ក្រុង​តេអេរ៉ង់៖ ​ប្រទេស ​អ៊ីរ៉ង់ ​កាល​ពី​ថ្ងៃ​ចន្ទ ​បាន​ប្រកាស​បដិសេធ​ថា ​វិធានការ​ណា​មួយ​របស់​ប្រទេស ​តួកគី​ដើម្បី​បង្កើត​មូលដ្ឋាន​យោធា​ជា​ច្រើន​កន្លែង​នៅ​ក្នុង​ទឹកដី​​ស៊ីរី ​«មិន​អាច​ទទួល​យក​បាន​​ជា​ដាច់​ខាត»​ ដោយ​និយាយ​ថា ​ដំណាក់​កាល​មួយ​បែប​នេះ​ នឹង​ប្រឈម​មុខ​ទៅ​នឹង​ការ​ប្រឆាំង​ពី​សាធារណរដ្ឋ​អ៊ិស្លាម​ និង​ប្រទេស​ផ្សេង​ទៀត​។​

ប្រធានាធិបតី​តួកគី​លោក​ រ៉េសិប​ តៃ​យីប​ អេរដូ​ហ្គែន ​បាន​ថ្លែង​កាល​ពី​ថ្ងៃ​សុក្រ​ថា​ ប្រទេស ​តួកគី ​នឹង​បង្កើត​ប៉ុស្តិ៍​ត្រួត​ពិនិត្យ ​១២ ​កន្លែង ​នៅ​ក្នុង​ទឹក​ដី​ប្រទេស ​ស៊ី​រី​ ខណៈ​លោក​បាន​ព្រមាន​ថា​ ក្រុង​អង់ការ៉ា​នឹង​ចាប់​ផ្តើម​ធ្វើ​ប្រតិបត្តិការ​ឡើង​វិញ ​ប្រឆាំង​កង​កម្លាំង​ឃើដ​នៅ​តាម​ព្រំ​ដែន​នោះ​។​

អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​អ៊ីរ៉ង់​លោក ​អាប់​បាស់-ម៉ូសាវី ​បាន​រិះគន់​វិធានការ​ផែនការ​នៅ​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​មួយ​នៅ​ឯ​សន្និសីទ​សារព័ត៌មាន​មួយ​នោះ​។​

លោក​ ម៉ូ​សាវី​ បាន​ថ្លែង​នៅ​ក្នុង​សុន្ទរកថា ​ដែល​បាន​ចាក់​ផ្សាយ​នៅ​ក្នុង​ទូរទស្សន៍​រដ្ឋ​ថា៖ ​«​ប្រទេស ​តួកគី ​អាច​មាន​មូលដ្ឋាន​ណា​មួយ ​ហើយ​អាច​ធ្វើ​រឿង​អ្វី​មួយ​នៅ​លើ​ទឹកដី​ខ្លួន​ឯង​ និង​នៅ​ក្នុង​ទឹក​ដី​ព្រំ​ដែន​របស់​ពួក​គេ​ ប៉ុន្តែ​ប្រសិន​បើ​អ្នក​ចង់​មាន​ន័យ​ថា​ ដោយ​ចង់​បង្កើត​មូលដ្ឋាន​យោធា​តួកគី​នៅ​ក្នុង​ទឹក​ដី​ស៊ីរី​នោះ​ នេះ​ជា​រឿង​មួយ​ដែល​មិន​អាច​ទទួល​យក​បាន​ជា​ដាច់​ខាត​»​។​

លោក​បាន​ថ្លែង​ថា​ ដំណាក់​កាល​មួយ​បែប​នេះ​ នឹង​ត្រូវ​បាន​មើល​ឃើញ​ដោយ​អ៊ីរ៉ង់​ថា​ ជា​«ការ​ឈ្លាន​ពាន​ប្រឆាំង​អធិបតេយ្យ​ ​បូរណភាព​ទឹក​ដី​ស៊ីរី​ជា​ប្រទេស​​ឯករាជ្យ​៕ AFP/SK​