ក្រុង​យ៉ាំងហ្គោន៖ ​អ្នក​នាំពាក្យ​យោធា​ម្នាក់​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​​ថា​ ទាំង​យោធា​មីយ៉ាន់ម៉ា ​និង​រដ្ឋាភិបាល​ស៊ីវិល​របស់​ខ្លួន​គាំទ្រ​ការ​សម្រេច​ចិត្ត​របស់​ម្ចាស់​ជយលាភី​ពាន​រង្វាន់​ណូបែល​​សន្តិភាព​លោកស្រី​ អ៊ុងសាន​ ស៊ូជី​ ដើម្បី​ការពារ​ប្រទេស​របស់​លោកស្រី ​ប្រឆាំង​ការ​ចោទ​ប្រកាន់​ពី​បទ​​អំពើ​ប្រល័យ​ពូជ​សាសន៍​នៅ​តុលាការ​​ឡាអេ​​របស់​​អង្គការ​សហប្រជាជាតិ​។​

នៅ​ក្នុង​វិធានការ​​ដ៏​ភ្ញាក់​ផ្អើល​មួយ ​ការិយាល័យ​ទីប្រឹក្សា​រដ្ឋ​របស់​លោកស្រី​ អ៊ុងសាន​ ស៊ូជី​ បាន​ប្រកាស​កាល​ពី​ថ្ងៃ​ពុធ​ថា ​និមិត្ត​រូប​ប្រជាធិបតេយ្យ​ក្នុង​យុគ​សម័យ​មួយ ​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ ​(ICJ) ​នៅ​ទីក្រុង​ឡាអេ​ ដើម្បី​ដឹកនាំ​ក្រុម​ការពារ​ក្តី​នៅ​ទី​នោះ​។​

ប្រទេស​​អាហ្វ្រិ​ខាង​លិច គឺហ្គំប៊ី គ្រោង​បើក​សំណុំ​រឿង​ក្តី​របស់​ខ្លួន​នៅ​ឯ​តុលាការ​យុត្តិធម៌​អន្តរជាតិ​នៅ​ខែ​ធ្នូ​​ ក្នុង​​នាម​ឲ្យ​ប្រទស​​សមាជិក​ចំនួន ​៥៧ ​នៃ​អង្គការ​កិច្ច​សហ​ប្រតិបត្តិការ​អ៊ិស្លាម (OIC)​។​

ប្រទេស​មូស្លីម​ភាគ​ច្រើន ​បាន​ចោទ​ប្រកាន់​ប្រទេស ​មីយ៉ាន់ម៉ា ​ពី​បទ​រំលោភ​បំពាន​សន្ធិ​សញ្ញា​ស្តីពី​អំពើ​​ប្រល័យ​ពូជ​សាសន៍​ឆ្នាំ ​១៩៤៨​ តាមរយៈ​ការ​បង្ក្រាប​ដោយ​យោធា​យ៉ាង​បង្ហូរ​ឈាម​នៅ​ក្នុង​ឆ្នាំ ​២០១៧​ ប្រឆាំង​នឹង​​សហគមន៍​មូស្លីម​រ៉ូហ៊ីងយ៉ា​របស់​ខ្លួន​នៅ​ក្នុង​រដ្ឋ​រ៉ាក់ឃីន​។​

ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាធ្វើដំណើរជាមួយសម្ភាររបស់ពួកគេ ក្រោយពីឆ្លងទន្លេណាហ្វមកពីប្រទេស មីយ៉ាន់ម៉ា។ AFP

អ្នក​នាំពាក្យ​យោធា​លោក​ឧត្តម​សេនីយ៍​ត្រី​ ហ្សាមីន តុន ​បាន​ថ្លែង​ប្រាប់​ AFP​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​៖ «​យើង​កំពុង​ធ្វើ​កិច្ច​សហប្រតិបត្តិការ​នៅ​ក្នុង​រឿង​ក្តី​នេះ​ និង​ក្រុម​អ្នក​ជំនាញ​ផ្នែក​​ច្បាប់​របស់​យើង​កំពុង​ធ្វើ​ការ​ជាមួយ​គ្នា​»​ ដោយ​បាន​និយាយ​សំដៅ​ទៅ​លើ​ក្រុម​កងកម្លាំង​ប្រដាប់​អាវុធ​ និង​រដ្ឋាភិបាល​ស៊ីវិល​របស់​មីយ៉ាន់ម៉ា​។​

