ក្រុង​បាងកកៈ ក្រុម​គណបក្សនយោបាយ​ថៃ មាន​សុ​ទិដ្ឋិនិយម​ចំពោះ​ការ​ត្រៀម​ខ្លួន​សម្រាប់​ការ​បោះ​ឆ្នោត​ទូទៅ​ដែល​នឹង​កើត​ឡើង​នៅ​ថ្ងៃ​ទី ២៤ ខែ​កុម្ភៈ​ឆ្នាំ​ក្រោយ បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី​ប្រាយុធ​ចាន​អូចា យក​មាត្រា ៤៤ មក​ប្រើ​ដើម្បី​បន្ធូរ​បន្ថយ​បម្រាម​ទៅ​លើ​សកម្មភាព​នយោបាយ។

ការព្យួរ​ប្រព័ន្ធ​បោះឆ្នោត​ដែល​ប្រើពេល​វេលា​ច្រើន និង​ស្មុគស្មាញ​ដើម្បី​គាំទ្រ​ដល់​ដំណើរ​ការ​បោះ​ឆ្នោត​នោះ ត្រូវ​បាន​គេ​ដាក់​បញ្ចូល​ក្នុង​បទ​បញ្ជា​នោះ​ដែរ។

កាលពី​ថ្ងៃ​សុក្រ លោក​ឧត្តមសេនីយ៍​ប្រា​យុ​ធ បាន​យក​បញ្ជា​លេខ ១៣/២០១៨ ក្នុង​សមត្ថភាព​របស់​លោក​ជា​ប្រមុខ​នៃ​ក្រុម​ប្រឹក្សា​ជាតិ​ដើម្បី​សន្តិភាព និង​សណ្តាប់​ធ្នាប់ (NCPO) ដើម្បី​អនុញ្ញាត​ឲ្យ​គណបក្ស​នយោបាយ​ទាំង​អស់​ដំណើរ​ការ ដោយ​មាន​សកម្មភាព​ជាក់​លាក់​នៅ​មុន​ពេល​បោះ​ឆ្នោត។

បទបញ្ជា​នោះ ត្រូវបាន​បោះពុម្ព​ផ្សាយ​នៅក្នុង​ទស្សនា​វ​ដ្តី​ភូមិន្ទ​កាល​ពី​ថ្ងៃ​សុក្រ។ ការវិវឌ្ឍ​ថ្មីៗ​នេះ បាន​កើត​ឡើង​បន្ទាប់​ពី​ព្រះមហា​ក្សត្រ​អនុម័ត​ច្បាប់ ២ ស្តីពី​ការ​បោះ​ឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​និង​តំណាង​រាស្ត្រ​ដែល​ត្រូវ​បាន​បោះពុម្ព​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ។ ច្បាប់​ស្តីពី​ការ​បោះ​ឆ្នោត​ជ្រើស​រើស​សមាជិក​សភា​នឹង​ចូល​ជា​ធរមាន​ក្រោយ​រយៈពេល ៩០ ថ្ងៃ​ខណៈ​ច្បាប់​ស្តី​ការ​បោះ​ឆ្នោត​សមាជិក​ព្រឹទ្ធសភា​ចូល​ជា​ធរមាន​ភ្លាម៕