ក្រុង​វ៉ាស៊ីនតោនៈ ​ឧត្តមសេនីយ៍​យោធា​ជាន់​ខ្ពស់​អាមេរិក​ បាន​ថ្លែង​កាល​ពី​ថ្ងៃ​ពុធ​ថា លោក​ប្រធានាធិបតី​ចិន ​ស៊ី​ ជីនភីង ​មិន​គោរព​ពាក្យ​សន្យា​​​ថា​ មិន​ឲ្យ​មាន​យោធា​នៅ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​ ហើយ​អាមេរិក ​បាន​អំពាវនាវ​ឲ្យ ​«​មាន​វិធានការ​រួម​»​ ដើម្ប​ឲ្យ​ក្រុង​ប៉េកាំង​ទទួល​ខុស​ត្រូវ​។​

លោក​​ឧត្តមសេនីយ៍​ Joseph Dunford ​ជា​មេ​បញ្ជាការ​នៃ​សេនាធិការ​របស់​មន្ទីរ​បញ្ចា​កោណ​ បាន​ថ្លែង​ថា ​លោក​មិន​អំពាវនាវ​ឲ្យ​មាន​វិធានការ​​យោធា​ទេ​ ប៉ុន្តែ​លោក​បាន​សង្កត់​ធ្ងន់​ថា ​​មាន​​តម្រូវ​ការ​ចាំាបាច់​ គឺ​អនុវត្ត​ច្បាប់​អន្តរជាតិ​។​

លោក​ Joseph Dunford ​បាន​ថ្លែង​នៅ​ក្នុង​កិច្ច​ពិភាក្សា​មួយ​ស្តីពី​សន្តិសុខ ​និង​ការ​ការពារ​អាមេរិក​នៅ​ឯ​វិទ្យាស្ថាន​ Brooking ​ថា​៖ «​កាល​ពី​ឆ្នាំ ​២០១៦​ លោក​ប្រធានាធិបតី​ចិន​ ស៊ី​ ជីនភីង ​បាន​សន្យា​ជាមួយ​លោក​អតីត​ប្រធានាធិបតី​ ​បារ៉ាក់​ អូបាម៉ា​ ថា​ ពួក​គេ​នឹង​មិន​ឲ្យ​មាន​យោធា​នៅ​ប្រជុំ​កោះ​មាន​ជម្លោះ​នោះ​ទេ​ ដូច្នេះ​ហើយ​អ្វី​ដែល​យើង​មើល​ឃើញ​នៅ​ថ្ងៃ​នេះ​ គឺ​ចិន​បាន​សាងសង់​ព្រលាន​យន្តហោះ​មាន​ទាំង​ឃ្លាំង​ផ្ទុក​អាវុធ​យុទ្ធភណ្ឌ​ជា​ច្រើន​កន្លែង​ និង​មាន​ការ​ដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​មីស៊ីល​ផង​ដែរ​។

«ដូ​ច្នេះ​ ពិត​ជា​ច្បាស់​ណាស់​ពួក​គេ​ មិន​គោរព​តាម​ការ​សន្យា​របស់​ពួក​គេ​ទេ​»។

លោក​បាន​បន្ត​ថា​៖ ​«សមុទ្រ​ចិន​ខាង​ត្បូង​ស្ថិត​នៅ​ក្នុង​ការ​វិនិច្ឆ័យ​របស់​ខ្ញុំ​មិនមែន​ជា​គំនរ​ដុំ​ថ្ម​ទេ ​ដោយ​បាន​​និយាយ​យោង​ដល់​តំបន់​ថ្ម​ប៉ប្រះ​ទឹក ​និង​ផ្ទាំង​ថ្ម ​ដែល​ត្រូវ​បាន​អះអាង​ជា​ទឹក​ដី​របស់​ចិន​ ដែល​បាន​ចាប់​យក​ និង​ពង្រីក ​ដើម្បី​ផ្តល់​ជា​កន្លែង​ជម្រក​ដល់​កង​កម្លាំង​យោធា​ និង​យន្តហោះ​ធំៗ​របស់​ចិន​។

លោក​បាន​បន្ថែម​ថា៖ «អ្វី​ជា​បញ្ហា​គ្រោះថ្នាក់​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ និង​នៅ​កន្លែង​ផ្សេង​ទៀត ​ដែល​មាន​ការ​ទាមទារ​ទឹក​ដី​ គឺ​គោលការណ៍​ច្បាប់ ​​បទដ្ឋាន ​និង​​ច្បាប់​អន្តរជាតិ»។ «អ្វី​ជា​តម្រូវការ​ចាំបាច់​នោះ​ ​គឺ​ការ​អនុវត្ត​តាម​ច្បាប់ ​និង​បទដ្ឋាន​អន្តរជាតិ​នៅ​តំបន់​​សមុទ្រ​ខាង​ត្បូង​នោះ»៕ AFP/SK