ក្រុមហ៊ុន វីសាន់ឌីវើឡុបមេនអេឡិចទ្រីស៊ីធីខូអិលធីឌីដែលជាក្រុមហ៊ុនក្នុងស្រុកបានចាប់ដៃគូវិនិយោគរួមគ្នាជាមួយនឹងក្រុមហ៊ុន យ៉ាងគ័ង របស់ចិនក្នុងទឹកប្រាក់វិនិយោគប្រមាណជា២៥លានដុល្លារអាមេរិកក្នុងការចែកចាយបរិក្ខារថាមពល អគ្គិសនី និងស្ថាបត្យកម្មអគ្គិសនីនៅកម្ពុជា និងធ្វើជាច្រកចែកចាយនាំចេញទៅកាន់ប្រទេសមួយចំនួនទៀតក្នុងតំបន់។
លោក សេង សាវី ប្រធានក្រុមហ៊ុនវីសាន់ឌីវើឡុបមេនអេឡិចទ្រីស៊ីធីខូអិលធីឌី បានមានប្រសាសន៍ក្នុងពិធីសម្ពោធជាផ្លូវការកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ការសម្រេចចិត្តវិនិយោគរបស់ចិននេះជាលើកដំបូងហើយក្នុងការសហការជាមួយក្រុមហ៊ុនក្នុងស្រុករបស់កម្ពុជាធ្វើជាស្នាក់ការកណ្តាលសម្រាប់ចែកចាយផលិតផលបរិក្ខារអគ្គិសនីក្នុងស្រុក និងចែកចាយបន្តទៅក្នុងតំបន់។
លោកបានបន្តថា«ការចែកចាយផលិត ដែលនាំចូលមកពីប្រទេសចិននេះគឺក្រុមហ៊ុនវីសាន់ឌីវើឡុបមេនអេឡិចទ្រីស៊ីធីខូអិលធីឌីបានសហការជាមួយក្រុមហ៊ុនយ៉ាងគ័ង ប្រទេសចិនដោយជំហានដំបូងប្រើប្រាស់ទុនវិនិយោគប្រមាណ ២៥ លានដុល្លារ»។
«មូលហេតុដែលនាំឲ្យលោកក៏ដូចជាក្រុមហ៊ុន យ៉ាងគ័ងបោះទុនវិនិយោគលើវិស័យ ថាមពលអគ្គិសនីនៅកម្ពុជានេះគឺដោយសារតែបច្ចុប្បន្ននេះប្រទេសកម្ពុជាមានតម្រូវការខ្ពស់លើវិស័យនេះទើបយើងសម្រេចធ្វើការនាំចូលផលិតផលពីប្រទេសចិនមកលក់នៅកម្ពុជាដើម្បីផ្តល់នូវបច្ចេកវិទ្យាទំនើបដែលមានគុណភាពអាចកែច្នៃឲ្យស៊ីភ្លើងតិចនិងតម្លៃថោកសមរម្យដែលមានគុណភាពតាមបទដ្ឋានត្រឹមត្រូវ»។ នេះបើយោងតាមការលើកឡើងរបស់លោក សេង សាវី។
លោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញបានថ្លែងក្នុងពិធីនោះថា រដ្ឋាភិបាលមានការគាំទ្រឲ្យមានអ្នកវិនិយោគក្នុងការចូលរួមអភិវឌ្ឍវិស័យអគ្គិសនីនៅកម្ពុជា។
លោកបានថ្លែងថា«ការបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រុមហ៊ុនវីសាន់ ឌីវើឡុបមេន មិនត្រឹមតែជាសក្ខីភាពបញ្ជាក់ឲ្យឃើញអំពីការចូលរួម និងគាំទ្រចំពោះកិច្ចសហការធ្វើអាជីវកម្មរវាងពាណិជ្ជករកម្ពុជា និងពាណិជ្ជករចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានឆ្លុះបញ្ចាំងឲ្យឃើញនូវភាពជោគជ័យថ្មីមួយទៀត ដែលកម្ពុជាបានខិតខំទាក់ទាញវិនិយោគិនទាំងក្នុង និងក្រៅប្រទេសក្នុងការបណ្តាក់ទុនធ្វើអាជីវកម្មនៅកម្ពុជា»។