លោក​បាន​អះអាង​ថា ​លោកស្រី ​អ៊ុងសាន​ ស៊ូ​ជី​ នឹង​ជួប​ជាមួយ​ប្រមុខ​យោធា​ដ៏​មាន​ឥទ្ធិពល ​គឺ​លោក​ មីន​ អ៊ុង​ឡាំង ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ​ជាមួយ​អ្នក​ដែល​លោកស្រី​មាន​ចំណង​ទាក់ទង​យ៉ាង​ជិត​ស្និទ្ធ​នោះ​។​

ជន​រ៉ូហ៊ីងយ៉ា​ប្រហែល ​៧៤​ ម៉ឺន​នាក់ ​បាន​រត់​ភៀស​ខ្លួន​នៅ​តាម​ព្រំដែន​ចូល​ទៅ​ក្នុង​ជំរំ​ប្រទេស ​បង់ក្លាដែស​ ខណៈ​យោធា​បាន​បង្ក្រាប​នៅ​ទូទាំង​រដ្ឋ​រ៉ាក់ឃីន​ភាគ​ខាង​ជើង​។​

ស្រ្តីម្នាក់ដើរនៅក្នុងជំរំ Kyauktalone នៅក្នុងរដ្នរ៉ាក់ឃីនជាទីដែលក្រុមអ្នកស្រុកមូស្លីមជាច្រើនរស់នៅ។ AFP

ក្រុម​ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​បាន​និយាយ​ប្រាប់​អំពី​អំពើ​ឃាតកម្ម​កាន់​តែ​រីក​ធំ​ឡើង​មក​លើ​ពួក​គេ​ ដូច​ជា​ការ​ចាប់​រំលោភ​ និង​ការ​លួច​ដុត​ផ្ទះ​សំបែង​ជា​ដើម​ ​ជា​អំពើ​ហិង្សា​ដែល​ក្រុម​អ្នក​ស៊ើប​អង្កេត​របស់​អង្គការ​សហប្រជាជាតិ​ ​បាន​ហៅ​ថា​ជា​អំពើ​ប្រល័យ​ពូជ​សាសន៍​នៅ​មីយ៉ាន់ម៉ា​។​

ប្រទេស មីយ៉ាន់ម៉ា ​បាន​ថ្លែង​ថា​ ប្រតិបត្តិការ​នោះ​ត្រូវ​បាន​ធ្វើ​ឡើង​ ដើម្បី​កម្ទេច​ក្រុម​​ជន​សកម្ម​ប្រយុទ្ធ​រ៉ូហ៊ីងយ៉ា​ទាំង​នោះ​​ ហើយ​បាន​ទាមទារ​ឲ្យ​ក្រុម​គណៈកម្មាធិការ​របស់​ខ្លួន ​ស៊ើប​អង្កេត​ទៅ​លើ​ការ​ចោទ​ប្រកាន់​ពី​បទ​ការ​រំលោភ​សិទ្ធិ​មនុស្ស​។​

ក្រុម​អ្នក​រិះគន់​បាន​ថ្លែង​ថា​ ក្រុម​គណៈកម្មាធិការ​​នៅ​ក្នុង​ប្រទេស​បាន​ខិតខំ​ប្រឹងប្រែង​ជួយ​បិទ​បាំង​អំពើ​ឃោរឃៅ​របស់​ពួក​គេ​។​

សំណុំ​រឿង​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​នេះ នឹង​ជា​សំណុំ​រឿង​ដែល​មាន​កិច្ច​ប្រឹងប្រែង​តាម​ផ្លូវ​ច្បាប់​​អន្តរជាតិ​ដើម្បី​នាំ​យក​ក្រុម​មេ​ដឹក​មីយ៉ាន់ម៉ា​មក​កាត់​ទោស​ជុំវិញ​វិបត្តិ​រ៉ូហ៊ីងយ៉ា​នេះ​។​

អ្នក​​សង្កេត​ការណ៍​​នយោបាយ​លោក So Myint Aung បាន​ថ្លែង​ថា​​ លោក​មិន​គិត​ថា​លោកស្រី ​អ៊ុងសាន​ ស៊ូជី ​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ​​ក្រុង​ឡាអេ​តាម​ការ​បញ្ជា​របស់​យោធា​​មីយ៉ាន់ម៉ា​ទេ​៕ AFP/SK