ខ្ញុំគិតជាមួយប្រពន្ធថា ពេលរកលុយគ្រប់ត្រឡប់មកស្រុកវិញ ខ្ញុំទិញគោធ្វើស្រែ ឯប្រពន្ធខ្ញុំបិទស្រា។គាត់ចេះបិទស្រា ខ្ញុំចេះរៀបឥដ្ឋសង់ចង្ក្រានឲ្យគាត់បិទស្រា។ រកស៊ីបន្តិចបន្តួចនៅក្នុងភូមិតែឥឡូវគម្រោងនេះរលាយអស់ហើយ»។ នេះជាសម្តី នឹម សាវុធ ជាកម្មករចំណាកស្រុកខុសច្បាប់ម្នាក់ក្នុងចំណោមរាប់ម៉ឺននាក់ដែលត្រូវទាហានថៃបញ្ជូនត្រឡប់មកកម្ពុជាវិញចាប់តាំងពីដើម ខែមិថុនា មក។
កាលពី ឆ្នាំ២០១១ នឹម សាវុធ បានចាកចេញពី កម្ពុជា ទៅធ្វើជាកម្មករសំណង់នៅ ប្រទេសថៃ ដោយមិនមានលិខិតឆ្លងដែន មិនចេះភាសា មិនមានលុយជាប់ខ្លួននិងមានតែខោអាវត្រឹមមួយកំប្លេប៉ុណ្ណោះ។
៤ ឆ្នាំក្រោយមក សាវុធ ត្រឡប់មក កម្ពុជា វិញគ្មានលិខិតឆ្លងដែន គ្មានលុយកាក់ជាប់ខ្លួន គឺមានតែខោអាវមួយកំប្លេដដែល។
សាវុធ ថ្លែងថា៖ «ថ្ងៃដែលគេចុះទៅចាប់ពួកខ្ញុំនោះ តម្រួតថៃគេមិនឲ្យខ្ញុំយកអីតាមខ្លួនទាំងអស់។ លុយក្នុងកាបូបខោអាវខ្ញុំ ២ ម៉ឺនបាត។ ម៉ាញ៉េ ទូរទស្សន៍ សម្លៀកបំពាក់ខ្ញុំនិងប្រពន្ធខ្ញុំ សម្ភារធ្វើសំណង់របស់ខ្ញុំសរុបទៅប្រហែល ៣ ម៉ឺនបាតទៀត។ គេប្រាប់ខ្ញុំថា គេនឹងផ្ញើអីវ៉ាន់ខ្ញុំមកតាមក្រោយរហូតមកដល់ពេលនេះមិនដឹងថា របស់របរខ្ញុំនៅឯណាទេ»។
៤ ឆ្នាំនៅ ប្រទេសថៃ សាវុធ ដើរស៊ីឈ្នួលធ្វើជាជាងសំណង់ពីមួយកន្លែងទៅមួយកន្លែងប្រឈមមុខនឹងការចាប់ចងជារៀងរាល់ថ្ងៃពីតម្រួត ថៃ។ ជាកម្មករចំណាកស្រុកខុសច្បាប់ ហើយអាចបន្តធ្វើការនៅ ប្រទេសថៃ រហូតដល់ ៤ឆ្នាំ សាវុធ ឲ្យដឹងថា៖ «តម្រួតថៃគេតែងចុះមកសួរនាំថៅកែថា តើមានកម្មករខ្មែរខុសច្បាប់ដែរឬទេ?

