ក្រុង​តេអេរ៉ង់៖ ​ប្រទេស ​អ៊ីរ៉ង់ ​បាន​ផ្តល់​សញ្ញា​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ ខ្លួន​មាន​បំណង​ចង់​បន្ធូរបន្ថយ​ភាព​តានតឹង​ ក្រោយ​ពី​​បាន​ឡើង​កម្តៅ​យ៉ាង​ខ្លាំង​រយៈពេល ​១០ ​ថ្ងៃ ​ជាមួយ​អាមេរិក​​ នៅ​អំឡុង​ពេល​ដែល​ភាគី​ទាំង ​២ ​បាន​បាញ់​មីស៊ីល​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​គាប់​ជួន​ក្រុង​តេអេរ៉ង់ ​បាន​បាញ់​ទម្លាក់​យន្តហោះ​ដឹក​អ្នក​ដំណើរ​របស់​អ៊ុយក្រែន ​១ ​គ្រឿង ​ដោយ​ចៃដន្យ​នោះ​។​

សន្តិសុខ​ត្រូវ​បាន​រឹត​បន្តឹង​នៅ​ក្នុង​រដ្ឋធានី​តេអេរ៉ង់​ក្រោយ​ពី​​​ពិធី​បុណ្យ​តាម​បែប​សាសនា​កាល​ពី​យប់​ថ្ងៃ​អាទិត្យ ​សម្រាប់​គោរព​វិញ្ញាណក្ខន្ធ​ក្រុម​អ្នក​ដែល​បាន​ស្លាប់ ​នៅ​ក្នុង​គ្រោះ​មហន្តរាយ​ធ្លាក់​យន្តហោះ​បាន​ក្លាយ​ទៅ​ជា​ការ​តវ៉ា​ហិង្សា​មួយ ​ហើយ​ប៉ូលិស​បាន​ចាប់​ខ្លួន​ឯកអគ្គ​រដ្ឋទូត​អង់គ្លេស​ជា​បណ្តោះ​អាសន្ន​ ដោយសារ​មាន​វត្តមាន​នៅ​ទីនោះ​។​

ប្រធានាធិបតី​អាមេរិក​លោក ដូណាល់​ ត្រាំ​ បាន​ព្រមាន​អ៊ីរ៉ង់​ប្រឆាំង​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ទៅ​លើ​ក្រុម​បាតុករ ​និង​ប្រឆាំង​អំពី​ការ​បង្ក្រាប​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ម្តង​ហើយ​ម្តង​ទៀត​ ទៅ​លើ​ក្រុម​អ្នក​ប្រមូល​ផ្តុំ​កាល​ពី​ខែ​វិច្ឆិកា ​ដែល​បាន​បង្ក​ឡើង​ដោយសារ​ការ​ដំឡើង​ថ្លៃ​ប្រេង​ខ្ពស់​នៅ​​អ៊ីរ៉ង់។​

បាតុ​​ករ​​អុី​រ៉់ង់​ កាន់បដា​បង្ហាញរូប​ថត​លោក​ ហ្គាសុីម​ សូ​ឡេម៉ានី​ នៅ​​មុខស្ថានទូត​អង់​គ្លេស។ AFP

លោក ​ត្រាំ ​បាន​ថ្លែង​នៅ​លើ​គេហទំព័រ​ធ្វីធើរ​ នៅ​ក្នុង​ការ​លេង​ស្ទីល​សរសេរ​អក្សរ​ធំ​ទាំង​អស់​ដ៏​កម្រ​របស់​លោក​ថា​៖ ​«ជូន​ចំពោះ​​ក្រុម​មេ​ដឹកនាំ​អ៊ីរ៉ង់​ ហាម​សម្លាប់​ក្រុម​អ្នក​តវ៉ា​របស់​អ្នក​ជា​ដាច់​ខាត​»​។​

ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ​ ក៏​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​លោក​ ម៉ាក ​អេស្ពឺរ​ បាន​ថ្លែង​ថា​ លោក ​ត្រាំ ​នៅ​តែ​មាន​ឆន្ទះ​ «​ចង់​អង្គុយ​នៅ​លើ​តុ​ចរចា​ហើយ​ពិភាក្សា​ដោយ​គ្មាន​ការ​ដាក់​លក្ខខណ្ឌ​មធ្យោបាយ​ថ្មី​បន្ត​ទៀត​» ​ជាមួយ​អ៊ីរ៉ង់​​ទោះបី​ជា​ក្រុង​តេអេរ៉ង់​បាន​បដិសេធ​យ៉ាង​ខ្លាំង​មិន​ព្រម​ចរចា​ជាមួយ​ក្រុង​វ៉ាស៊ីនតោន​ រហូត​ដល់​ខ្លួន​ត្រូវ​បាន​ដក​ទណ្ឌកម្ម​​ជា​មុន​។​

ក្រុង​តេអេរ៉ង់​បាន​ថ្លែង​ថា​ ខ្លួន​មាន​បំណង​ចង់​បន្ធូរ​បន្ថយ​ភាព​តានតឹង​ ក្រោយ​ពី​ក្រុង​វ៉ាស៊ីនតោន​ជា​គូ​សត្រូវ​ដ៏​ធំ​របស់​ខ្លួន​ កាល​ពី​ថ្ងៃទី ​៣​ ខែ​មករា ​បាន​សម្លាប់​ឧត្តម​សេនីយ៍​កំពូល​ ជា​ប្រមុខ​កងកម្លាំង​ការពារ​បដិវត្តន៍​អ៊ីរ៉ង់​លោក ​ហ្គាស៊ីម​ សូឡេម៉ានី​ នៅ​ក្នុង​ការ​វាយ​ប្រហារ​យាន​ដ្រូន​នៅ​ទីក្រុង​បាកដាដ​។​

លោក​ ប៉ុមប៉េអូ​ បាន​ថ្លែង​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ លោក​បាន ​«​ខឹង​យ៉ាង​ខ្លាំង​» ​ដោយសារ​ការ​វាយ​ប្រហារ​មីស៊ីល​ផ្សេង​ទៀត​ទៅ​លើ​មូលដ្ឋាន​ទ័ព​អ៊ីរ៉ាក់ ​១ ​កន្លែង​៕ AFP/SK