ក្រុងតេអេរ៉ង់៖ ប្រទេស អ៊ីរ៉ង់ បានថ្លែងកាលពីថ្ងៃចន្ទថា រដ្ឋាភិបាលបរទេសនៅពីក្រោយអ្វីដែលខ្លួនបានចោទប្រកាន់ថា ជាការវាយប្រហារ «បង្កគ្រោះថ្នាក់» មួយទៅលើនាវាដឹកប្រេង ១ គ្រឿង នៅម្តុំឆ្នេរសមុទ្រអារ៉ាប៊ី សាអ៊ូឌីត កាលពីសប្តាហ៍មុន ខណៈដែលខ្លួនបានបង្ហាញរូបភាពខ្លះនៃតួនាវាដែលបានរងការខូចខាតយ៉ាងដំណំ។
ក្រុងតេអេរ៉ង់បានថ្លែងថា នាវាដឹកប្រេងសាប៊ីទីមានទង់ជាតិអ៊ីរ៉ង់ បានរងការវាយប្រហារដោយការបំផ្ទុះ ២ ដាច់ដោយឡែកពីគ្នា នៅម្តុំកំពង់ផែជីដដាហ៍សមុទ្រក្រហមកាលពីថ្ងៃសុក្រ។
រូបភាពខ្លះ ដែលបានបង្ហាញដោយម្ចាស់នាវាដឹកប្រេង ជាក្រុមហ៊ុននាវាដឹកប្រេងជាតិអ៊ីរ៉ង់ ត្រូវបានកំណត់កាលបរិច្ឆេទយ៉ាងច្បាស់លាស់កាលពីថ្ងៃអាទិត្យ ហើយបានបង្ហាញប្រហោង ២ នៅខាងលើបន្ទាត់ខ្សែទឹកនៅលើផ្នែកម្ខាងរបស់តួនាវានោះ។
លោកប្រធានាធិបតីអ៊ីរ៉ង់ ហាស្សាន រូហានី បានថ្លែងប្រាប់សន្និសីទសារព័ត៌មានមួយនៅទីក្រុងតេអេរ៉ង់ថា៖ «រដ្ឋាភិបាលមួយបានជាប់ពាក់ព័ន្ធនៅក្នុងការវាយប្រហារនេះយ៉ាងពិតប្រាកដ»។
«ទង្វើនេះ មិនមែនជាសកម្មភាពមួយដែលបានធ្វើឡើងដោយក្រុមភេរវកម្មនោះទេ បានធ្វើឡើងដោយរវាងបុគ្គល ឬជាក្រុមមួយ ហើយវាត្រូវបានធ្វើឡើងដោយរដ្ឋាភិបាលមួយយ៉ាងពិតប្រាកដ»។
ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាស្សាន រូហានី បានថ្លែងថា ប្រទេស អ៊ីរ៉ង់ មានរូបភាពវីដេអូដែលបានបង្ហាញអំពីចំនួន «គ្រាប់រ៉ុក្កែត» ជាច្រើនគ្រាប់ បានបាញ់ទៅលើនាវាដឹកប្រេងសាប៊ីទីនោះ ដោយមាន ២ គ្រាប់ ក្នុងចំណោមគ្រាប់រ៉ុក្កែតទាំងនោះបានវាយប្រហារទៅលើនាវាសាប៊ីទី។
លោក ហាស្សាន រូហានី បានថ្លែងថា៖ «នេះ គឺជាសកម្មភាពបង្កសត្រូវ និងបណ្តាលឲ្យមានគ្រោះថ្នាក់»។
«យើងកំពុងស៊ើបអង្កេតថាតើរដ្ឋាភិបាលមួយណាដែលបានជាប់ពាក់ព័ន្ធនៅក្នុងការប្រហារនោះ ប៉ុន្តែវានៅតែមិនទាន់ប្រញាប់ពេកនោះទេ ក្នុងការប្តេជ្ញាចិត្ត ដែលបានធ្វើរឿងអស់ទាំងនោះ»។
រូបភាពជាច្រើនទៀតដែលបានបង្ហាញដោយម្ចាស់នាវាដឹកប្រេងនោះ ដែលជាក្រុមហ៊ុននាវាដឹកប្រេងជាតិអ៊ីរ៉ង់ (NITC) បានបង្ហាញប្រហោង ២ នៅខាងលើបន្ទាត់ខ្សែទឹក នៅលើផ្នែកម្ខាងរបស់តួនាវានោះ ហើយពួកគេបានកំណត់កាលបរិច្ឆេទយ៉ាងច្បាស់លាស់កាលពីថ្ងៃអាទិត្យ។
ក្រុមហ៊ុន NITC បានថ្លែងថា ការវាយប្រហារដែលត្រូវគេចោទប្រកាន់នោះ បានកើតឡើងចម្ងាយ ១០០ គីឡូម៉ែត្រ ពីកំពង់ផែជីដដាហ៍របស់ប្រទេស អារ៉ាប៊ី សាអ៊ូឌីត កាលពីថ្ងៃសុក្រ។
ក្រុមហ៊ុនដដែលនោះបាន ថ្លែងទៀតថា ឧប្បត្តិហេតុនោះ បានបណ្តាលឲ្យប្រេងកំពប់ចេញពីនាវា ហើយបានហូរចូលទៅក្នុងសមុទ្រក្រហម នៅមុនពេលវាត្រូវបានគ្រប់គ្រងវិញទាំងស្រុង ហើយនាវានោះបានចាប់ផ្តើមរំកិលយ៉ាងយឺតត្រឡប់ទៅដែនទឹកក្នុងឈូងសមុទ្រវិញ៕ AFP/SK