ថៅកែខ្ញុំប្រាប់ខ្ញុំថា ឲ្យប្រាប់គេតាមត្រង់។ ជាពលករខុសច្បាប់តម្រួតថៃទារ ៧០០០ បាត ប្រហែល ២០០ ដុល្លារអាមេរិកដើម្បីលោះខ្លួន។ ប៉ះថៅកែចិត្តល្អទៅគាត់បង់ជំនួស ថៅកែខ្លះគាត់ជួយបង់ពាក់កណ្តាលខ្លះទៅឲ្យយើងបង់ទាំងអស់តែម្តង។ តម្រួតថៃឲ្យតែដល់ថ្ងៃពួកខ្ញុំត្រូវបើកលុយគឺគេចុះមកទារលុយថ្លៃលោះខ្លួនហើយ»។
សាវុធ រៀបរាប់អំពីថ្ងៃដែលលោកត្រូវតម្រួតថៃចាប់កាលពីថ្ងៃ ទី៦ ខែមិថុនា ដូច្នេះថា៖ «ខ្ញុំកំពុងតែដាំបាយ ជួយធ្វើម្ហូបប្រពន្ធហ្នឹង ស្រាប់តែគេបើកទ្វារផ្ទះចូលទៅ សួរថា ខ្មែរក៏ថៃ។ គេប្រាប់ឲ្យចេញមកពេលនោះខ្ញុំដឹងថា គេចុះចាប់បាត់ហើយ»។
លោកបន្តថា គាត់មិនឲ្យបាយទឹកអីទេ ចាប់មកហើយបញ្ជូនមកតែម្តង។ ពីរយប់ពីរថ្ងៃមិនឲ្យបាយហូបអីទេនៅក្នុងគុកនៅ អារញ្ញ។ ប៉ូលិសថៃគេទារលុយ ៣០០ បាតទើបឲ្យចេញ។ ខ្ញុំចាំរហូតដល់ម៉ោង ៧ ទៅ ៨ យប់ទើបគេបញ្ជូនមកប៉ុស្តិ៍ប៉ូលិសព្រំដែន។ មកដល់គុកខ្មែរ ប៉ូលិសខ្មែរក៏ទារលុយ ២ ម៉ឺនទៀត។ មិនតែប៉ុណ្ណោះប៉ូលិសខ្មែរគេស្តីឲ្យថា ហេតុអីបានខ្ញុំទៅធ្វើការនៅស្រុកគេមិនមានច្បាប់ទម្លាប់។ ម៉េចមិននៅធ្វើការនៅស្រុកឯង។ គេមិនសួរថាម៉េចបានដាច់ចិត្តទៅទេ»។
សាវុធ ឲ្យដឹងទៀតថា៖ «មកដល់ព្រំដែនខ្មែរ អត់មានអីរលីង ទទេតែម្តង។ ម៉ែឪរត់ទៅចងការគេ ២០ ម៉ឺនឲ្យខ្ញុំជិះឡានមកផ្ទះវិញ។ ដាច់បាយអស់ ៥ថ្ងៃ ទំរាំមកដល់ផ្ទះថ្ងៃ ទី១១។ ពលករទាំងអស់ប្រហែល ៧០០ នាក់មកថ្ងៃជាមួយខ្ញុំ ហើយដឹកចេញមក ៤ ឡានបែន គឺឡានដឹកពោត»។
តបនឹងសំណួរថា ហេតុអ្វីបានជាសម្រេចចិត្តចាកចេញពីស្រុកកំណើតផ្សងព្រេងលើទឹកដីទាំងមិនចេះភាសា និងមិនមានលិខិតឆ្លងដែន សាវុធ ថា ការសម្រេចចិត្តចេញទៅ ថៃ ក៏ព្រោះការងារក្នុងស្រុកទទួលបានប្រាក់ខែតិច ជួយផ្តល់ឲ្យក្រុមគ្រួសារមិនគ្រប់។
លោកបានបន្តថា៖ «ខ្វះខាតជីវភាពមុខក្រោយមួយខែបាន ២៥ម៉ឺន។ នឹកឃើញរកនៅទីនេះ រកមិនគ្រប់។ ម៉ែឪ ក្រ ហើយចាស់ៗ ក៏ដាច់ចិត្តថា ត្រូវតែទៅ។បើនៅធ្វើប៉ាស្ព័រ (Passport) អស់ ១០០ ទៅ ១៥០ ដុល្លារទៀត។ អត់មានលុយធ្វើ។ អ៊ីចឹងមានតែទៅតាមផ្លូវកាត់។ទៅតាមមេខ្យល់បង់ឲ្យគេ ៣០០០ បាត គេដឹកដល់កន្លែងធ្វើការ ហើយមានការងារឲ្យយើងធ្វើតែម្តង»។
នៅ ប្រទេសថៃ សាវុធ ទទួលបានប្រាក់កម្រៃប្រមាណ ៣០០ បាតស្មើនឹង ៩ ដុល្លារក្នុងមួយថ្ងៃមានតួនាទីជាជាងសំណង់។ ការងាររបស់លោកចាប់ផ្តើមពីម៉ោង ៧ ព្រឹកដល់ម៉ោង ៥ ល្ងាច។

