ក្រុង​ពី​ថូ​រ៉ាហ្គា​រហ៍ៈ ​មន្ត្រី​ឥណ្ឌា​ម្នាក់ ​បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា ​អ្នក​ឡើង​ភ្នំ ​៨ ​នាក់ ​ដែល​ត្រូវ​បាន​គេ​ជឿ​ថា​ស្លាប់​នៅ​លើ​ភ្នំ​ហិមាល័យ​ បាន​ប្រថុយ​គ្រោះ​ថ្នាក់ ​ដោយ​សារ​ផ្លាស់ប្តូរ​ផែនការ​របស់​ពួក​គេ​ដោយ​គ្មាន​ការ​អនុញ្ញាត​​។

ឧទ្ធម្ភាគចក្រ​យោធា​ជា​ច្រើន​គ្រឿង​ដែល​បាន​ចូល​រួម​ការ​ស្វែងរក​ជនជាតិ​អង់គ្លេស ​៤ ​នាក់​ អាមេរិក ​២ ​នាក់ អូស្ត្រាលី​ម្នាក់ និង​ឥណ្ឌា​ម្នាក់​ បាន​រក​ឃើញ​សាកសព ​៥ ​នាក់ ​នៅ​លើ​ភ្នំ​ Nanda Devi។

ក្រុម​មួយ ​ដែល​ដឹកនាំ​ដោយ​អ្នក​ឡើង​ភ្នំ​អង់គ្លេស​ដែល​មាន​បទពិសោធ​លោក Martin Moran ​កាល​ពី​ខែ​មុន​ទទួល​បាន​ការ​អនុញ្ញាត​ឲ្យ​ឡើង​កំពូល​ភ្នំ​ភាគ​ខាង​កើត។

ប៉ុន្តែ​ក្រុម​អ្នក​ឡើង​ភ្នំ​បាន​ប្រកាស​នៅ​លើ​គេហទំព័រ​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​​ទី ២២​ ខែ ​ឧសភា ​ក្រោយ​ពី​​ឡើង​ទៅ​ដល់​ជំរំ​មូលដ្ឋាន​ទី២ ​ដែល​ពួក​គេ​គ្រោង​ឡើង​ដល់​កំពូល​ភ្នំ​មាន​កម្ពស់ ​៦,៤៧៧ ​ម៉ែត្រ។​

មន្ត្រី​ម្នាក់​នៅ​ក្នុង​រដ្ឋ​Uttarakhand​ជា​ទី​ដែល​ភ្នំ​​ស្ថិត​នៅ​នោះ ​បាន​ថ្លែង​ប្រាប់ ​AFP ថា៖ ​«ជួរ​ភ្នំ​នេះ ​ពិបាក​ឡើង​ជាង​ភ្នំ​អេវើរ៉េស​ទៅ​ទៀត​។ ពួក​គេ​ដឹង​ថា ​ពួក​គេ​​ប្រថុយ​​គ្រោះ​ដល់​អាយុ​ជីវិត​ក្រោយ​​ពី​ផ្លាស់​ប្តូរ​ផែនការ​របស់​ពួក​គេ​ដោយ​មិន​បាន​ជូន​ព័ត៌មាន​ដល់​ក្រុម​អាជ្ញាធរ​»។

លោក ​បាន​ថ្លែង​ថា៖ ​«​ការ​អនុញ្ញាត​ត្រូវ​បាន​ផ្តល់​ឲ្យ​សម្រាប់​ភ្នំ ​Nanda Devi ​ភាគ​ខាង​កើត ហើយ​ការ​ផ្លាស់ប្តូរ​ទិសដៅ​ គឺ​ខុស​ច្បាប់​។ ​យើង​ពិត​ជា​មិន​បាន​ដឹង​អំពី​ការ​ផ្លាស់​ប្តូរ​ផែនការ​របស់​ពួក​គេ​ ​ដែល​នាំ​ឲ្យ​ស្លាប់​បែប​នេះ​ទេ​»។

លោក​ Surendar S. Panwar ​មក​ពី​ក្រុមហ៊ុន​ទេសចរណ៍​ ​Cosmos Tour and Expedition បាន​និយាយ​ថា ​លោក​ Moran ​មាន​បទ​ពិសោធ​ខ្ពស់ និង​ធ្លាប់​ឡើង​​ភ្នំ​នៅ​តំបន់​នេះ​៕ AFP/PSA