ក្រុង​ហ្ស៊េ​រុយ​សា​ឡិ​មៈ កងទ័ព​អ៊ី​ស្រា​អែល បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​អង្គារ​ថា ខ្លួន​បាន​រក​ឃើញ​បណ្តាញ​ផ្លូវ​រូង​ក្រោម​ដី​របស់​ក្រុម​ឧទ្ទាម​ហេស​បូឡាហ៍ (Hezbollah) ដែល​លួច​ចូល​ដែនដី​របស់​ខ្លួន​ពី​លីបង់ ហើយ​បាន​បើក​ប្រតិបត្តិការ​មួយ ដើម្បី​កម្ទេច​ផ្លូវ​រូង​ក្រោម​ដី​ទាំង​នោះ ជា​វិធានការ​មួយ ទំនង​ជា​បង្ក​ឲ្យ​មាន​ភាព​តាន​តឹង​កាន់​តែ​ខ្លាំង​ឡើង​ជាមួយ​នឹង​ក្រុម​គាំទ្រ​ដោយ​អ៊ីរ៉ង់។

សេចក្តីប្រកាស​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ បាន​កើតឡើង​ប៉ុន្មាន​ម៉ោង ក្រោយពី​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល លោក បេនចាមីន នេ​តានី​យ៉ាហ៊ូ បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស លោក ម៉ៃក៍ ប៉ុមប៉េអូ នៅ​ក្រុង​ប្រ៊ុចសែល អំពី​គ្រោះ​ថ្នាក់​នានា​នៅ​ក្នុង​តំបន់ ដែល​ភាគី​ទាំង ២ បាន​កំពុង​តែ​ព្រមាន​គ្នា​ម្តង​ហើយ​ម្តង​ទៀត​អំពី​រាល់​សកម្មភាព​របស់​អ៊ីរ៉ង់ ដែល​ជា​សត្រូវ​ដ៏​ធំ​របស់​អ៊ីស្រាអែល​នោះ។

លោ​កនេ​តានី​យ៉ា​ហ៊ូ បាន​ថ្លែងថា លោក​បាន​ពិភាក្សា​អំពី​ប្រតិបត្តិការ​ជាមួយ លោក​ប៉ុម ប៉េអូ ហើយ​បាន​ហៅ​ការ​ជីក​រូង​ក្រោម​ដី​នោះ​ថា​ជា​ការ​រំលោភ បំពាន​សេចក្តី​សម្រេច​របស់​អង្គការ​សហ​ប្រជាជាតិ​ដែល​បាន​ឲ្យ​បញ្ចប់​សង្គ្រាម​នៅ​ឆ្នាំ ២០០៦ រវាង​អ៊ីស្រាអែល និង​ក្រុម​ហេស​បូឡាហ៍។

ក្រោយមក នៅក្នុង​សុន្ទរកថា​ដែល​ត្រូវបាន​ចាក់ផ្សាយ​តាម ទូរទស្សន៍​នោះ មេ​ដឹកនាំ​អ៊ីស្រាអែល បាន​ប្រកាស​អ្វី​ដែល​លោក​បាន​ហៅថា អ៊ីរ៉ង់ ចូលរួម​ក្នុង​ការ​កសាង​សង់​ផ្លូវ​រូង​ក្រោម​ដី​នោះ។

លោក​បាន​ថ្លែងថា៖ «យើង​កំពុងតែ​ចាត់វិធានការ ដោយ​បេ្ត​ជ្ញា​ទប់ស្កាត់​អ៊ីរ៉ង់​មិន​ឲ្យ​ចាក់​ឫស​នៅ​ក្នុង​ប្រទេស​ស៊ីរី យើង​កំពុង​តែ​ចាត់​វិធានការ​ប្រឆាំង​សកម្មភាព​ភេរវករ​របស់​អ៊ីរ៉ង់​នៅ​ប្រទេស​លីបង់»។

លោ​កនេ​តានី​យ៉ា​ហ៊ូ បាន​ថ្លែងថា លោក​នឹង​ពិភាក្សា​បញ្ហា​នោះ​ជាមួយ​មេដឹកនាំ​ពិភពលោក​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ ហើយ​និយាយ​ថា​លោក​កំពុង​ស្វែងរក​ជំនួប​បន្ទាន់​មួយ​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប.៕