រយៈពេល ៤ ឆ្នាំនៅ ប្រទេសថៃ សាវុធ បានចូលរួមសាងសង់សណ្ឋាគារ ៣៥ ជាន់មួយក្នុង ក្រុងថេប (បាងកក) ខុនដូ ៤៦ ជាន់មួយនៅ ខេត្តហួហ៊ីន និងគម្រោងផ្ទះល្វែងរាប់រយខ្នងនៅក្នុង ខេត្តឈុនប៊ូរី។ ពេលខ្លះក៏មិនបានទទួលប្រាក់ខែពីថៅកែជាច្រើនលើកច្រើនសា ក៏មាន។
បើតាមប្រសាសន៍របស់លោក យ៉ា ណាវុធ នាយកប្រតិបត្តិ នៃអង្គការ ខារ៉ាម កម្ពុជា ជាអង្គការដែលធ្វើការលើការលើកកម្ពស់និងការពារសិទ្ធិពលករឲ្យដឹងថា ពលករចំណាកស្រុកខុសច្បាប់ភាគច្រើនប្រឈមនឹងការកេងប្រវ័ញ្ចពីនិយោជក ការចាប់ឃុំពីសំណាក់ប៉ូលិសអន្តោប្រវេសន៍ថៃ ហើយដោយសារពួកគាត់មិនមានលិខិតឆ្លងដែននិងឯកសារស្របច្បាប់ពួកគាត់អាចនឹងត្រូវរងការជំរិតទារពីមេខ្យល់ពេលដែលពួកគាត់ចង់ត្រឡប់មកស្រុកវិញ។
លោកថា ពលករចំណាកស្រុកដោយខុសច្បាប់ព្រោះតែគ្មានជម្រើសប្រសើរជាងនេះ។
លោកថ្លែងថា៖ «មូលហេតុដែលនាំឲ្យពលករចំណាកស្រុក ទីមួយ ប្រាក់ឈ្មួលខ្ពស់ ការធ្វើកសិកម្មថ្លៃដើមខ្ពស់ ហើយខ្វះទីផ្សារ លក់បានថោកមិនចំណេញ ទី៣ គឺការប្រែដីកសិកម្មទៅជាដីសម្បទានសេដ្ឋកិច្ចច្រើនពេក ទី៤ ពលករខ្វះពត៌មានអំពីលក្ខខណ្ឌការងារក្នុងប្រទេសទទួល ទី៥ គឺការប្រែប្រួលអាកាសធាតុ ទី៦ អត្រាមិនមានការងារធ្វើខ្ពស់»។
លោកបាននិយាយឲ្យដឹងថា៖ «ពលករចំណាកស្រុកទៅដោយខុសច្បាប់ដោយសារចំណាយពេលខ្លី និងតម្លៃអស់តិចជាង ហើយទៅដោយស្របច្បាប់ជួនកាលក្រុមហ៊ុនកាត់ប្រាក់ឈ្មួលពី ៦ ទៅ ១០ ខែនៃប្រាក់ខែរបស់គាត់ឯណោះ។ និតីវិធីទៅតាមក្រុមហ៊ុនមានលក្ខណៈការិយាធិបតេយ្យ ស្មុគស្មាញ មានតម្លៃខ្ពស់ និងចំណាយពេលយូរដែលធ្វើឲ្យពួកគាត់ជ្រើសទៅតាមមេខ្យល់ជាងក្រុមហ៊ុនស្របច្បាប់»។
បន្ទាប់ពីមានការប្រកាសចាប់បញ្ជូនពលករចំណាកស្រុកមកកម្ពុជាវិញ រដ្ឋាភិបាលយោធាថៃកាលពីដើម ខែមិថុនា បានប្រកាសបញ្ចូនពលករខ្មែរដែលកំពុងបម្រើការ នៅ ប្រទេសថៃ ដែលមិនមានឯកសារស្របច្បាប់បានសម្រេចឲ្យវិលមកកម្ពុជាវិញជាបន្តបន្ទាប់ដែលធ្វើឲ្យតួលេខកើនដល់ជាង ២០ ម៉ឺននាក់បើគិតដល់ដើម ខែកក្កដា នេះ។
កាលពីថ្ងៃ ទី២៨ ខែមិថុនា បន្ទាប់មានការប្រជុំរវាងភាគីថៃនិងកម្ពុជារួចមក រដ្ឋាភិបាលយោធាថៃបានព្រមព្រៀងអនុញ្ញាត ទទួលយកពលករ ចំណាកស្រុកកម្ពុជាវិញ ដោយសារតែកង្វះកម្លាំងពលកម្មនៅក្នុងឧស្សាហកម្មជាការឆ្លើយតបរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃ ១ ខែកក្កដា បានសម្រេចក្នុងការជួយសម្រួលការវិលត្រឡប់របស់ពលករខ្លួនទៅកាន់ទឹកដីថៃដោយស្របច្បាប់គឺតម្រូវឲ្យពលករចំណាយត្រឹមតែ ២០ ដុល្លារប៉ុណ្ណោះ ក្នុងការទទួលបានទិដ្ឋាការទៅធ្វើការស្របច្បាប់នៅ ប្រទេសថៃ។
