ក្រុងហៃហ្វា: អ្នករាយការណ៍ AFP ម្នាក់​បានឲ្យ​​ដឹង​ថា ក្រុម​អ៊ីស្រាអែល​អារ៉ាប់​រាប់រយ​នាក់ បាន​នាំគ្នា​ធ្វើ​បាតុកម្ម​កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍​នៅ​ក្នុង​ក្រុង​ហៃហ្វា ដោយ​រួម​សាមគ្គី​ជាមួយ​តំបន់​ហ្គាហ្សា ជាទី​ដែល​ក្រុម​ជន​ប៉ាឡេស្ទីន​ជាង ៦០ នាក់ បាន​ស្លាប់​ពី​ការ​បាញ់​ប្រហារ​ដោយ​អ៊ីស្រាអែល​អំឡុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ។

ក្រុម​អ្នកប្រឆាំង​តវ៉ា បាននាំគ្នា​ស្រែកថា «ឈប់​ធ្វើការ​ត្រួតត្រា បញ្ឈប់​លទ្ធិ​ហ្វា​ស៊ីស​និយម» និង​បាន​ថ្កោល​ទោស​ចំពោះ​ការ​ចាប់​ខ្លួន​ក្រុម​មនុស្ស ១៩ នាក់​កាល​ពី​ថ្ងៃ​សុក្រ​នៅ​ក្នុង​ក្រុង​ភាគ​ខាងជើង អំឡុង​ការ​ជួប​ជុំ​លើក​មុនៗ ធ្វើ​ឡើង ដោយ​ការ​សាមគ្គី​ជាមួយ​ក្រុម​ពលរដ្ឋ​ក្នុង​តំបន់​ហ្គាហ្សា។

ពួកគេ បាន​គ្រវី​អក្សរធំៗ ៤ តួ ពណ៌​ក្រហម​ស្រាល ដែល​បង្កើតបាន​ជា​ពាក្យ​ថា «Gaza» និង​បាន​ស្រែក​ពាក្យ​ស្លោក​ជាច្រើន​រួម​ទាំង «ក្រុម​ជ្វីហ្វ​និង​ក្រុម​អារ៉ាប់ ពួក​យើង​មិន​មែន​ជា​សត្រូវ​នឹង​គ្នា​ទេ»។

ក្រុម​ជន​ប៉ា​ឡេ​ស្ទីន​សរុប ៦២ នាក់​ត្រូវបាន​សម្លាប់ ដោយ​ការបាញ់ប្រហារ​ដោយ​កងកម្លាំង​ក្រុម​អ៊ីស្រាអែល កាល​ពី​ថ្ងៃ​ចន្ទ ខណៈ​ក្រុម​ពលរដ្ឋ​ប៉ាឡេស្ទីន​រាប់​ពាន់​នាក់ បាន​នាំគ្នា​ធ្វើការ​ប្រឆាំង​តវ៉ា ខណៈ​ក្រុម​មន្ត្រី​អាមេរិក បាន​ផ្លាស់ប្តូរ​ទីតាំង​ស្ថានទូត​របស់​ខ្លួន​ពី​ក្រុង​តែល អាវីវ ទៅ​កាន់​ទីក្រុង​ហ្ស៊េរុយសាឡិម បន្ទាប់​ពី​បាន​ទទួល​ស្គាល់​ក្រុង​នេះ ប្រកប​ដោយ​ភាព​ចម្រូង​ចម្រាស ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល​រួច​មក​នោះ។

យោងតាម​ក្រុម​អាជ្ញាធរ​នៅក្នុង​តំបន់​ហ្គា​ហ្សា ដែល​គ្រប់គ្រង​ដោយ​ចលនា​អ៊ិ​ស្លាម​និយម ហា​ម៉ាស បាន​ឲ្យ​ដឹងថា ពួកគេ ស្ថិត​នៅ​ក្នុង​ចំណោម​ក្រុម​ជន​ប៉ាឡេស្ទីន ១១៩ នាក់ ដែល​ត្រូវ​បាន​ក្រុម​ទាហាន​អ៊ីស្រាអែល​សម្លាប់ នៅ​តាម​បណ្តោយ​ព្រំដែន​ចន្លោះ​តំបន់​ហ្គាហ្សា និង​រដ្ឋ​ជ្វីហ្វ ចាប់​តាំង​ពី​បាតុកម្ម​ដ៏​ធំ​មួយ បាន​ផ្ទុះ​ឡើង​នៅ​ថ្ងៃទី ៣០ ខែ​មីនា។

យោធា​អ៊ីស្រាអែល បាន​ទទូច​ឡើង​ថា សកម្មភាព​របស់ខ្លួន​មាន​ភាព​ចាំបាច់​ក្នុងការ​ការពារ​ព្រំដែន និង​ទប់ស្កាត់​ការ​លួច​ឆ្លងដែន​ទាំង​ហ្វូង។

ក្រុម​យោធា​ន​បាន​ចោទប្រកាន់​ក្រុម​ហា​ម៉ាស ពី​ការប្រើប្រាស់​បាតុកម្ម​ដើម្បី​ចូលដល់​និង​បំផ្លាញ​របង​ព្រំដែន​រួមទាំង​ការ​ដាក់​គ្រឿង​ផ្ទុះ និង​ធ្វើការ​វាយ​ប្រហារ​ក្រុម​ទាហាន។

កាលពី​ថ្ងៃអាទិត្យ ប្រភពព័ត៌មាន​ពី​ប៉ា​ឡេ​ស្ទី​ន និង​អ៊ី​ស្រាអែល បាន​ឲ្យ​ដឹងថា អ្នកទោស​ប៉ា​ឡេ​ស្ទី​ន​ម្នាក់ បាន​ស្លាប់​ដោយសារ​ជំងឺ​គាំង​បេះដូង​ខណៈ​កំពុង​ស្ថិត​នៅ​ក្នុង​មន្ទីរ​ឃុំឃាំង​នៅ​ឡើយ​នោះ។

ក្លឹប​អ្នកទោស ប៉ា​ឡេ​ស្ទី​ន បាន​ឲ្យ​ដឹងថា បុរស​ឈ្មោះ Aziz Ewisat បាន​ជាប់​ពន្ធនាគារ ៣០ ឆ្នាំ ចាប់​តាំង​ពី​ឆ្នាំ ២០១៤ និង​មាន​ជំងឺ​គាំង​បេះដូង នា​ដើម​ខែ​នេះ៕