ភ្នំពេញៈ គណបក្សប្រជាជនកម្ពុជា បានសម្រេចតែងតាំងសមាជិករបស់ខ្លួនបីរូប ជា«អ្នកនាំពាក្យ»របស់គណបក្ស ដើម្បីងាយស្រួលការប្រាស្រ័យទាក់ទងជាមួយប្រព័ន្ធផ្សព្វផ្សាយ និងជម្រាបពីគោលនយោបាយនៃការដឹកនាំបក្សជូនដល់ប្រជាពលរដ្ឋឲ្យបានជ្រួតជ្រាបក្នុងក្របខ័ណ្ឌកំណែទម្រង់របស់គណបក្ស និងរដ្ឋាភិបាល។
អ្នកនាំពាក្យទាំងបីរូបមានឈ្មោះលោកបណ្ឌិត ឈឹម ផលវរុណ ដែលត្រូវគេស្គាល់ថាជាប្រធានវិទ្យាស្ថានពលរដ្ឋវិទ្យា និងជាអ្នកវិភាគផ្នែកច្បាប់តាមកញ្ចក់ទូរទស្សន៍គាំទ្រគណបក្សប្រជាជនកម្ពុជា លោក សួស យ៉ារ៉ា សព្វថ្ងៃជាតំណាងរាស្ត្រមណ្ឌលខេត្តព្រះវិហារ និងលោក សុខ ឥសាន តំណាងរាស្ត្រមណ្ឌលព្រៃវែង។
លោក ឈឹម ផលវរុណ ដែលសព្វថ្ងៃជាទីប្រឹក្សានាយករដ្ឋមន្ត្រីលោក ហ៊ុន សែន បានប្រាប់ភ្នំពេញប៉ុស្តិ៍ កាលពីម្សិលមិញថា លិខិតតែងតាំងរបស់គណបក្សដែលលោកបានអានជូនគឺបានចុះហត្ថលេខាកាលពីថ្ងៃទី៤ កុម្ភៈ ចេញពីគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជន ដែលសម្រេចក្រោយពីការពិភាក្សាក្នុងមហាសន្និបាតគណបក្ស កាលពីសប្តាហ៍មុននេះ។
លោកថា៖ «ក្នុងពេលគណបក្សធ្វើមហាសន្និបាតទូទាំងប្រទេសបានបញ្ជាក់ថា គណបក្សប្រជាជន មិនមានអ្នកនាំពាក្យគណបក្សជាផ្លូវការនៅឡើយ ដូច្នេះគណៈអចិន្ត្រៃយ៍ ក៏សម្រេចតែងតាំងខ្ញុំ។ នេះជាកិត្តិយស ដែលខ្ញុំបានទទួលការទុកចិត្តពីគណបក្សដើម្បីបំពេញការងារនយោបាយ ក្នុងការជម្រាបការងារនយោបាយ ដល់មហាជន ដើម្បីជម្រាបពីសមិទ្ធផលផ្សេងៗដែលគណបក្សបានធ្វើទាំងបច្ចុប្បន្ន និងទៅអនាគត»។
ក្នុងមហាសន្និបាតគណបក្សប្រជាជន ដែលធ្វើរយៈពេល២ថ្ងៃកន្លះនិងបិទបញ្ចប់កាលពីថ្ងៃទី១ កុម្ភៈ បានបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មាធិការកណ្តាលចំនួន ៣០៦ ដែលភាគច្រើនជាយុវជន ធ្វើឲ្យសមាជិកគណៈកម្មាធិការកណ្តាលមានចំនួនកើនដល់ ៥៤៥រូប។
លោក សុខ ឥសាន ដែលជ្រើសរើសជាអ្នកនាំពាក្យថ្មីដែរនោះថ្លែងថា នេះជាកំណែទម្រង់របស់បក្សគឺដើម្បីផ្តល់ភាពងាយស្រួលទៅដល់បណ្តាអ្នកសារព័ត៌មានក្នុងការទទួលបានព័ត៌មាន ចៀសវាងអ្នកសារព័ត៌មានសួរសំណួរគ្មានអ្នកឆ្លើយ៕