ទោះជាយ៉ាងណា លោក យ៉ា ណាវុធ លើកឡើងថា៖ «ពលករអាចសម្រេចទៅដោយស្របច្បាប់លុះត្រាតែមានការយល់ព្រមពីនិយោជកនៅប្រទេសទទួលពាក់ព័ន្ធនឹងការចេញចំណាយឲ្យពលករ ទៅលើប័ណ្ណអនុញ្ញាតការងារ ការពិនិត្យសុខភាព ការធានារ៉ាប់រងសុខភាព និងពាក្យសុំផ្សេងៗហើយនិងការដឹកជញ្ជូនពី កម្ពុជា ទៅ ទីក្រុងបាងកក»។

ខណៈមានការសម្របសម្រួលពីរដ្ឋាភិបាលនៃប្រទេសទាំងពីរយ៉ាងច្រើនពាក់ព័ន្ធនឹងការធ្វើឲ្យពលករក្លាយជាស្របច្បាប់នោះ លោក នឹម សាវុធ ដែលបច្ចុប្បន្នមានអាយុ ៣៥ឆ្នាំ និងភរិយានិយាយថា នឹងធ្វើការពិចារណាថា តើត្រូវត្រឡប់ទៅវិញឬយ៉ាងណា? តែលោកថា បទពិសោធដែលលោកបានឆ្លងកាត់រយៈពេលប៉ុន្មានឆ្នាំនៅ ប្រទេសថៃ និងពេលដែលលោកត្រូវចាប់បញ្ជូនមកវិញនេះ ធ្វើឲ្យលោកមិនចង់ចាកចេញទៅវិញនោះទេ។
សាវុធ និយាយថា៖ «ខ្ញុំផ្តាំដល់បងប្អូនខ្មែរយើង បើចង់ទៅថៃគួរតែទៅដោយស្របច្បាប់កុំទៅដោយខុសច្បាប់។ ពិបាកណាស់ មកវិញគ្មានយកបានអីមកទេ។ យកល្អរកការងារធ្វើនៅក្នុងស្រុក ឬនៅជួយធ្វើស្រែចម្ការរបស់ឪពុកម្តាយវិញ។ មានស៊ីអត់ស៊ីបាននៅក្បែរគ្រួសារ»។
បើយោងតាមមន្រ្តីជាន់ខ្ពស់របស់ក្រសួងការងារកម្ពុជាបានធ្វើការព្យាករថា ពលករខ្មែរដែលធ្វើការនៅ ប្រទេសថៃ ទាំងស្របច្បាប់ និងខុសច្បាប់បានផ្ញើប្រាក់មកផ្ទះវិញប្រមាណជា ៨០ លានដុល្លារក្នុងមួយឆ្នាំៗ។
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានថ្លែងកាលពីថ្ងៃ ទី១៦ មិថុនា ថា៖ «ដូច្នេះនៅពេលដែលពលករកម្ពុជាទាំងអស់ត្រូវបញ្ជូនមកវិញ កម្ពុជាអាចនឹងបាត់បង់ប្រាក់ចំណូលទាំងនេះក្នុងតម្លៃសេដ្ឋកិច្ច»។
បើទោះបីយ៉ាងនេះក្តី លោកអះអាងថា កម្ពុជានឹងមិនខាតបង់ខ្លាំងឡើយ ខណៈកម្លាំងពលកម្មទាំងនោះនឹងមកជំនួសកម្លាំងពលកម្មក្នុងស្រុកវិញ ដូចជារួមចំណែកបង្កើនចំណូលក្នុងវិស័យកសិកម្ម និងឧស្សាហកមុ្មជាដើម។
លោកថ្លែងថា៖ «បើយើងបាត់ចំណូលពីក្រៅ ក៏ប៉ុន្តែខាងក្នុងរបស់យើងវាកើន មានន័យថា ផលសរុបចុងក្រោយរបស់យើងវានៅតែស្មើដដែល»។
ក្នុងជំនួបរវាងលោក ហោ ណាំហុង រដ្ឋមន្រ្តីការបរទេសកម្ពុជា ជាមួយនឹងលោក ស៊ីហាសាក់ ភួងកេតកែវ រដ្ឋមន្រ្តីស្តីទីនៃក្រសួងការបរទេសថៃនៅរាជធានីភ្នំពេញកាលពីថ្ងៃ ទី១ ខែកក្កដា លោក ហោ ណាំហុង បានថ្លែងថា រហូតមកទល់នឹងពេលនេះមានពលករជាង ១ ម៉ឺននាក់ហើយដែលបានទទួលនូវទិដ្ឋាការពីស្ថានទូតថៃ ដើម្បីបំពេញបែបបទត្រឡប់ទៅធ្វើការនៅប្រទេសថៃវិញ៕