ក្រុមហ៊ុនដ៏ធំចំនួនមួយរបស់ចិនបានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការវិនិយោគក្នុងវិស័យស្រូវអង្ករ និងឧស្សាហកម្មកែច្នៃនៅកម្ពុជាក្នុងគោលបំណងដើម្បីជំរុញការនាំចេញពីកម្ពុជាទៅកាន់ទីផ្សារចិន ដើម្បីឲ្យសម្រេចតាមផែនការដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរបានសន្យា។
រដ្ឋាភិបាល កម្ពុជា-ចិន បានធ្វើការប្តេជ្ញាបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរឲ្យសម្រេចបាន ៥ ពាន់លានដុល្លារដល់ដំណាច់ ឆ្នាំ២០១៧។
លោក Wang Xuenmao នាយកប្រតិបត្តិក្រុមហ៊ុនគ្រឿងសង្ហារិម Chengdu Bayi Furniture Group និងជាប្រធានសមាគមសង្ហារិម Sichuan Furniture Industry Association របស់ចិន បានជួបពិភាក្សាជាមួយនឹងលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាកាលពីថ្ងៃ ទី១៤ តុលា បានថ្លែងថា ក្រុមហ៊ុនរបស់លោកមានចំណាប់អារម្មណ៍ក្នុងការវិនិយោគ នៅប្រទេសកម្ពុជា ក្នុងវិស័យស្រូវអង្ករ ឧស្សាហកម្មកែច្នៃ និងការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម ដែលបានចេញផ្សាយកាលពីថ្ងៃពុធ។
លោក Wang បានថ្លែងថា៖ «គម្រោងទីមួយមានគោលដៅជួយជំរុញ និងបង្កើនការនាំចូលអង្ករពីកម្ពុជាមកកាន់ ប្រទេសចិន»។ លោក Wang ក៏បានស្នើសុំការណែនាំ និងការគាំទ្រពីលោករដ្ឋមន្ត្រីក្នុងការវិនិយោគនៅក្នុងវិស័យស្រូវអង្ករដើម្បីបង្កើនបរិមាណអង្ករ និងជំរុញទំហំពាណិជ្ជកម្ម និងវិនិយោគបន្ថែម រវាងកម្ពុជា និងចិន។
លោក ស៊ុន ចាន់ថុល បានធ្វើការគាំទ្រចំពោះគម្រោង វិនិយោគលើស្រូវអង្ករ នៅក្នុង ប្រទេសកម្ពុជា ហើយលោកបានលើកទឹកចិត្តឲ្យលោក Wang ជួយជំរុញអង្ករកម្ពុជានៅក្នុងទីផ្សារចិន។
លោក ហ៊ុន ឡាក់ ប្រធានក្រុមហ៊ុននាំចេញអង្ករ Mekong Oryaza Trade ធ្លាប់មានប្រសាសន៍ថា ក្រុមហ៊ុនរបស់លោកបាននាំចេញអង្ករទៅចិន ចាប់តាំងពី ឆ្នាំ២០១២ ដោយលោកបានថ្លែងបន្តថា ចិនគឺជាទីផ្សារដ៏មានសក្ដានុពលសម្រាប់វិស័យអង្ករកម្ពុជាបន្ទាប់ពី ទីផ្សារសហភាពអឺរ៉ុប។
លោកបន្តថា៖ «EU គឺជាទីផ្សារចាស់របស់កម្ពុជា។ ទោះបីជាកម្ពុជាទទួលបានការអនុគ្រោះពន្ធពី EU ប៉ុន្តែការអនុគ្រោះនេះកំណត់វេលា។ ដូច្នេះកម្ពុជាត្រូវតែពង្រីកទីផ្សារបន្ថែមទៅបណ្ដាប្រទេសផ្សេងៗ ដូចជា ចិន ជាដើម។ ខ្ញុំរំពឹងថា ចិននឹងបង្កើនការបញ្ជាទិញពីកម្ពុជា បើកម្ពុជាអាចអនុវត្តបានល្អ»។
