ក្រុង​ប្រ៊ុចសែលៈ អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃ​អង្គារ បានស្នើ​ឲ្យ​អង្គការ​ណាតូ​ឆ្លើយ​តប​ជា​បន្ទាន់​មួយ​ចំពោះ​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី​នៅ​សមុទ្រ​ខ្មៅ ខណៈ​ក្រុម​សម្ព័ន្ធ​មិត្ត​មាន​ការ​ព្រួយបារម្ភ​ថា ភាព​តាន​តឹង​អាច​កើត​ឡើង​ថែម​ទៀត។

រដ្ឋមន្ត្រីការបរទេស​អ៊ុយក្រែ​ន​លោក PavloKlimkin បាន​ព្រលយ​ពាក្យ​ថា យ៉ាង​ហោច​ណាស់​ក៏មាន​សមាជិក​ណាតូ​មួយ​បាន​ត្រៀម​ខ្លួន​បង្កើន​វត្តមាន​របស់​ខ្លួន​នៅ​ក្នុង​សមុទ្រ​ខ្មៅ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​អំពាវនាវ​ពី​ក្រុង​កៀវ បន្ទាប់​ពី​រុស្ស៊ី បាន​រឹប​អូស​យក​នាវា និង​ចាប់​ឃុំ​ខ្លួន​ទាហាន​ជើង​ទឹក​នៅ​ដែន​ទឹក Kerch។

ជំនួប​រដ្ឋមន្ត្រីការបរទេស​ណា​តូ​នៅ​ក្រុង​ប្រ៊ុ​ច​សែ​ល បាន​ពិភាក្សា​អំពី​ភាពមិន​ចាញ់​មិន​ឈ្នះ​នៅ​សមុទ្រ​ខ្មៅ Azov ប៉ុន្តែ​មិន​បាន​ឯកភាព​ចំពោះ​វិធាន​ការ​ថ្មី​ណាមួយ ដើម្បី​ជួយ​ប្រទេស​អ៊ុយក្រែន​ទេ។

លោក Klimkin បាន​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា៖ «អ្វីដែល​សំខាន់​នោះ គឺថា​ត្រូវ​ឆ្លើយ​តប​ជា​បន្ទាន់​ចំពោះ​ទង្វើ​ឈ្លាន​ពាន​របស់​រុស្ស៊ី ហើយ​រុស្ស៊ី បាន​រំលោភ​បំពាន​សន្តិសុខ​នៅ​សមុទ្រ​ខ្មៅ »។

ការប៉ះទង្គិច​គ្នា កាលពី​សប្តាហ៍​មុន​នៅ​ឆ្នេរសមុទ្រ​គ្រីមា ដែល​បាន​ត្រូវដាក់​បញ្ចូល​ជា​ឧបសម្ព័ន្ធ​របស់​ក្រុង​ម៉ូស្គូ​នៅ​ឆ្នាំ ២០១៤ នោះ បាន​បណ្តាល​ឲ្យ​ទាហាន​ជើង​ទឹក​អ៊ុយក្រែន ២៤ នាក់ និង​នាវា ៣ គ្រឿង​ធ្លាក់​នៅ​ក្នុង​កណ្តាប់ដៃ​របស់​រុស្ស៊ី និង​បាន​ធ្វើ​ឲ្យ​មាន​ភាព​តាន​តឹង កើន​ឡើង​យ៉ាង​ខ្លាំង។

ក្រុម​មេដឹកនាំ​អឺរ៉ុប បាន​ច្រានចោល​ការអំពាវនាវរ​បស់​អ៊ុយ​ក្រែ​ន ឲ្យ​មានការ​គាំទ្រ​ឲ្យ​បាន​ច្រើន​ក្នុង​ការ​ប្រឆាំង​នឹង​ក្រុង​ម៉ូស្គូ៕