មន្ត្រីជាន់ខ្ពស់របស់ ទីក្រុងហុងកុង បានអះអាងថា ការបន្តធ្វើបាតុកម្មរបស់ក្រុមបាតុករក្នុង ទីក្រុងហុងកុង មិនបានបង្កឲ្យមានផលប៉ះពាល់ដល់ទំនាក់ទំនងទេសចរណ៍និងការធ្វើពាណិជ្ជកម្មជាមួយនឹងប្រទេសកម្ពុជាឡើយ។
បាតុកររាប់សែននាក់បានចាប់ផ្តើមតវ៉ាប្រឆាំង និងបានទាមទារបណ្តេញលោកនាយកប្រតិបត្តិ C. Y. LEUNG ចេញពីតំណែងដោយចោទថា លោកមាននិន្នាការគាំទ្ររដ្ឋាភិបាល ក្រុងប៉េកាំង។
ទីក្រុងហុងកុង គឺជាដែនកោះមួយរបស់សាធារណរដ្ឋប្រជាមានិតចិន ហើយត្រូវបានត្រួតត្រាដោយចក្រភពអង់គ្លេស ក្នុង ឆ្នាំ១៨៨៩ និងត្រូវបានប្រគល់ឲ្យចិនគ្រប់គ្រងវិញក្នុង ឆ្នាំ១៩៩៧ បន្ទាប់ពីមានការចុះកិច្ចព្រមព្រៀងរួមគ្នាមួយរវាងរដ្ឋាភិបាលនៃចក្រភពអង់គ្លេស និងចិន ដែលតម្រូវឲ្យកោះនេះក្លាយជាតំបន់ស្វយ័ត ហើយរាល់ការដឹកនាំទាំងនយោបាយ និងសេដ្ឋកិច្ចគឺពុំស្ថិតក្រោមការបញ្ជាពីរដ្ឋាភិបាលប៉េកាំងឡើយ។ បើយោងតាមស្ថិតិ ឆ្នាំ២០១១ កោះនេះមានប្រជាជនសរុបចំនួនជាង ១ លាននាក់ប៉ុណ្ណោះ។
លោក Polly Ko មន្ត្រីការិយាល័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់ទីក្រុងហុងកុង បានប្រាប់ កម្ពុជាចុងសប្តាហ៍ តាមរយៈអីមែលកាលពីពេលថ្មីៗនេះថា ការឡើងកម្តៅរបស់ហ្វូងបាតុករដែលដឹកនាំដោយក្រុមនិស្សិតហុងកុងនាពេលនេះគឺពុំបានបង្កឲ្យមានផលប៉ះពាល់ជាអវិជ្ជមាននៃទំនាក់ទំនងសេដ្ឋកិច្ចរវាងហុងកុង និង ប្រទេសកម្ពុជា ឡើយ។
លោកបានថ្លែងថា៖ «យើងដឹងថា មកទល់នឹងពេលនេះគឺពុំមានការផ្អាកដំណើការជើងហោះហើរមួយណាឡើយពីហុងកុងមកកាន់កម្ពុជាកាលពីប៉ុន្មានសប្តាហ៍មុន។ បច្ចុប្បន្ននេះ គឺមានការហោះហើរត្រង់ចំនួន ១០ ជើងក្នុងមួយសប្តាហ៍ពី ហុងកុង មក ភ្នំពេញ និង ៤ ជើងក្នុង ១ សប្តាហ៍ពីហុងកុងមក ខេត្តសៀមរាប។ ដូច្នេះពុំមានផលប៉ះពាល់អីរវាងទំនាក់ទំនងទេសចរណ៍នៃប្រទេសកម្ពុជា និង ទីក្រុងហុងកុង ឡើយ គឺអាចរក្សាបានប្រក្រតីភាព»។
លោកបានថ្លែងបន្តថា គណៈកម្មាធិការរបស់រដ្ឋាភិបាលនៃ ទីក្រុងហុងកុង នឹងនៅតែខិតខំព្យាយាមឲ្យអស់ពីសមត្ថភាពក្នុងការធ្វើបច្ចុប្បន្នភាពព័ត៌មានចុងក្រោយដើម្បីផ្តល់ ជូនភ្ញៀវទេសចរទាំងអស់តាមគ្រប់មធ្យោបាយដែលខ្លួនមានរួមទាំងតាមគេហទំព័ររបស់គណៈកម្មការទេសចរណ៍របស់ ទីក្រុងហុងកុង មណ្ឌលព័ត៌មានទេសចរណ៍នៅតាមព្រលានយន្តហោះ និងមន្ត្រីដែលប្រចាំការនៅតាមច្រកត្រួតពិនិត្យផ្សេងៗ ក្នុងបំណងដើម្បីជួយសម្របសម្រួលភ្ញៀវទេសចរក្នុងការរៀបចំផែនការដំណើរកម្សាន្តរបស់ពួកគេនៅក្នុងទីក្រុងហុងកុង។
