ក្រុង​ខា​រទុំៈ ​ក្រុម​មេ​ដឹកនាំ​តវ៉ា​ស៊ូដង់​ កាល​ពី​ថ្ងៃ​ពុធ​ បាន​ទាត់​ចោល​ការ​ចរចា​ជាមួយ​ក្រុមប្រឹក្សា​យោធា ​ដែល​កំពុង​គ្រប់គ្រង​អំណាច​ និង​បាន​ទាមទារ​រក​យុត្តិធម៌​សម្រាប់​ការ​បង្ក្រាប ​ដែល​ក្រុម​គ្រូពេទ្យ​បាន​និយាយ​ថា បណ្តាល​ឲ្យ​មនុស្ស​​​ ១០៨ ​នាក់ស្លាប់។

មេ​ដឹកនាំ​យោធា​នៃ​ប្រទេស​ ​ស៊ូដង់ លោក​ឧត្តមសេនីយ៍​ Abdel Fattah Burhan ​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ពុធ​ថា​ លោក​បាន​បើក​ទ្វារ​ចំហ​ដើម្បី​ធ្វើ​ការ​ចរចា​អំពី​​អនាគត​របស់​ប្រទេស​ ​មួយ​ថ្ងៃ​ក្រោយ​ពី​ធ្វើ​ការ​អំពាវនាវ​ឲ្យ​ពួក​គេ​ឈប់​តវ៉ា​ ស្រប​ពេល​ដែល​មាន​ការ​បង្ក្រាប​បង្ហូរ​ឈាម​ទៅ​លើ​ក្រុម​អ្នក​តវ៉ា​ទាំង​អស់​នោះ​​។​

លោក​ឧត្តមសេនីយ៍​ បាន​ថ្លែង​នៅ​ក្នុង​សុន្ទរកថា​ដែល​ត្រូវ​បាន​គេ​ចាក់​​ផ្សព្វផ្សាយ​​តាម​ទូរទស្សន៍​រដ្ឋ​ថា​៖ «​យើង​ជា​ក្រុមប្រឹក្សា​យោធា​បាន​បើក​ចំហ​ឲ្យ​កង​កម្លាំង​របស់​យើង​ចរចា​ដោយ​គ្មាន​ការ​ដាក់​កំហិត​ ប៉ុន្តែ​ផល​ប្រយោជន៍​ជាតិ​ក្នុង​ការ​​បន្ត​កាន់​អំណាច ​​ដោយ​ស្រប​ច្បាប់​ដែល​បាន​​ឆ្លុះ​បញ្ចាំង​អំពី​មហិច្ឆតា​នៃ​ការ​ធ្វើ​បដិវត្តន៍​នៅ​ក្នុង​ប្រទេស ​ស៊ូដង់ ​គ្រប់​មធ្យោបាយ​​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​»​។​

ប្រជាជន​ស៊ូដង់​​ចូលរួម​ពិធី​បុណ្យ​ Eid al-Fitr ដែល​ត្រូវ​បាន​គេ​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​បញ្ចប់​នៃ​បុណ្យ​រ៉ាម៉ាដន​​។ AFP

គណៈកម្មាធិការ​របស់​ក្រុម​វេជ្ជបណ្ឌិត​ស្និទ្ធ​ជាមួយ​ក្រុម​បាតុករ ​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ពុធ​ថា​ មនុស្ស​ជាង ​៣០ ​នាក់​ បាន​ស្លាប់​នៅ​ក្នុង​ការ​បង្ក្រាប​រយៈពេល ​២ ថ្ងៃ ​ទៅ​លើ​ក្រុម​អ្នក​តវ៉ា​ស៊ូដង់​ ដែល​បាន​ធ្វើ​ឡើង​ដោយ​ក្រុម​កង​កម្លាំង ​និង​ក្រុម​យោធា​​។​

