ក្រុងសេអ៊ូលៈ មន្ត្រី​កំពូល​របស់​កូរ៉េខាងជើង ដែល​រត់​ចេញ​ពី​ប្រទេស បាន​ថ្លែង​មុន​ពេល​កិច្ច​ប្រជុំ​រវាង​ប្រធានា​ធិបតី​អាមេរិក លោក ដូណាល់​ត្រាំ និង​លោក​គីម ជុងអ៊ុន នៅ​ខែ​ក្រោយ​នោះ​ថា កូរ៉េខាងជើង​នឹង​មិន​បោះ​បង់​ចោល​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​ទាំង​ស្រុង​នោះ​ទេ។

លោក Thae Yongho ដែល​បាន​បោះបង់ចោល​តួនាទី​របស់​លោក ខណៈ​លោក​គឺជា​អគ្គ​រដ្ឋទូត​រង​កូរ៉េខាងជើង​ប្រចាំ​នៅ​អង់គ្លេស​កាល​ពី​ខែ​សីហា ឆ្នាំ ២០១៦ បាន​ថ្លែង​ថា ស្ថានភាព​ការទូត និង​កិច្ច​ចរចា​នាពេល​បច្ចុប្បន្ន នឹង​មិន​បិទ​បញ្ចប់​ជាមួយ​នឹង​ការ​បោះបង់​ចោល​អាវុធ​នុយក្លេអ៊េរ «ទាំង​ស្រុង និង​ដោយ​ស្រេច​តែ​ចិត្ត​នោះ​ទេ» ប៉ុន្តែ «ជាមួយ​នឹង​ការ​ថម​ថយ​នៃ​ការ​គំរាម​កំហែង​ពី​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង»។

លោក Thae Yongho បាន​ថ្លែងប្រាប់​ភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងត្បូង Newsis ថា ៖ «នៅ​ពេល​ចុង​ក្រោយ កូរ៉េខាងជើង នឹង​នៅ​តែ​ជា​ប្រទេស​មហា​អំណាច»។

កូរ៉េខាងជើង និង​កូរ៉េ​ខាងត្បូង បានបញ្ជាក់​ពី​ការប្តេជ្ញា​ចិត្ត​របស់​ពួកគេ​ចំពោះ​គោល​បំណង ធ្វើ​ឲ្យ​ឧបទ្វីប​កូរ៉េ គ្មាន​អាវុធ​នុយក្លេអ៊ែរ​នៅ​ជំនួប​កាល​ពី​ខែ​មុន និង​ក្រុង​ព្យុងយ៉ាង​បា​នប្រកាស​នៅ​ចុង​សប្តាហ៍​មុន​នេះ​ថា ខ្លួន​នឹង​បំផ្លាញ​ចោល​ទីតាំង​តេស្ត​នុយក្លេអ៊ែរ​របស់​ខ្លួន​នៅ​សប្តាហ៍​ក្រោយ។

ប៉ុន្តែ​ខ្លួន​មិនបាន​ប្រកាស​អ្វី​ជា​សម្បទាន ដែល​បានផ្តល់​ឲ្យ​នោះ​ឡើយ។ ក្រុង​វ៉ាស៊ីនតោន កំពុង​ស្វះ​ស្វែង​ធ្វើ​ឲ្យ​កូរ៉េខាងជើង​បំផ្លាញ​ចោល​នុយក្លេអ៊ែរ​ទាំង​ស្រុង​អាច​ផ្ទៀង​ផ្ទាត់​បាន និង​គ្មាន​ការ​ប្រែប្រួល​ឡើយ ហើយ​ក៏បាន​បញ្ជាក់​ទៀត​ថា ការ​ផ្ទៀង​ផ្ទាត់​នឹង​ជា​គន្លឹះ​សំខាន់។

ក្រុង​ព្យុងយ៉ាង បាន​និយាយថា នឹងមិន​ត្រូវការ​អាវុធ​នុយក្លេអ៊ែរ​ទៀត​ទេ ប្រសិនបើ​សន្តិសុខ​នៃ​របប​របស់​ខ្លួន​ត្រូវ​បាន​ធានា៕