ក្រុង​ដាម៉ាសៈ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​រាយការណ៍​ថា​ អ៊ីស្រាអែល​បាន​បើក​ការ​វាយ​ប្រហារ​នៅ​ជុំ​ទី​២ ​ប្រឆាំង​ស៊ីរី​នៅ​ក្នុង​រយៈពេល​ ២៤​ ម៉ោង ​កាល​ពី​ថ្ងៃ​អាទិត្យ​ ខណៈ​ដែល​ប្រធានាធិបតី​អាមេរិក​ លោក​ ដូណាល់​ ត្រាំ​ បាន​អំពាវនាវ​ឲ្យ​រុស្ស៊ី ​និង​អ៊ីរ៉ង់ ​«​បញ្ឈប់​ការ​វាយ​ប្រហារ​ដ៏​អាក្រក់​» ​នៅ​ក្នុង​ប្រទេស​ហែកហួរ​​ដោយ​សង្គ្រាម​មួយ​នេះ​។​

តាម​សេចក្តី​រាយការណ៍ ​ប្រទេស​ ស៊ីរី​ បាន​ចោទ​ប្រកាន់​អ៊ីស្រាអែល​ពី​បទ​យក​ទីតាំង​មូលដ្ឋាន​ទ័ព​អាកាស​មួយ​នៅ​ក្នុង​ខេត្ត​ហូម​ជា​គោលដៅ​វាយ​ប្រហារ ​ដែល​បណ្តាល​ឲ្យ​​មនុស្ស ​៥ នាក់ ​ស្លាប់​ទើប​តែ​បាន​ប៉ុន្មាន​ម៉ោង ​ក្រោយ​ពី​ធ្វើ​ការ​វាយ​បក​ទៅ​លើ​បន្ទាយ​យោធា ​និង​ចារកម្ម​នៅ​ក្រុង​ដាម៉ាស​ភាគ​ខាង​ត្បូង​ ដោយ​បាន​បង្ក​ឲ្យ​មនុស្ស ​១០​ នាក់​ស្លាប់​។​

ប្រភព​យោធា​មួយ​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​ SANA ​របស់​រដ្ឋ​កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ​ថា​៖ «​ទ័ព​ការពារ​អាកាស​របស់​យើង ​បាន​រារាំង​មិន​ឲ្យ​អ៊ីស្រាអែល​ឈ្លាន​ពាន ​ហើយ​បាន​បំផ្លាញ​រ៉ុក្កែត ​២ ​គ្រាប់ ​ដែល​បាន​​យក​មូលដ្ឋាន​ទ័ព​អាកាស​ T-4 ​ជា​គោលដៅ​វាយ​ប្រហារ​»​។​

ប្រភព​នោះ​បាន​បន្ថែម​ថា ​គ្រាប់​រ៉ុក្កែត​ផ្សេង​ទៀត ​​«​បាន​បណ្តាល​ឲ្យ​​ទាហាន​ម្នាក់​ស្លាប់ និង ​២ ​នាក់ ​ផ្សេង​​ទៀត​រង​របួស​ ហើយ​ឃ្លាំង​ផ្ទុក​អាវុធ​បាន​រង​ការ​ខូចខាត​ទាំង​ស្រុង​»​ ។​

ក្រុម​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ស៊ីរី​មាន​មូលដ្ឋាន​នៅ​អង់គ្លេស​បាន​រាយការណ៍​​ថា​ មនុស្ស​ ៥​ នាក់​ បាន​ស្លាប់​ នៅ​ក្នុង​នោះ​ មាន​ទាហាន​ស៊ីរី​ម្នាក់​ដោយ​បាន​បន្ថែម​ថា​ ឃ្លាំង​ផ្ទុក​អាវុធ​ត្រូវ​បាន​បំផ្លាញ​ទាំង​ស្រុង​ ដោយ​គ្រាប់​រ៉ុក្កែត​របស់​អ៊ីស្រាអែល​។​

ក្រុម​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នោះ​បាន​​និយាយ​ថា​ មាន​កង​កម្លាំង​របស់​របប​ស៊ីរី​ យុទ្ធជន​អ៊ីរ៉ង់ ​និង​ក្រុម​កង​កម្លាំង​ក្រុម​ឧទ្ទាម​ហេបូឡាហ៍ ក៏​បាន​ឈរ​ជើង​នៅ​មូលដ្ឋាន​ទ័ព​អាកាស​នោះ​ផង​​ដែរ៕ AFP/SK