ក្រុង​ហ៊្សេរុយសាឡិមៈ ​ក្រុម​អ្នក​គោរព​បូជា​ប៉ាឡេស្ទីន ​បាន​ប៉ះ​ទង្គិច​ជាមួយ​ប៉ូលិស​អ៊ីស្រាអែល​នៅ​​ក្រុង​ហ៊្សេរុយសាឡិម​ កាល​ពី​ថ្ងៃ​អាទិត្យ​ ខណៈ​ថ្ងៃ​បុណ្យ​របស់​អ៊ីស្រាអែល​​ បាន​កើត​ឡើង​ស្រប​ពេល​ជាមួយ​ថ្ងៃ​ចុង​ក្រោយ​នៃ​បុណ្យ​រ៉ាម៉ាដន​របស់​សាសនា​មូស្លីម​នោះ​។​

ក្រុម​អ្នក​គោរព​បូជា​មូស្លីម​នៅ​បរិវេណ​ព្រះវិហារ​ Al-Aqsa ​បាន​ខឹង​សម្បា​ចំពោះ​ជនជាតិ ជី្វហ្វ ​បាន​ទៅ​លេង​កន្លែង​គោរពបូជា​ដ៏​​ពិសិដ្ឋ​របស់​សាសនា​​ទាំង ​២​​។​

យោង​តាម​ប៉ូលិស​បាន​ឲ្យ​ដឹង​ថា ​ក្រុម​អ្នក​តវ៉ា​បាន​ដាក់​របាំង​ការពារ​មិន​ឲ្យ​ចេញ​ចូល​​ចេញ​ពី​កន្លែង​ដែល​ពួក​គេ​បាន​គប់​កៅអី​ និង​ដុំថ្ម​ទៅ​លើ​ក្រុម​កង​កម្លាំង​អ៊ីស្រាអែល​ដែល​ «​បាន​បំបែក» ​ពួក​គេ​នោះ​។​

អង្គការ​មូស្លីម​ Waqf ដែល​គ្រប់គ្រង​នៅ​កន្លែង​នោះ​ បាន​ថ្លែង​ថា ​ប៉ូលិស ​បាន​ប្រើប្រាស់​គ្រាប់​កាំភ្លើង​កៅស៊ូ​ និង​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ ដោយ​បន្ថែម​ថា​មនុស្ស ​២ នាក់ ​ត្រូវ​បាន​កង​កម្លាំង​អ៊ីស្រាអែល​ចាប់​ខ្លួន។​

ក្រោយ​ពី​មាន​ការ​ប៉ះ​ទង្គិច​ អ្នក​នាំពាក្យ​ប៉ូលិស ​លោក ​Micky Rosenfeld ​បាន​ថ្លែង​ថា ​ភាព​ស្ងប់ស្ងាត់​ បាន​វិល​ត្រឡប់​មក​សភាព​ធម្មតា​វិញ​ ហើយ​ការ​ធ្វើ​ដំណើរ​កម្សាន្ត​កំពុង​បន្ត​កើត​មាន​ឡើង​នៅ​ទី​នោះ​​។​

ឧប្បត្តិហេតុ​នោះ​ បាន​កើត​ឡើង​ ខណៈ​អ៊ីស្រាអែល​បាន​ប្រារព្ធ​ពិធី​បុណ្យ​នៅ​ហ៊្សេរុយសាឡិម​ ដែល​រំឭក​ខួប​បាន ដណ្តើម​កាន់​កាប់​​ផ្នែក​ភាគ​ខាង​កើត​ប៉ាឡេស្ទីន​ដ៏​សំខាន់​គឺ ​ក្រុង​ហ៊្សេរុយសាឡិម​របស់ ប្រទេស ​អ៊ីស្រាអែល ​នៅ​ក្នុង​សង្គ្រាម មាន​រយៈពេល ​៦ ​ថ្ងៃ ​កាល​ពី​ឆ្នាំ ១៩៦៧​។​

កង​កម្លាំង​សន្តិសុខ​អ៊ីស្រាអែល​ឈរ​យាម ខណៈ​ជនជាតិ​ជ្វីហ្វ​ទៅ​លេង​ក្រុង​ហ៊េរុយសាឡិម​​។ AFP

នៅ​ថ្ងៃ​បុណ្យ​ឆ្នាំ​នេះ ​បាន​ធ្វើ​ឡើង​ស្រប​ពេល​ជាមួយ​ថ្ងៃ​បុណ្យ​រ៉ាម៉ាដន​ចុង​ក្រោយ​ ជា​ថ្ងៃ​បុណ្យ​តម​អាហារ​បួស​របស់​ជនជាតិ​មូស្លីម​។​

នៅ​បរិវេណ​ព្រះវិហារ​ Al-Aqsa ​នោះ​ ត្រូវ​បាន​គេ​ដឹង​ថា​ជា​របស់​ជនជាតិ​ជី្វហ្វ​ជា​ព្រះវិហារ​ Temple Mount ​គឺ​មាន​ទីតាំង​ស្ថិត​នៅ​ក្រុង​ហ៊្សេរុយសាឡិម​ភាគ​ខាង​កើត​។​

យោង​តាម​ក្រុម​សកម្មជន​បាន​ឲ្យ​ដឹង​ថា​ ការ​ធ្វើ​ដំណើរ​កម្សាន្ត​កាល​ពី​ថ្ងៃ​អាទិត្យ​ជា​លើក​ដំបូង​ ចាប់​តាំង​ពី​ថ្ងៃ​អង្គារ​ដែល​ជនជាតិ​ជី្វហ្វ ​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ចូល​ទៅ​ទស្សនា​នៅ​កន្លែង​នោះ​។​

ជនជាតិ​ជី្វហ្វ ​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ចូល​ទៅ​​កន្លែង​នោះ​ទៅ​តាម​ម៉ោង​កំណត់ ​ប៉ុន្តែ​មិន​ឲ្យ​ធ្វើ​ការ​បួងសួង​នៅ​ទីនោះ​ទេ​ ​ដើម្បី​ចៀស​វាង​បង្ក​ឲ្យ​មាន​ភាព​តានតឹង​។ ​

តាម​ធម្មតា​ចំនួន​ជនជាតិ​ជីហ្វ​ចូល​ទៅ​ទីនោះ​​កើន​ឡើង​នៅ​ថ្ងៃ​បុណ្យ​ក្នុង​ក្រុង​​​​ហ៊្សេរុយសាឡិម​៕​ AFP/SK ​