ក្រុងវ៉ាមេណាៈ យោធា បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កងកម្លាំងសន្តិសុខឥណ្ឌូនេស៊ី បានរកឃើញសាកសពមនុស្ស ១៦ នាក់ ក្រោយពីមានការសម្លាប់រង្គាលដែលត្រូវបានសង្ស័យថា បានធ្វើឡើងដោយក្រុមឧទ្ទាមបំបែកខ្លួននៅក្នុងខេត្តប៉ាពួ។
អ្នកស្លាប់ ដែលត្រូវគេអះអាងនោះ ត្រូវបានគេជឿថា ជាកម្មករសំណង់ ជាចំនួនសម្លាប់ច្រើនបំផុតនៅក្នុងអំពើហិង្សាដែលកើតឡើងក្នុងតំបន់មួយដែលរងការវាយប្រហារ ដោយការបះបោរដើម្បីឯករាជ្យ។
មេបញ្ជាការយោធាតំបន់លោក Binsar Panjaitan បានថ្លែងថា សាកសពទាំងនោះ នឹងត្រូវបាននាំយកចេញពីស្រុក Nduga ជាតំបន់ភ្នំជាទីដែលការវាយប្រហារបានកើតឡើងកាលពីថ្ងៃអាទិត្យ ទៅកាន់ទីប្រជុំ Timika។
លោក Panjaitan បានថ្លែងប្រាប់ក្រុមអ្នកកាសែតនៅក្នុងខេត្តប៉ាពួថា៖ «ព័ត៌មានថ្មីបំផុត គឺថា សាកសព ១៦ នាក់ត្រូវបានរកឃើញ»។
មុននេះដំណើររឿងដែលផ្តល់ ដោយយោធាបានរៀបរាប់លម្អិត អំពីការសម្លាប់មនុស្សយ៉ាងតិច ១៩ នាក់ក្នុងទម្រង់នៃការសម្លាប់ ដោយការបាញ់ ឬអារក។
របាយការណ៍ជាច្រើនរបស់ប្រព័ន្ធផ្សព្វផ្សាយបានដាក់ចំនួនស្លាប់ចន្លោះពី ២៤ នាក់និង ៣១ នាក់។ កាលពីថ្ងៃសុក្រ យោធានោះបានព្រមានថា ខ្លួនមិនទាន់ច្បាស់ថាតើអ្នកស្លាប់ទាំងអស់នោះធ្វើការឲ្យក្រុមហ៊ុនម៉ៅការគ្រប់គ្រងដោយរដ្ឋដែលបាននិងកំពុងសាងសង់ស្ពាន និងផ្លូវជាផ្នែកនៃកិច្ចប្រឹងប្រែងកែលម្អហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់ក្រីក្រមួយនេះ។
ចំណែក មនុស្ស ១៥ នាក់ផ្សេងទៀត ដែលក្នុងនោះមាននិយោជិត ៧ នាក់របស់ក្រុមហ៊ុននោះត្រូវបានគេជម្លៀសចេញពីតំបន់នោះ៕