កាលពី ខែសីហា ក្រុមហ៊ុន ហ្គ្រិនត្រេដ ដែលជាក្រុមហ៊ុនរបស់កម្ពុជាបានចុះអនុស្សរណៈនៃការយោគយល់មួយនៅ ទីក្រុងប៉េកាំង ប្រទេសចិន ជាមួយនឹងក្រុមហ៊ុន COFCO ជាសហគ្រាសផលិតផលិតផលចំណីអាហាររបស់រដ្ឋាភិបាលចិន ក្នុងការនាំចេញអង្ករ ១ សែនតោនពីកម្ពុជាទៅ ប្រទេសចិន។

កាលពី ខែកញ្ញា ឆ្នាំមុននោះដែរ ហ្គ្រីនត្រេដ បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Meijing Rice របស់ចិនលើការនាំចេញអង្ករ ១ សែនតោនក្នុងមួយឆ្នាំពីកម្ពុជាផងដែរ។
ក្រៅអំពីអង្ករ បើយោងតាមលោក កែន រដ្ឋា មន្ត្រីនាំពាក្យនៃក្រសួងពាណិជ្ជកម្ម ធ្លាប់បានប្រាប់ឲ្យដឹងដែរថា មន្ត្រីជំនាញគ្រប់គ្រងគុណភាពអធិការកិច្ច និងអនាម័យ ភូតគាមអនាម័យ (AQSIQ) នៃប្រទេសចិន បានយល់ព្រមបង្កើតក្រុមការងាររួមគ្នាជាមួយកម្ពុជា ដើម្បីរៀបចំពិធីសារអនាម័យ និងភូតគាមអនាម័យសម្រាប់ផលិតផលកសិកម្មដើម្បីអាចទទួលបានការអនុញ្ញាតនាំចូលទៅទីផ្សារ ប្រទេសចិន។ ផលិតផលកសិកម្មទាំងនោះរួមមាន ម្រេច ស្វាយ ចេក គ្រាប់ស្វាយចន្ទី សណ្តែក កៅស៊ូពាក់កណ្តាលសម្រេច និងផលិតផលកសិកម្មសក្តានុពលជាច្រើនមុខទៀត។
ពិធីសារអនាម័យ និងភូតគាមអនាម័យ នេះគឺជាជំហានដ៏សំខាន់មួយរបស់កម្ពុជា ដើម្បីពង្រីកទីផ្សារផលិតផលកសិកម្មរបស់ខ្លួនតាមរយៈការនាំចេញទៅកាន់ ប្រទេសចិន ផ្ទាល់ដោយកាត់បន្ថយការពឹងផ្អែកលើទីផ្សារប្រទេសជិតខាង។
លោក កែន រដ្ឋា ថ្លែងថា៖ «នៅពេលដែលយើងមានចិនជាទីផ្សារសម្រាប់កសិផលនោះ កសិករនឹងអាចមានទំនុកចិត្តជាងមុនលើទីផ្សារ និងតម្លៃសម្រាប់កសិផលដែលគាត់ផលិតបាន»។
ជាមួយគ្នានេះដែរ ប្រទេសចិន ក៏បានយល់ព្រមក្នុងការកែសម្រួលពិធីសារអនាម័យ និងភូតគាមអនាម័យសម្រាប់ផលិតផលអង្ករកម្ពុជា ដែលបានចុះហត្ថលេខាកាលពី ឆ្នាំ២០១០ ដើម្បីបន្ថែមពិធីសារសម្រាប់ការនាំចូលអង្ករបាក់ពីកម្ពុជាផងដែរ។
បើយោងតាមរបាយការណ៍ពីក្រសួងកសិកម្ម បង្ហាញថា នៅក្នុងរយៈពេល ៩ ខែឆ្នាំនេះចិនបាននាំអង្ករសរុបប្រមាណ ២០ ៩២២ តោន ពីកម្ពុជា ដែលធ្វើឲ្យប្រទេសនេះឈរនៅលេខរៀង ទី៤ ក្នុងចំណោមប្រទេស ១០ ដែលនាំចូលអង្ករច្រើនជាងគេរបស់កម្ពុជា។
ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបាន ២,៨៣ ពាន់លានដុល្លារក្នុងរយៈពេល ៩ខែ ឆ្នាំ២០១៣។
កម្ពុជាក៏បានធ្វើការទាក់ទាញការវិនិយោគពីចិនបាន ៩,៦ ពាន់លានដុល្លារគិតចាប់ពី ឆ្នាំ១៩៩៤ ដល់ដំណាច់ ឆ្នាំ២០១៣៕