ក្រុងហ្សាការតាៈ មន្ត្រីម្នាក់ បានថ្លែងថា អ្នកមុជទឹកឥណ្ឌូនេស៊ីម្នាក់បានស្លាប់ ខណៈកំពុងរុករកបំណែកសាកសពចេញពីយន្តហោះរបស់ក្រុមហ៊ុន LionAir ដែលបានធ្លាក់ចូលទៅក្នុងសមុទ្រ ដោយបានបណ្តាលឲ្យមនុស្ស ១៨៩ នាក់ស្លាប់នោះ។
លោក Syachrul Anto មានវ័យ ៤៨ ឆ្នាំ ដែលបានស្លាប់កាលពីថ្ងៃសុក្រ ជាផ្នែកនៃក្រុមរុករកបំណែកសាកសព និងបំណែកពីយន្តហោះធ្លាក់នៅក្នុងសមុទ្រជ្វានោះ។
លោក Isswarto ជាមេបញ្ជាការនៃកងពលរុករក និងជួយសង្គ្រោះកងទ័ពជើងទឹកឥណ្ឌូនេស៊ី បានប្រាប់កាសែត AFP ថា៖ «Syachrul Anto គឺជាអ្នកស្ម័គ្រចិត្តម្នាក់ដែលចូលរួមជាមួយក្រុមភ្នាក់ងាររុករក និងជួយសង្គ្រោះ»។
លោក Anto ត្រូវបានគេជឿថា បានស្លាប់ដោយសារថប់ដង្ហើម។ «លោក Anto ត្រូវបានគេរកឃើញដោយក្រុមរុករក និងជួយសង្គ្រោះ បានសន្លប់បាត់ស្មារតី។ លោកត្រូវបានជួយសង្គ្រោះដោយក្រុមគ្រូពេទ្យ បន្ទាប់មកលោកបានដឹងខ្លួនឡើងវិញ យើងក៏បានបញ្ជូនទៅកាន់មន្ទីរពេទ្យ ប៉ុន្តែលោកបានស្លាប់នៅទីនោះ»។
លោក Muhammad Syaugi ប្រធានភ្នាក់ងាររុករក និងជួយសង្គ្រោះឥណ្ឌូនេស៊ី បានថ្លែងនៅឯសន្និសីទកាសែតថា៖ «ពួកយើងមានសម្ភារគ្រប់គ្រាន់ទាំងអស់ ទោះបីជាព្រះជាម្ចាស់នឹងមិនជួយពួកយើងក្តី»។
លោក SyachrulAnto ធ្លាប់ធ្វើការងារនៅក្រុង Palu ដែលបានរងការវាយប្រហារពីរញ្ជួយដី និងរលកស៊ូណាមិកាលពីខែកញ្ញាកន្លងទៅ៕