ក្រុង​តេអេរ៉ង់៖ ប្រទេស ​អ៊ីរ៉ង់ ​កាល​ពី​ថ្ងៃ​អង្គារ​បាន​ចោទ​ប្រទេស​​អឺរ៉ុប​ខ្លះ​​ពី​បទ​ភាព​មិន​ស្មោះ​ត្រង់​ចំពោះ​ការ​រិះគន់​វិធានការ​ថ្មី​បំផុត​របស់​ខ្លួន​ ដែល​ចាក​ចេញ​ពី​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​ ដោយសារ​ខកខាន​មិន​បំពេញ​តាម​កិច្ច​សន្យា​របស់​ពួក​គេ ​ជួយ​ឲ្យ​រួច​ពី​ទណ្ឌកម្ម​របស់​អាមេរិក។​

ប៉ុន្តែ​លោក​ប្រធានាធិបតី​ ហាស្សាន ​រូហានី​ មិន​បាន​លើក​ឡើង​អំពី​របាយការណ៍​ថ្មី​មួយ​ពី​ក្រុម​ឃ្លាំមើល​របស់​អង្គការ​សហ​ប្រជាជាតិ​ ដែល​លាត​ត្រដាង​ថា ​ក្រុម​អធិការ​កិច្ច​របស់​ខ្លួន​ ចាប់​បាន​បំណែក​តូចៗ​នៃ​សារ​ធាតុ​អ៊ុយរ៉ានីញ៉ូម​ចេញ​ពី​ប្រភព​ដើម​ផលិត​ដោយ​មនុស្ស​នៅ​ទីតាំង​មួយ ​ដែល​មិន​ប្រកាស​នៅ​ប្រទេស ​អ៊ីរ៉ង់។​​​

ប្រទេស ​អង់គ្លេស​ បារាំង ​អាល្លឺម៉ង់ ​និង​សហភាព​អឺរ៉ុប​បាន​ព្យាយាម​ស្តារ​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ ​២០១៥ ​ចាប់​តាំង​ពី​អាមេរិក ​បាន​ដក​ចេញ​កិច្ច​ព្រមព្រៀង​នេះ​ជា​ឯកតោ​ភាគី​ កាល​ពី​ខែ​ឧសភា ​ឆ្នាំ ​២០១៨​ ហើយ​​បាន​ដាក់​ទណ្ឌកម្ម​ជា​ថ្មី​។

​​ លោកប្រធានាធិបតី​ ហា​ស្សាន រូហានី ថ្លែង​​នៅជំនួ​ប​នៃ​ក្រុម​ប្រឹក្សារ​ដ្ឋបាល​នៅ​ខេត្ត​ Kerman។ AFP

រយៈពេល ​១ ឆ្នាំ​ក្រោយ ​ពី​អាមេរិក​ដក​ខ្លួន​ចេញ​ពី​ផែនការ​សកម្មភាព​ដ៏​ទូលំទូលាយ​រួម ​(JCPOA) ​នោះ​អ៊ីរ៉ង់​បាន​ចាប់​ផ្តើម​កាត់​បន្ថយ​ការ​សន្យា​របស់​ខ្លួន​ពី​កិច្ច​ព្រមព្រៀង​នេះ​ ដោយ​សង្ឃឹម​ថា​ទទួល​បាន​សម្បទាន​ពី​អ្នក​ទាំង​ឡាយ​ដែល​ជា​ភាគី​នៃ​កិច្ច​ព្រមព្រៀង​នេះ​។

វិធានការ​ថ្មី​បំផុត​របស់​អ៊ីរ៉ង់​បាន​កើត​ឡើង​កាល​ពី​សប្តាហ៍​មុន​នៅ​ពេល​ដែល​ក្រុម​វិស្វករ​បាន​ចាប់​ផ្តើម​បន្ថែម​​ឧស្ម័ន​គ្មាន​ពណ៌​មាន​សារធាតុ​អ៊ុយរ៉ានីញ៉ូម​ចូល​ទៅ​ក្នុង​ម៉ាស៊ីន​បំបែក​ធាតុ​នៅ​រោងចក្រ​ក្រោម​ដី​​ Fordow​ នៅ​ខាង​ត្បូង​ក្រុង​តេអេរ៉ង់​។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃ​ចន្ទ​ ប្រទេស ​អង់គ្លេស​ បារាំង​ អាល្លឺម៉ង់ ​និង​សហភាព​អឺរ៉ុប​ និយាយ​ថា សេចក្តី​សម្រេច​ចិត្ត​របស់​អ៊ីរ៉ង់​ក្នុង​ការ​ចាប់​ផ្តើម​សកម្មភាព​ជា​ថ្មី​នៅ​រោងចក្រ ​Fordow នោះ​ ​ផ្ទុយ​នឹង​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ ​២០១៥​។ ​​

ពួក​គេ​បាន​និយាយ​ថា​៖ ​«សហភាព​អឺរ៉ុប​ បាន​ប្រកាន់​ខ្ជាប់​កិច្ច​សន្យា​របស់​ពួក​គេ​​នៅ​ក្នុង​​នោះ​មាន​ការ​ដក​ទណ្ឌកម្ម​ដូច​ត្រូវ​បាន​រំពឹង​ទុក​នៅ​ក្រោម ​JCPOA»៕ AFP/PSA