«យើងជំរុញឲ្យភ្ញៀវទេសចរបន្តការយកចិត្តទុកដាក់ក្នុងការប្រកាសដំណឹងផ្សេងៗពីរដ្ឋាភិបាលអំពីការរៀបចំសណ្តាប់ធ្នាក់ចរាចរណ៍នៅតាមសង្កាត់មួយចំនួន និងដើម្បីបញ្ចៀសការចូលក្នុងក្រុង តំបន់ Admiralty , Causeway Bay និង តំបន់ Mong Kok» នេះបើយោងតាមការអះអាងរបស់លោក។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា ក៏បានលើកឡើងដែរថា ពុំមានការផ្អាកជើងហោះហើរណាមួយឡើយរហូតមកទល់នឹងពេលនេះ។ «ខ្ញុំមិនបានទទួលបានរបាយការណ៍ណាមួយឡើយដែលបញ្ជាក់ថា មានការផ្អាកការហោះហើរទាំងនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ និង ខេត្តសៀមរាប។ បច្ចុប្បន្នយើងមានក្រុមហ៊ុនអាកាសចរណ៍មួយគឺ Drangon Air កំពុងប្រតិបត្តិលើផ្លូវនោះ»។
លោកបានថ្លែងឲ្យដឹងទៀតថា ភ្ញៀវទេសចរចិនហុងកុង គឺជាភ្ញៀវដ៏មានសក្តានុពលមួយរបស់កម្ពុជា ដោយសារពួកគេមានការចំណាយខ្ពស់មិនចាញ់ភ្ញៀវមកពីអឺរ៉ុបឡើយ។
របាយការណ៍ពីក្រសួងទេសចរណ៍ បានបង្ហាញថា កម្ពុជាបានទទួលភ្ញៀវទេសចរហុងកុងចំនួន ៣៦៦១ នាក់ក្នុងឆមាស ទី១ ឆ្នាំនេះធៀបនឹង ៣៥៨៤ នាក់ក្នុងរយៈពេលដូចគ្នាកាលពី ឆ្នាំ២០១៣ គឺមានកំណើនជាង ២ ភាគរយប៉ុណ្ណោះ។

បើយោងតាមលោក Polly បានឲ្យដឹងថា ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងទីក្រុងហុងកុង នៅតែរក្សាបាននូវកំណើនមួយដ៏គួរឲ្យកត់សម្គាល់ជាច្រើនឆ្នាំមកនេះ ដោយលោកបានថ្លែងថា ជាមធ្យមយើងទទួលបានកំណើនមួយដ៏គួរជាទីមោទនៈក្នុងរង្វង់ជាង ២០ ភាគរយ។ កម្ពុជាគឺជាដៃគូពាណិជ្ជកម្មដ៏ធំមួយក្នុងចំណោមទាំងដប់គឺឈរក្នុងលំដាប់លេខ ៦ ដោយកាលពី ឆ្នាំ២០១៣ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរកើនឡើងជាង ១៩ ភាគរយ។
លោកបានថ្លែងថា «ប្រទេសកម្ពុជា គឺនៅតែជាទីផ្សារដ៏មានសក្តានុពលដ៏សំខាន់មួយនៅអាស៊ីអាគ្នេយ៍ [អាស៊ាន] ដែលជាទីតាំងនៃវិនិយោគិនហុងកុងចូលចិត្តបោះទុនវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់»។
អ្នកគួរតែធ្វើការរំលឹកឡើងវិញអំពីដំណើរទស្សនកិច្ចរបស់លោក John C Tsang អគ្គលេខាហិរញ្ញវត្ថុរបស់យើងដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់មួយក្រុមដើម្បីជួបជាមួយប្រមុខរាជរដ្ឋាភិបាលកម្ពុជាជាច្រើននាក់ រួមទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ។
ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនោះគឺក្រុមគណៈប្រតិភូពីវិស័យឯកជនបានកសាងនូវទំនាក់ទំនងដ៏ល្អជាមួយគ្នា និងបានធ្វើការពិភាក្សាយ៉ាងស៊ីជម្រៅនិងទទួលបាននូវផ្លែផ្កាជាមួយនឹងក្រុមមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ជាច្រើនរូប និងអ្នកតំណាងសំខាន់ៗពីសភាពាណិជ្ជកម្មកម្ពុជា និងសមាគមអ្នកជំនួញ។
លោកថ្លែងថា៖ «ការណ៍នេះគឺបានត្រួសត្រាយផ្លូវបន្តជំរុញនូវការសហប្រតិបត្តិការនិងការផ្តល់ឱកាសក្នុងការធ្វើជំនួញ។ យើងពិតជាមានទំនុកចិត្តយ៉ាងខ្លាំងថា ទំនាក់ទំនងសេដ្ឋកិច្ចរវាង ទីក្រុងហុងកុង និងប្រទេសកម្ពុជា នៅតែបន្តរីកដុះដាលឡើង»៕