ក្រុង​កៀវៈ ក្រុម​អាជ្ញាធរ​អ៊ុយក្រែន​កាលពី​ថ្ងៃ​ចន្ទ បាន​វាយ​ប្រហារ​ទៅ​លើ​ព្រះវិហារ​គ្រិស្ត​សាសនា ៣ កន្លែង ដែល​មាន​ទំនាក់​ទំនង​ជាមួយ​រុស្ស៊ី ខណៈ​ភាព​តាន​តឹង​ខាង​សាសនា និង​នយោបាយ​រវាង​ប្រទេស​ទាំង ២ កំពុង​កើន​ឡើង។

អ្នកនាំពាក្យ​ប៉ូលិស​ប្រចាំតំបន់ លោកស្រី AllaVashchenko បាន​ថ្លែងប្រាប់ AFP ថា ប៉ូលិស និង​សន្តិសុខ បាន​ឆែក​ឆេរ​គេហដ្ឋាន​របស់​ក្រុម​បព្វជិត ដែល​បាន​ប្រកាស​ភក្តីភាព​របស់​ពួកគេ​ចំពោះ​សាខា​របស់​ព្រះវិហារ​គ្រិស្ត​នៅ​រុស្ស៊ី។

ព្រះវិហារ​គ្រិស្តសាសនា Orthodox អ៊ុយ​ក្រែ​ន កាលពីពេលថ្មីៗ​នេះ ទទួលបាន​ឯករាជ​ភាព​ពី​ក្រុង​ម៉ូស្គូ​នៅ​ក្នុង​ការ​សម្រេច​ដ៏​មាន​ភាព​ចម្រូង​ចម្រាស ដែល​បាន​ធ្វើ​ឲ្យ​ក្រុង​កៀវ​សប្បាយ​ចិត្ត ប៉ុន្តែ​ផ្ទុះ​កំហឹង​នៅ​ក្រុង​ម៉ូស្គូ។

ប្រទេសជិតខាង​ទាំង ២ បាន​ប៉ះទង្គិច​គ្នា​កាលពី​ប៉ុន្មាន​ថ្ងៃថ្មីៗនេះ ក្រោយពី​រុស្ស៊ី បាន​រឹប​អូស​យក​នាវា​អ៊ុយក្រែន និង​ចាប់​ខ្លួន​ទាហាន​ជើង​ទឹក​ជាច្រើន​នាក់ នៅ​ក្នុង​ការ​ប្រឈម​មុខ​ដាក់​គ្នា​ខាង​យោធា​លើក​ដំបូង​របស់​ប្រទេស​ទាំង ២ ចាប់​តាំង​ពី​ដាក់​បញ្ចូល​តំបន់​គ្រីមា​ជា​ឧបសម្ព័ន្ធ​របស់​ក្រុង​ម៉ូស្គូ​នៅ​ឆ្នាំ ២០១៤ មក​នោះ។

អ្នកនាំពាក្យ​រូបនោះ បាន​ថ្លែង​ដោយ​មិន​មានការ​ផ្តល់ព័ត៌មាន​លម្អិត​ពី​ការ​ស៊ើប​អង្កេត​នោះ​ថា ការ​វាយ​ប្រហារ​ទៅ​លើ​ព្រះវិហារ​នៅ​អ៊ុយក្រែន​ភាគ​ខាង​ជើង ជា​ផ្នែក​នៃ​ការ​ស៊ើប​អង្កេត​ទៅ​លើ​លទ្ធភាព​រំលោភ​បំពាន​ច្បាប់​ស្តី​អំពី​ភាព​ស្មើ​គ្នា​ខាង​ជំនឿ​សាសនា។

លោកស្រី Vashchenko បាន​បន្ថែមទៀតថា៖ «គ្មាន​នរណាម្នាក់ ត្រូវបាន​ចាប់ខ្លួន​នោះ​ទេ»៕