ក្រុង​ញូវដែលី៖​ ក្រុម​មន្ត្រី​បាន​និយាយ​ថា ​សភា​ជាន់​ខ្ពស់​នៃ​ប្រទេស ​ឥណ្ឌា​ ឬ រ៉ាយ៉ា​ សាបហា ​(Rajya Sabha) បាន​​អនុម័ត​ការ​វិសោធនកម្ម​សេចក្តី​​ព្រាង​ច្បាប់​​សញ្ជាតិ (CAB) យ៉ាង​​ចម្រូងចម្រាស​កាល​ពី​ល្ងាច​ថ្ងៃ​ពុធ​។​

សេចក្តី​ព្រាង​​ច្បាប់​នេះ​នឹង​ផ្តល់​សញ្ជាតិ​ឲ្យ​ក្រុម​ជន​ចំណាក​ស្រុក​ខុស​ច្បាប់​ ដែល​មាន​សាសនា​ចំនួន ​៦ ​មាន​សាសនា​ហិណ្ឌូ​ សាសនា​ស៊ីក ​ព្រះ​ពុទ្ធសាសនា ​ជេនសា​ សនា​ និង​គ្រិស្ត​សាសនា​មក​ពី​ប្រទេស ​បង់ក្លាដែស ​​អាហ្វហ្គានីស្ថាន ​និង​ប៉ាគីស្ថាន​។ ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​សេចក្តី​ព្រាង​ច្បាប់​​នេះ​បាន​រារាំង​ក្រុម​អ្នក​កាន់​សាសនា​មូស្លីម មិន​ឲ្យ​ដាក់​ពាក្យ​សុំ​សញ្ជាតិ​ដែរ​។​

មាន​ការ​ជជែក​ដេញ​ដោល​យ៉ាង​ក្តៅ​គគុក​នៅ​ក្នុង​សភា​នោះ​អស់​ជា​ច្រើន​ម៉ោង​កាល​ពី​ថ្ងៃ​ពុធ ​ក្រោយ​ពី​សេចក្តី​ព្រាង​ច្បាប់​​នេះ ​ត្រូវ​បាន​ដាក់​ឲ្យ​បោះ​ឆ្នោត​នៅ​ពេល​ល្ងាច​នោះ។ ​​

មន្ត្រី​ម្នាក់​បាន​និយាយ​ថា ​​​ក្រោយ​ពី​ការ​ពិ​ភាក្សា​​រួច​មក​សមាជិក ​១២៥ ​​​រូប​​ បាន​បោះ​ឆ្នោត​​​គាំទ្រ ​​​​និង ​១០៥ ​រូប ​បាន​បោះឆ្នោត​ជំទាស់​ច្បាប់​នេះ។

ក្រុម​បាតុក​រដុ​ត​ភ្លើង​នៅលើភ្នំ​មួយ​​ ខណៈ​ដែល​ពួកគេ​ធ្វើ​កា​រតវ៉ា​​ប្រឆាំង​ស​េចក្តី​ព្រាងច្បាប់​របស់​រដ្ឋាភិបាល​។ AFP

សេចក្តី​ព្រាង​ច្បាប់​​នេះ​ត្រូវ​បាន​ប្រកាស​នៅ​ក្នុង​សភា​ដោយ​រដ្ឋមន្ត្រី​មហាផ្ទៃ​លោក ​អាមីត​ សាហ៍ ​ដែល​បាន​ប្រឆាំង​​ការ​អះអាង​របស់​បក្ស​ប្រឆាំង​ដែល​ថា​ សេចក្តី​ព្រាង​ច្បាប់​​នេះ​បាន​រំលោភ​រដ្ឋ​ធម្មនុញ្ញ​របស់​ប្រទេស ​ឥណ្ឌា។ ​

ក្រុម​គណបក្ស​ប្រឆាំង​បាន​រិះគន់​ច្បាប់​នេះ​ថា ​ផ្ទុយ​នឹង​គោលការណ៍​មិន​ទាក់ទង​សាសនា​ដែល​មាន​ចែង​​នៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​របស់​ឥណ្ឌា​ដោយសារ​ច្បាប់​នេះ ​មិន​រាប់​បញ្ចូល​អ្នក​កាន់​សាសនា​មូស្លីម​ទេ។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ប្រធាន​គណបក្ស​សមាជ​លោក ​សូនៀ ​ហ្គានឌី​ បាន​ថ្លែង​ថា​៖ ​«ថ្ងៃ​នេះ ​គឺ​ជា​​ថ្ងៃង​ងឹត​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​រដ្ឋធម្មនុញ្ញ​របស់​ឥណ្ឌា។ ការ​អនុម័ត​ច្បាប់​សញ្ជាតិ​នេះ ​គឺ​ជា​ជ័យជម្នះ​របស់​កម្លាំង​មាន​ចិត្ត​ចង្អៀត​ចង្អល់​ទៅ​លើ​ពហុបក្ស​និយម​របស់​ឥណ្ឌា​»។​

បុគ្គលិកសន្តិ​សុខប្រើដ​ំ​បង​ឆក់​​ដើម្បីបំបែក​​និ​ស្សិត​ដែលកំពុង​តវ៉ាប្រឆាំង​ច្បាប់សញ្ជាតិ។ AFP

រដ្ឋាភិបាល​​របស់បក្ស​ ​បាហារ៉ាធីយ៉ា​ ចាណាតា (BJP) កាល​ពី​ថ្ងៃ​អង្គារ​បាន​ខិតខំ​ប្រឹងប្រែង​ធ្វើ​ការ​អនុម័ត​នៅ​​សភា​ ឬ​លោក ​សាបហា​​ ​(Lok Sabha) ​ដោយសារ​សំឡេង​ភាគ​ច្រើន​របស់​ខ្លួន​។

សេចក្តី​ព្រាង​ច្បាប់​នោះ​នឹង​ក្លាយ​ជា​ច្បាប់​មួយ​ ក្រោយ​ពី​ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​ប្រធានាធិបតី​។

CAB ​បាន​បង្ក​ឲ្យ​មាន​ការ​តវ៉ា​ជា​ទូទៅ​នៅ​ក្នុង​ប្រទេស​នេះ​ ជា​ពិសេស​នៅ​រដ្ឋ​អាសាម​ និង​ទ្រីពួរ៉ា​​​​​​ភាគ​ឦសាន​ដែល​មាន​ព្រំ​ដែន​ជាប់​បង់ក្លាដែស​ ខណៈ​ក្រុម​អ្នក​ស្រុក​ភ័យ​ខ្លាច​ថា ​ក្រុម​ជន​ចំណាក​ស្រុក​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ឋានៈ​របស់​ពួក​គេ។ ​

តាមរយៈ​សេចក្តី​ព្រាង​ច្បាប់​នេះ​រដ្ឋាភិបាល​ឥណ្ឌា​នឹង​ផ្តល់​សញ្ជាតិ​ឥណ្ឌា​ដល់​ជន​ចំណាក​ស្រុក​ដែល​មិនមែន​ជា​អ្នក​កាន់​សាសនា​មូស្លីម​ដែល​បាន​​ចូល​មក​ប្រទេស​នេះ ​ដោយ​ខុស​ច្បាប់​នៅ​មុន​ថ្ងៃទី ​៣១ ​ខែ ​ធ្នូ​ឆ្នាំ ២០១៤​៕ Xinhua/PSA