ចំនួន​អ្នក​ស្លាប់​កាល​ពី​ពេល​កន្លង​ទៅ ​ត្រូវ​បាន​ផ្តល់​ឲ្យ​ដោយ​គណៈកម្មាធិការ​មជ្ឈិម​របស់​ក្រុម​វេជ្ជ​បណ្ឌិត​ស៊ូដង់​ បាន​រាប់​ឃើញ​ចំនួន​អ្នក​ស្លាប់​មាន​ដល់​ទៅ ៤០ ​នាក់​ ចាប់​តាំង​ពី​ធ្វើ​ការ​បង្ក្រាប​បង្ហូរ​ឈាម​ទៅ​លើ​ក្រុម​អ្នក​តវ៉ា​អស់​ជា​ច្រើន​សប្តាហ៍​ នៅ​ខាង​ក្រៅ​ទី​បញ្ជាការ​យោធា​នៅ​ក្រុង​ខារទុំ​។​

ទិដ្ឋភាព​ខាង​ក្រៅ​របស់​ស្ថានទូត​​អាមេរិក​នៅ​ក្នុង​​រដ្ឋធានី​ខារទុំ​នៃ​ប្រទេស ​ស៊ូដង់ កាល​ពី​ថ្ងៃ​ទី ៥ ខែ ​មិថុនា ឆ្នាំ ​២០១៩​។ AFP

លោក​ Abdel Fattah- Burhan ​បាន​ថ្លែង​នៅ​ក្នុង​សុន្ទរកថា​កាល​ពី​ថ្ងៃ​ពុធ​ថា៖​​ «យើង​ពិត​​ជា​មាន​ការ​សោក​ស្តាយ​​យ៉ាង​ខ្លាំង​​ចំពោះ​ការ​បង្រ្កាប​របស់​ក្រុម​យោធា។ ​​

យោធា​ស៊ូដង់ ​បាន​ទម្លាក់​ប្រធានាធិបតី​លោក​ អូមារ-អាល់​-អាសៀរ​ កាល​ពី​ខែ​មេសា​ ក្រោយ​ពី​មាន​ការ​តវ៉ា​អស់​ជា​ច្រើន​ខែ​ប្រឆាំង​ការ​គ្រប់គ្រង​ផ្តាច់​ការ​របស់​លោក​ ហើយ​ បាន​ឯកភាព​ធ្វើ​ការ​ផ្លាស់​ប្តូរ​រយៈពេល ​៣ ​ឆ្នាំ​​ ទៅ​ឲ្យ​រដ្ឋការ​​ស៊ីវិល​​គ្រប់គ្រង​ជំនួស​វិញ​។​

ប៉ុន្តែ​លោក​ Abdel Fattah-Burhan ​បាន​ថ្លែង​ថា ​ក្រោយ​ពី​មាន​ការ​បង្ក្រាប ​ដែល​កិច្ច​ព្រមព្រៀង​ផ្ទេ​អំណាច​ ​ត្រូវ​បាន​លុប​ចោល​ ហើយ​ការ​បោះ​ឆ្នោត​​មួយ​ អាច​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​រយៈពេល ​៩ ខែ ​ជា​ផែនការ​​ដែល​​ក្រុម​មេ​ដឹកនាំ​តវ៉ា​បាន បដិសេធ​ទាំង​ស្រុង​។

ពួក​គេ​ បាន​អំពាវនាវ​ឲ្យ​ក្រុម​អ្នក​គាំទ្រ​របស់​ពួក​គេ​ចូល​រួម​នៅ​ក្នុង​ការ ​«​បះបោរ​ស៊ីវិល» ដើម្បី​ផ្តួល​រំលំ​ក្រុមប្រឹក្សា​យោធា​ដែល​កំពុង​គ្រប់គ្រង​​អំណាច​នៅ​​​ប្រទេស ស៊ូដង់ នោះ​។

ចំពោះ​ការ​បង្ក្រាប​នៅ​ស៊ូដង់ ក្រុង​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃ​ពុធ​ បាន​ឲ្យ​ក្រុម​មេ​ដឹកនាំ​យោធា​​​ឈប់​ប្រើ​អំពើ​ហិង្សា​​ និង​បាន​ជំរុញ​ឲ្យ​ធ្វើ​ការ​ចរចា​​ជាមួយ ក្រុម​អ្នក​តវ៉ា ក្រោយ​ពី​ក្រុម​គ្រូពេទ្យ​និយាយ​ថា​មាន​មនុស្ស ​១០៨ បាន​ស្លាប់​៕ AFP/PSA​​​