ក្រុងបាងកក៖ អ្នកវិភាគនយោបាយលោក ធីរ៉ាយុតហ៍ ប៊ូនមី បានព្រមានកាលពីថ្ងៃអង្គារថា ប្រទេស ថៃ បានដើរថយក្រោយ បន្ទាប់ពីមានការប្រមូលផ្តុំមហាជននយោបាយ និងរដ្ឋប្រហារយោធាអស់រយៈពេលយ៉ាងយូរមកនោះ។
ដោយបានថ្លែងនៅឯពិធីរំឭកខួបកាលពីថ្ងៃទី ១៤ ខែតុលា ដើម្បីប្រារព្ធធ្វើឡើងលើកទី ៤៦ នៃការបះបោរយ៉ាងខ្លាំងក្លានៅឆ្នាំ ១៩៧៣ មេដឹកនាំនិស្សិតដែលបានដឹកនាំតស៊ូ ដើម្បីប្រជាធិបតេយ្យ ដែលបានបញ្ចប់នៅក្នុងការសម្លាប់យ៉ាងរង្គាលកាលពីឆ្នាំ ១៩៧៣ បានថ្លែងថា បច្ចុប្បន្ននយោបាយថៃបានវិវឌ្ឍឈានទៅរកសង្គ្រាមមួយ រវាងក្រុមប្រឆាំងក្រោយពីប្រមុខយោធាលោកឧត្តមសេនីយ៍ អាភីរ៉ាត គង់ស៊ុមផុង បានរិះគន់យ៉ាងខ្លាំងកាលពីសប្តាហ៍មុន ហើយអគ្គលេខាធិការរបស់គណបក្សអនាគតឆ្ពោះទៅមុខ (FFP) គឺលោក ភីយ៉ាបុត្រ សែងកាណុកគុល បានឆ្លើយតបទាំងកំហឹងនៅក្នុងប្រព័ន្ធផ្សព្វផ្សាយនោះ។
គណបក្ស FFP ដែលជាគណបក្សមានប្រជាប្រិយភាពនៅក្នុងចំណោមយុវវ័យជំនាន់ក្រោយ ហើយមនុស្សវ័យកណ្តាល មិនចូលចិត្តកិច្ចការនយោបាយនោះទេ ប៉ុន្តែជាញឹកញាប់ពួកគេ បានប៉ះទង្គិចជាមួយរដ្ឋាភិបាល។ ម្យ៉ាងវិញទៀត វានៅមិនទាន់បានផ្តល់ជូនផែនការអភិវឌ្ឍន៍ឲ្យបានលម្អិតណាមួយ ដើម្បីចាត់វិធានការធ្វើឲ្យប្រទេសមួយនេះរីកចម្រើននៅឡើយទេ។
អ្នករិះគន់សង្គមជើងចាស់រូបនោះ បានថ្លែងប្រាប់វេទិកានោះថា៖ «ចំណែកឯយោធាវិញត្រូវគិតដល់សន្តិសុខជាតិ ហើយបានបរាជ័យក្នុងការលើកទឹកចិត្តសាធារណជន ដើម្បីចែករំលែកគោលបំណងឲ្យបានទូលំទូលាយមួយ»។
សាស្ត្រាចារ្យ ធីរ៉ាយុតហ៍ បានសម្តែងការព្រួយបារម្ភអំពីការបែកបាក់នៅក្នុងសង្គមប្រទេស ថៃ បច្ចុប្បន្ន។
លោកបានថ្លែងថា៖ «នៅក្នុងឆាកនយោបាយ ក្រុមប្រកួតប្រជែងអាចឈានដល់កិច្ចព្រមព្រៀងជាឯកច្ឆនមួយទៅលើបញ្ហានោះ។ នៅក្នុងវិស័យនយោបាយ ទោះបីជាយ៉ាងណាក៏ដោយ ក៏ពួកគេបានមើលឃើញបញ្ហាមួយផ្សេងទៀតថា ជាសត្រូវសង្គ្រាម»។
នៅក្នុងសង្គ្រាមនេះ លោកសាស្ត្រាចារ្យ ធីរ៉ាយុតហ៍ បានថ្លែងថា ទស្សនៈរបស់ក្រុមប្រឆាំងបានមើលឃើញមួយផ្សេងទៀតថា ជាការគំរាមកំហែងជាតិមួយ ទោះបីជាស្ថានការណ៍នៅក្នុងប្រទេស ថៃ នៅតែស្ថិតនៅក្នុងសភាពធម្មតាក្តី។
លោកបានថ្លែងថា៖ «នៅក្នុងវិស័យនយោបាយពួកគេបានបត់បែនព័ត៌មានបានប្រើពាក្យសម្តីញុះញង់ឲ្យបែកបាក់គ្នា ហើយបានចាត់វិធានការស្របច្បាប់ ដើម្បីបំផ្លាញភាគីមួយផ្សេងទៀត។ ទោះបីជាយ៉ាងណាក៏ដោយ ក៏ពួកគេបានប្រើឥទ្ធិពលទៅលើប្រព័ន្ធតុលាការ ហើយបានចាត់វិធានការស្របច្បាប់ប្រឆាំងក្រុមប្រឆាំងរបស់ពួកគេ។ រាល់បញ្ហាទាំងអស់នេះ អាចធ្វើឲ្យមានការដណ្តើមអំណាចកាន់តែខ្លាំងឡើងនៅក្នុងជម្លោះមួយនេះ»។
សាស្ត្រាចារ្យ ធីរ៉ាយុតហ៍ បានស្នើឲ្យគូប្រឆាំងបដិបក្ខត្រូវបញ្ចប់ «ការគុំកួនគ្នា» ដែលបណ្តាលឲ្យមានការសម្លាប់ រង្គាលនៅពេលខាងមុខ ដូចកាលពីថ្ងៃទី ៦ ខែ តុលា ឆ្នាំ ១៩៧៦ នោះ។
លោកបានថ្លែងថា៖ «នៅក្នុងយុគសម័យនោះ ក្រុមនិស្សិតត្រូវបានគេចាត់ទុកថា ជាការគំរាមកំហែងដល់បក្សកុម្មុយនិស្តមួយ ហើយអាចត្រូវបានគេសម្លាប់ដោយគ្មានទោសពៃរ៍នៅក្នុងឧប្បត្តិហេតុនោះ ជាការបានគុំកួនគ្នា៕ BKP/SK