ក្រុងម៉ូស្គូ៖ យោង​តាម​រដ្ឋមន្ត្រី​ក្រុង​តេអេរ៉ង់​ម្នាក់​ ដែល​បាន​ចំអក​ឡកឡាយ​ឲ្យ​ប្រធានាធិបតី​អាមេរិក​ ជាមួយ​រូប​ថត​នៃ​ឧបករណ៍ ​«មិន​មាន​ការ​ខូច​ខាត» ​នោះ​ បាន​​ឲ្យ​ដឹង​ថា ​ផ្កាយ​រណប​មួយ​របស់​អ៊ីរ៉ង់ ដែល​បាន​ជាប់​ទាក់ទង​នៅ​ក្នុង​ការ​បាញ់​សាកល្បង​មិន​ទទួល​បាន​ជោគជ័យ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ​នៅ​ក្នុង​សប្តាហ៍​នេះ​ បាន​រួច​ផុត​ជីវិត​ពី​ការ​ផ្ទុះ​នៅ​លើ​ជើង​ទម្រ​បាញ់។​

លោក​រដ្ឋមន្ត្រី​ ម៉ូហាម៉ាដ​ ចាវ៉ាដ​ អាហ្សារីចាហ៍រូមី​ ​បាន​សរសេរ​នៅ​លើ​គេហទំព័រ​ធ្វីធើរ​​ថា៖ ​«​ខ្ញុំ​ និង​ប្រព័ន្ធ​ផ្កាយ​រណប​ Nahid 1​​ មិន​មាន​បញ្ហា​អី​ទេ​អរុណ​សួស្តី​ ​លោក ​ដូណាល់​ ត្រាំ» ដោយ​បាន​បង្ហាញ​រូប​លោក​​​ជាមួយ​​នឹង​​ Nahid 1​ ជា​ផ្កាយ​រណប​ទំនាក់ទំនង​​​ដើរ​ដោយ​​ថាមពល​ព្រះអាទិត្យ​​ ​ដែល​គ្រោង​បង្ហោះ​ចូល​ទៅ​លំហ​អាកាស​នៅ​ថ្ងៃ​ព្រហស្បតិ៍​ខាង​មុខ​នេះ។ ​

ប៉ុន្តែ​បេសកកម្ម​នោះ ​បាន​បរាជ័យ ​នៅ​មុន​ពេល​​ចាប់​ផ្តើម​សាកល្បង បើ​តាម​ការ​រាយការណ៍ ​គ្រាប់​រ៉ុក្កែត ​Safir-1B ​​បាន​ផ្ទុះ​នៅ​លើ​ទម្រ​បាញ់​តេស្ត​នោះ​តែ​ម្តង​។ ​រូបភាព​ផ្កាយ​រណប​តាម​​ទូរទស្សន៍​ ដែល​បាន​ចេញ​ផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ ​ក៏​បាន​បង្ហាញ​ការ​ផ្ទុះ​នោះ​ដែរ​ ដោយ​បាន​បង្ហាញ​ឲ្យ​ឃើញ​ផ្សែង​ខ្មៅ​ក្រាស់​ឃ្មឹក​​ហុយ​ចេញ​ពី​កន្លែង​បាញ់​តេស្ត​នោះ​។​

គេហទំព័រ​ធ្វីធើរ​របស់​រដ្ឋមន្ត្រី​រូប​នោះ​ បាន​បង្ហាញ​​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សុន្ទរក​ថា​របស់​លោក ដូណាល់ ត្រាំ​ ដែល​បាន​បដិសេធ​ថា អាមេរិក​មិន​​ជាប់​ទាក់ទង​នៅ​ក្នុង​ឧប្បត្តិហេតុ​នោះ ដោយ​លោក​បន់ស្រន់​​ឲ្យ​ក្រុង​តេអេរ៉ង់​ជួប​សំណាង​ល្អ​ចំពោះ​អ្វី​​ដែល​បាន​កើត​ឡើង​៕ RT/SK