ក្រុងប៉ារីសៈ ក្រុមអ្នកតវ៉ា​ប្រឆាំង​រដ្ឋាភិ​បាល បាន​ប៉ះទង្គិច​ជាមួយ​ប៉ូលិស​បារាំង​នៅ​ទីលាន Champs-Elysees នៅ​ក្នុង​ក្រុង​ប៉ារីស​កាល​ពី​ថ្ងៃ​សៅរ៍ ដោយ​បាន​បណ្តាល​ឲ្យ​តំបន់​នោះ​ត្រូវ​គ្រប​ដណ្តប់​ដោយ​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក និង​ផ្សែង​ក្នុង​ពេល​តវ៉ា​ប្រឆាំង​នឹង​លោក​ប្រធានា​ធិបតី​អេម៉ានុយ​អែល ម៉ាក្រុង។

ក្រុមអ្នកតវ៉ា​ពាក់អាវ​កាក់​ពណ៌​លឿង​ដែលជា​តំណាង​ឲ្យ​ចលនា​របស់​ពួកគេ​បាន​ចោល​វត្ថុផ្សេងៗ​ទៅ​លើ​ប៉ូលិស ដែល​បាន​រារាំង​ពួកគេ​មិន​ឲ្យ​ចូល​ទៅ​តាម​ផ្លូវ​មាន​លក់​ទំនិញ​ច្រើន​ដែល​តុបតែង​ដោយ​ភ្លើង​សម្រាប់​បុណ្យ​ណូអែល នៅ​ពេល​ខាង​មុខ​នេះ។

ពួកគេ ក៏បាន​ដាក់​របាំង​ឃាំង​ផ្លូវ​នៅតាម​កន្លែង​មួយចំនួន និង​វាយបំផ្លាញ​ភ្លើង​ចរាចរណ៍ និង​ស្លាក​សញ្ញា​នៅ​តាម​ដង​ផ្លូវ ដោយ​បាន​បង្កើត​ទិដ្ឋភាព​កុបកម្ម​ដូចជា​ចលា​ចល​ស៊ីវិល​នៅ​បារាំង​កាល​ពី​ឆ្នាំ ១៩៦៨ ឬ ការ​បះបោរ​តាម​ដង​ផ្លូវ​នៅ ពាក់​កណ្តាល​សតវត្សរ៍​ទី ១៩ ដែល​មាន​នៅ​ក្នុង​រូប​គំនូរ និង​ខ្សែ​ភាពយន្ត។

នាយកដ្ឋាន​ប៉ូលិស​ក្រុង និង​រដ្ឋមន្ត្រី​មហាផ្ទៃ​លោក Christophe Castaner បាន​ថ្លែងថា ប៉ូលិស បាន​ចាប់​ខ្លួន​មនុស្ស ១៣០ នាក់ ៦៩ នាក់​នៃ​ពួកគេ​ត្រូវ​ចាប់ខ្លួន​នៅ​ក្នុង​ក្រុង​ប៉ារីស និង ២៤ នាក់​រង​របួស និង ៥ នាក់​ជា​មន្ត្រី​ប៉ូលិស។

នៅ​កន្លែង​ផ្សេងទៀត ក្រុមអ្នកតវ៉ា​ដើរ​ហែ​ក្បួន​ដោយបាន​ទាមទារ​ឲ្យ​កាត់​បន្ថយពន្ធ​ទៅ​លើ​ប្រេង​រថយន្ត​ជា​ពិសេស​ប្រេង​ម៉ាស៊ូត។

លោក​ម៉ា​ក្រុង ដែល​ត្រូវ​ក្រុមអ្នកតវ៉ា​យក​ជា​គោលដៅ ដោយបាន​ទាមទារ​ឲ្យ​លោក​ចុះ​ពី​តំណែង​បាន​សរសេរ​នៅ​លើ​គេហទំព័រ​ធ្វី​ធើរ​អរគុណ​ប៉ូលិស។

លោក​ម៉ា​ក្រុង បាន​ថ្លែងថា ជា​រឿង​គួរ​ឲ្យ​អាម៉ាស់​ណាស់​ចំពោះ​អ្នក ដែល​វាយ​ប្រហារ ឬ បំភិត​បំភ័យ​ពលរដ្ឋ អ្នក​កាសែត​និង​ក្រុម​អ្នក​នយោបាយ។ គ្មាន​កន្លែង​សម្រាប់​បង្ក​អំពើ​ហិង្សា​នៅ​ក្នុង​ប្រទេស​បារាំង​ទេ។ នៅ​តាម​ដង​ផ្លូវ​ខ្លះ បាន​ស្ងប់​ស្ងាត់​ទៅ​វិញ ក្រោយ​ពី​ពាក់​កណ្តាល​អាធ្រាត្រ​ថ្ងៃ​សៅរ៍៕