ក្រុង​ហ៊្សេរុយ​សាឡិមៈ ​លោក​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​ បេនចាមីន​ នេតានីយ៉ាហ៊ូ​ បាន​ថ្លែង​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ ប្រទេស​របស់​លោក​នឹង​ធ្វើ ​«​អ្វីៗ​គ្រប់​យ៉ាង​»​ ដើម្បី​ទប់ស្កាត់​អ៊ីរ៉ង់​​ដែល​ជា​សត្រូវ​ស្លាប់​រស់​ ​មិន​ឲ្យ​ទទួល​បាន​អាវុធ​នុយក្លេអ៊ែរ​នៅ​អំឡុង​ពេល​ធ្វើ​ដំណើរ​ទស្សនកិច្ច​របស់​មន្ត្រី​សន្តិសុខ​រុស្ស៊ី​ជាន់​ខ្ពស់​មួយ​រូប​។​

លោក​ នេតានីយ៉ាហ៊ូ​ បាន​ថ្លែង​ថា​៖ «​ប្រទេស ​អ៊ីស្រាអែល​ នឹង​មិន​អនុញ្ញាត​ឲ្យ​អ៊ីរ៉ង់​ ដែល​បាន​អំពាវនាវ​ឲ្យ​បំផ្លាញ​ប្រទេស​យើង​ ប្រសិន​បើ​អ៊ីរ៉ង់​រំលោភ​ចូល​ព្រំដែន​របស់​យើង​មែន​នោះ​ យើង​នឹង​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង ​ដើម្បី​ទប់ទល់​អ៊ីរ៉ង់​មិន​ឲ្យ​សម្រេច​គោលដៅ នៃ​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​ទេ​»​។​

លោក ​ថ្លែង​ជាមួយ​​លោក​ Nikolai Patrushev ​​ប្រមុខ​នៃ​​ក្រុមប្រឹក្សា​សន្តិសុខ​ដ៏​មាន​ឥទ្ធិពល​របស់​ក្រុង​ម៉ូស្គូ​ ដែល​បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​បន្ទាប់​ពី​មាន​ភាព​តានតឹង​កាន់​តែ​ខ្លាំង​ឡើង​បាន​តែ​ប៉ុន្មាន​សប្តាហ៍​ រវាង​ក្រុង​តេអេរ៉ង់​ និង​ក្រុង​វ៉ាស៊ីនតោន​នៅ​ក្នុង​ឈូង​សមុទ្រ​នោះ​។​

អ៊ីស្រាអែល​ បាន​បើក​ការ​វាយ​ប្រហារ​ជា​ច្រើន​លើក​ម្តង​ហើយ​ម្តង​ទៀត​ ដើម្បី​រារាំង​កង​កម្លាំង​អ៊ីរ៉ង់​មិន​ឲ្យ​ចូល​មក​បង្កប់​នៅ​ក្នុង​​ប្រទេស ​ស៊ីរី ​ក្បែរ​ខាង​ជា​ទី​ដែល​អ៊ីរ៉ង់​ និង​ក្រុង​ម៉ូស្គូ​គាំទ្រ​​រដ្ឋាភិបាល​លោក​ប្រធានាធិបតី បាសារ​-អាល់​-អាសាដ​​។​

រដ្ឋាភិបាល​អ៊ីស្រាអែល​បាន​ប្តេជ្ញា ថា​ នឹង​មិន​អនុញ្ញាត​ឲ្យ​ប្រទេស ​អ៊ីរ៉ង់ ​​ផលិត​​អាវុធ​នុយក្លេអ៊ែរ​តទៅ​ទៀត​នោះ​ទេ ដោយ​បាន​ជឿជាក់​ថា អ៊ីស្រាអែល​នឹង​ត្រូវ​យក​ប្រទេស ​អ៊ីរ៉ង់ ​ជា​គោលដៅ​។​

អ៊ីរ៉ង់​បាន​បញ្ជាក់​ថា កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​ គឺ​ប្រើប្រាស់​សម្រាប់​​គោល​បំណង​ស៊ីវិល​។​

លោក ​បេនចាមីន​ នេតានីយ៉ាហ៊ូ ​បាន​ធ្វើ​យុទ្ធនាការ​យ៉ាងយូរ​ប្រឆាំង​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​​ឆ្នាំ ​២០១៥ ​រវាង​អ៊ីរ៉ង់​ និង​បណ្តា​ប្រទេស​មហា​អំណាច​ពិភព​លោក​ដែល​រដ្ឋការ​របស់​លោក ​ដូណាល់​ ត្រាំ​ បាន​ដក​ខ្លួន​​ចេញ​ពី​កិច្ច​ព្រមព្រៀង​ជា​ឯកតោ​ភាគី​កាល​ពី​ឆ្នាំ ​២០១៨​។​

លោក​ប្រមុខ​ក្រុមប្រឹក្សា​សន្តិសុខ​ Nikolai Patrushev ​មិន​បាន​ថ្លែង​លើក​ឡើង​អំពី​សាធារណរដ្ឋ​អ៊ិស្លាម ​ដោយ​ត្រង់ៗ​នៅ​ក្នុង​ការ​ធ្វើ​អត្ថាធិប្បាយ​របស់​លោក​ទៅ​កាន់​សារព័ត៌មាន​នោះ​ទេ​។​

លោក​ បាន​ថ្លែង​ថា​៖ ​«​យើង​​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​សន្តិសុខ​របស់​អ៊ីស្រាអែល​»​៕ AFP/SK