ក្រុងគីរីយ៉ាត​ហ្សាម៉ូណា៖​ អ៊ីស្រាអែល​ និង​ក្រុម​ហេបូឡាហ៍​ បាន​បាញ់​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​តាម​បណ្តោយ​ព្រំដែន ប្រទេស ​លីបង់ ​កាល​ពី​ថ្ងៃ​អាទិត្យ​ ក្រោយ​ពី​មាន​ភាព​តានតឹង​កើន​ឡើង​រយៈពេល​​ ១​ សប្តាហ៍ ​ដោយ​បង្ក​ឲ្យ​មាន​ការ​ភ័យ​ខ្លាច​​កាន់​តែ​ខ្លាំង​ឡើង​ និង​មាន​ការ​ព្រួយ​បារម្ភ​ពី​ក្រុម​ប្រទេស​មហា​អំណាច​ពិភព​លោក​ផង​ដែរ​​។​

អ៊ីស្រាអែល​បាន​ថ្លែង​ថា ​ខ្លួន​បាន​ឆ្លើយ​តប​វិញ​ជាមួយ​នឹង​ការ​បាញ់​ផ្លោង​កាំភ្លើង​ធំ​ប្រហែល ​១០០ ​គ្រាប់​ ក្រោយ​ពី​ក្រុម​ហេបូឡាហ៍​ បាន​បាញ់​មីស៊ីល​ប្រឆាំង​រថក្រោះ ​២-៣ ​គ្រាប់ ​ទៅ​លើ​ទី​បញ្ជាការ​កង​វរសេនា​តូច​​ និង​ឃ្លាំង​​ទុក​រថយន្ត​សង្គ្រោះ​បន្ទាន់​របស់​យោធា​មួយ​កន្លែង​ ដោយ​បាន​បណ្តាល​ឲ្យ​ទី​បញ្ជាការ​ទាំង ​២ កន្លែង​ ​រង​ការ​វាយ​ប្រហារ​ដោយ​មីស៊ីល​របស់​ក្រុម​ហេបូឡាហ៍​នោះ ។​

ក្រុម​មន្ត្រី​អ៊ីស្រាអែល ​បាន​ឆ្លើយ​​បដិសេធ​ចំពោះ​ការ​អះអាង​របស់​ចលនា​គាំទ្រ​ដោយ​អ៊ីរ៉ង់​ថា​ ខ្លួន​បាន​សម្លាប់​ និង​ធ្វើ​ឲ្យ​​ទាហាន​ជិះ​​ក្នុង​​រថយន្ត​យោធា​រង​របួស​​ ដោយ​បាន​ថ្លែង​ថា​ គ្មាន​អ្នក​ស្លាប់​ និង​រង​របួស​​ទេ​។​

នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក​ បេន​ចាមីន​ នេតានីយ៉ាហ៊ូ​ បាន​ថ្លែង​ថា៖ ​«​យើង​កំពុង​ពិភាក្សា​គ្នា​អំពី​ជំហាន​បន្ទាប់​ទៀត​​»​។​

«​ខ្ញុំ​បាន​បញ្ជា​ថា​ យើង​ត្រូវ​រៀបចំ​ដើម្បី​ឆ្លើយតប​ចំពោះ​ការ​វាយ​ប្រហារ​ណា​មួយ​មក​លើ​ពួក​យើង»​។​

UN​ អំពាវនាវ​ឲ្យ​​អត់ធ្មត់​ហើយ​បារាំង​​ថ្លែង​ថា ​ខ្លួន​បាន ​«ទាក់ទង​ពួក​គេ​ជា​ច្រើន​លើក» ​ដើម្បី​បញ្ចៀស​​ជម្លោះ​​៕ AFP