ជួយ​រឹត​បន្តឹង​ឲ្យ​កាន់​តែ​ខ្លាំង​នូវ​ឥទ្ធិពល​របស់​ក្រុង​អង់ការ៉ា ក្រុង​ម៉ូស្គូ និង​ក្រុង តេអេរ៉ង់ ដែល​ប្រទេស​ទាំង​អស់​នេះ​បាន​ប្តេជ្ញា​បញ្ជូន​កង​កម្លាំង​យោធា​របស់​ខ្លួន​ទៅ​កាន់​ទី​សមរភូមិ​នោះ។

លោក Sinan Ulgen ប្រធាន​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​និង​សិក្សា​គោល​នយោបាយ​ការបរទេស (CEFPS) មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង​អ៊ីស្តង់ប៊ុល​បាន​ឲ្យ​ដឹង​ថា ប្រទេស​ទាំង ៣ ពេល​នេះ បាន​ក្លាយជា​ម្ចាស់​ពិត​ប្រាកដ​នៅ​ក្នុង​សមរភូមិ​ក្នុង​ទឹកដី​ស៊ីរី។

លោក Ulgen បាន​ថ្លែង​ប្រាប់ AFP ថា ប្រទេស​ទាំង ៣ បាន​ក្លាយជា​មហា​អំណាច​នៅ​ក្នុង​តំបន់ និង​មាន​ឆន្ទៈ​ក្នុង​ការ​ធ្វើ​វិនិយោគ​ផ្នែក​ប្រភព​ធនធាន​យោធា ដើម្បី​បង្ក​ឥទ្ធិពល​លើ​លទ្ធផល​នៃ​សង្គ្រាម​នេះ»។

ប្រទេស​ទាំង ៣ កាល​ពី​ឆ្នាំ​ទៅ​បាន​បើក​ដំណើរ​ស្វែងរក​សន្តិ​ភាព​ស្រដៀង​គ្នា​ទៅ​នឹង​កិច្ច​ចរចា​ផ្តួចផ្តើម​ដោយ​អង្គការ​សហប្រជាជាតិ​ប្រារព្ធ​ធ្វើ​ក្នុង​ក្រុង​ហ្សឺណែវ៕