លោកស្រេងបានថ្លែងបន្តទៀតថា« ក្រុមហ៊ុនវីសាន់ មានកម្មវត្ថុនៃការធ្វើពាណិជ្ជកម្មបម្រើដល់វិស័យថាមពលអគ្គិសនី បរិក្ខារអគ្គិសនី សំណង់អគ្គិសនី និងគំនិតច្នៃប្រឌិតថ្មី ដើម្បីអភិវឌ្ឍលើវិស័យនេះ»។
លោក សាវី បានមានប្រសាសន៍ឲ្យដឹងទៀតថា ក្រុមហ៊ុនរបស់លោកក៏មានមានបំណងចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យថាមពលអគ្គិសនីនិងផ្គត់ផ្គង់បរិក្ខារអគ្គិសនីទំនើបៗ ដល់សហគ្រាសធុនតូច និងមធ្យមនិងប្រជាជនកម្ពុជាប្រកបដោយគុណភាពនិងមានភាពទាន់សម័យនៃបច្ចេកវិទ្យាចុងក្រោយបង្អស់។
លោក សេង សាវី បានបន្តទៀតថា៖«ការបង្កើតក្រុមហ៊ុននេះយើងបានសហការជាមួយបណ្តាក្រុមហ៊ុនអគ្គិសនី សំណង់វារីអគ្គិសនី និងជាមួយរាជរដ្ឋាភិបាលក្នុងការចែកចាយថាមពលអគ្គិសនីដល់រដ្ឋ និងប្រជាពលរដ្ឋដោយយើងបានកំពុងតែធ្វើទំនាក់ទំនងនៅតាមបណ្តាខេត្តមួយចំនួនដូចជា ខេត្តកំពត កំពង់ចាម ព្រះសីហនុ និងរាជធានីភ្នំពេញ ជាដើម»។
លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលថ្លែងកាលពីថ្ងៃពុធថា រហូតមកទល់នឹងពេលនេះកម្ពុជាមានសមត្ថភាពក្នុងការផ្គត់ផ្គង់ថាមពលអគ្គិសនីបាន៦០ភាគរយនៃភូមិទាំងអស់ក្នុងប្រទេសកម្ពុជា។
លោកថា «ក្នុងផែនដីខ្មែរ ៦០ ភាគរយមានភ្លើងអគ្គិសនីដែល បញ្ជូនទៅតាមបណ្តាញ ទាំងពីរគឺបណ្តាញតង់ស្យុងខ្ពស់ បណ្តាញរង បណ្តាញតង់ស្យុងមធ្យមដល់បណ្តាញចែកចាយ គឺមានភ្លើងអគ្គិសនីទៅទាំងអស់ហើយគ្រប់គ្រាន់តាមសេចក្តីត្រូវការរបស់ប្រជាជនយើង។ ពីឆ្នាំនេះទៅ ដល់ឆ្នាំ២០១៨ លែងមានខ្វះភ្លើងទៀតហើយ»។
គួររំឭកផងដែរថា អគ្គិសនីកម្ពុជាក៏មានគម្រោងចំណាយប្រាក់ជាង២លានដុល្លារសហរដ្ឋអាមេរិកក្នុងការទិញសម្ភារបរិក្ខារអគ្គិសនីដូចជា ខ្សែភ្លើង និងកុងទរ័ដើម្បីតភ្ជាប់បណ្តាញដល់បន្ទប់ជួលរបស់កម្មករ កម្មការិនីរោងចក្រកាត់ដេរ។ រដ្ឋាភិបាលកម្ពុជាកាលពីដើមសប្តាហ៍នេះក៏បានធ្វើការអះអាងផងដែរអំពីការកំណត់អត្រាថ្លៃភ្លើងថ្មីចាប់ពីឆ្នាំនេះរហូតដល់ឆ្នាំ២០២០ ខណៈដែលប្រទេសកម្ពុជាកំពុងទទួលបាននូវប្រភពភ្លើងបន្ថែមទៀតពីទំនប់វារីអគ្គិសនីផ្សេងៗ៕