ក្រុង​កូឡុំបូៈ ​អ្នក​នាំពាក្យ​ប៉ូលិស ​បាន​ថ្លែង​កាល​ពី​ថ្ងៃ​អង្គារ​ថា ​ចំនួន​អ្នក​ស្លាប់​ដោយសារ​ការ​វាយ​ប្រហារ​​គ្រាប់​បែក​អត្តឃាត​នៅ​ស្រី​លង្កា ​បាន​កើន​ឡើង​ដល់ ​៣១០ ​នាក់​ហើយ​ ដោយ​មនុស្ស​មួយ​ចំនួន​ស្លាប់​ដោយសារ​របួស ​​ធ្ងន់ធ្ងរ​។​

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ លោក ​Ruwan Gunasekera ​បាន​ថ្លែង​ឲ្យ​ដឹង​ថា ​មនុស្ស​ប្រហែល ​​៥០០ ​នាក់ ​បាន​រង​របួស​នៅ​ក្នុង​ការ​បំផ្ទុះ​គ្រាប់​បែក​​នោះ​។​

លោក​ Ruwan Gunasekera​ បាន​បន្ថែម​ថា ​មនុស្ស ​៤០ ​នាក់​ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ការ​ជាប់​ពាក់ព័ន្ធ​ជាមួយ​នឹង​ការ​វាយ​ប្រហារ​ទាំង​នោះ​ ដែល​រដ្ឋាភិបាល​ស្រី​លង្កា ​បាន​ស្តីបន្ទោស​ទៅ​លើ​ក្រុម​អ៊ិស្លាម​នៅ​ក្នុង​តំបន់​ ដែល​គេ​មិន​សូវ​ស្គាល់​​ ក្រុម​នោះ​មាន​ឈ្មោះ​ថា ក្រុម​ National Thowheeth Jama''ath​។​

ទង់ជាតិ​ត្រូវ​គេ​ទម្លាក់​ចុះ​នៅ​ត្រឹម​ពាក់​កណ្តាល​នៅ​លើ​អគារ​រដ្ឋាភិបាល​មួយ​ចំនួន​ ហើយ​ប្រជាជន​​ បាន​ស្មិងស្មាធិ៍​ឱន​គោរព​ ដោយ​ស្ងៀមស្ងាត់ ​ចំពោះ​អំពើ​ហិង្សា​ដែល​បាន​បណ្តាល​ឲ្យ​មាន​ការ​ផ្ទុះ​កំហឹង​ជា​អន្តរជាតិ​​។​

ការ​ស្ងៀមស្ងាត់​បាន​ចាប់​ផ្តើម​នៅ​ម៉ោង ​៨ ​កន្លះ​ព្រឹក​ ជា​ពេល​ដែល​គ្រាប់​បែក ​៦ ​គ្រាប់​ដំបូង​បាន​ផ្ទុះ​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ៕ AFP/SK