ភ្នំពេញ ប៉ុស្ដិ៍ | ​ទស្សនវិស័យ​របស់​អ្នកជំនាញ និង​ថ្នាក់ដឹកនាំ​សម្រាប់​ឆ្នាំ​២០១៥

ទស្សនវិស័យ​របស់​អ្នកជំនាញ និង​ថ្នាក់ដឹកនាំ​សម្រាប់​ឆ្នាំ​២០១៥

កម្ពុជាចុងសប្ដាហ៍

កាលបរិច្ឆេទផ្សាយ:
០៣ មករា ២០១៥ | ១២:៣៧

អ្នកយកព័ត៌មាន:
ម៉ៃ គុណមករា

ប្រធានបទផ្សេងៗ

លោក ម៉ៃ គុណមករា ប្រធាន​ក្រុម​ការីនិពន្ធ​ព័ត៌មាន​សេដ្ឋកិច្ច​នៃ​កាសែត​ភ្នំពេញប៉ុស្តិ៍

ឆ្នាំ​២០១៤ គឺជា​ឆ្នាំ​មួយ​ពោរពេញ​ទៅ​ដោយ​ការ​ប្រឈម​ជាច្រើន​សម្រាប់​អ្នកជំនាញ​សេដ្ឋកិច្ច​ក្នុង​ការ​តាមដាន​និង​អង្កេត​នៃ​ដំណើរ​វិវត្តន៍​ទៅ​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​និង​និន្នាការ​ផ្លាស់ប្តូរ​យ៉ាង​ឆាប់រហ័ស​នៃ​សេដ្ឋកិច្ច​នៅក្នុង​តំបន់​និង​សកលលោក ជាពិសេស​នោះ​វា​ជា​ឆ្នាំ​ដែល​បណ្តា​ក្រុមហ៊ុន​ក្នុង​ស្រុក​ទាំង​ជាតិ និង​អន្តរជាតិ គឺ​សុទ្ធតែ​ប្រឈម​នឹង​កត្តា​ជាច្រើន​បន្ទាប់ពី​ការ​បោះឆ្នោត​ជាតិ​កាលពី​ខែកក្កដា​នា​ឆ្នាំ​២០១៣ ដែល​បន្សល់​នូវ​ភាពចម្រូងចម្រាស បាតុកម្ម​កើត​មាន​ស្ទើរ​រាល់ខែ និង​បាន​បន្ត​រហូត​ដល់​ចុង​ឆ្នាំ​២០១៤​នេះ ដែល​បាន​ជះឥទ្ធិពល​ទាំង​ប្រយោល និង​ផ្ទាល់​ដល់​បណ្តា​សហគ្រាស ក្រុមហ៊ុន រោងចក្រ​តូចធំ​ទាំងឡាយ។ សម្រាប់​រយៈពេល​ដ៏មាន​តម្លៃ និង​ពោរពេញ​ទៅ​ដោយ​ការ​ផ្លាស់ប្តូរ​នៃ​កំណែទម្រង់​របស់​ស្ថាប័នរដ្ឋ​ក្នុង​ការ​ធ្វើឲ្យ​មាន​តម្លាភាព និង​ទំនុកចិត្ត​ដល់​វិស័យ​ឯកជន​ដែល​ជា​យាន​នៃ​កំណើន កាសែត​ភ្នំពេញ​ប៉ុស្តិ៍​បាន​ខិតខំ​សម្រិតសម្រាំង​សរសេរ​នូវ​អត្ថបទ និង​ធ្វើ​ការវិភាគ​នូវ​រាល់​ព្រឹត្តិការណ៍​ទាំងនោះ ថា តើ​វា​បាន​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​កម្រិត​ណា​ដើម្បី​បម្រើ​ជូន​ដល់​ម្ចាស់​អាជីវកម្ម សហគ្រាស​ទាំងឡាយ​គ្រប់​មជ្ឈដ្ឋាន។ សម្រាប់​ឆ្នាំ​២០១៥​នេះ​វិញ គឺជា​ឆ្នាំ​នៃ​ការ​ប្រែប្រួល​ខ្លាំង​នៃ​សេដ្ឋកិច្ច​ថ្នាក់​ជាតិ និង​តំបន់​ដែល​ជា​ការ​កកើតឡើង​នៃ​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​ដែល​នឹង​មក​ដល់​នា​ចុង​ឆ្នាំ​នេះ កាសែត​ភ្នំពេញប៉ុស្តិ៍​ផ្នែក​ព័ត៌មាន​សេដ្ឋកិច្ច​ជាមួយ​នឹង​ក្រុម​អ្នក​និពន្ធ និង​អ្នក​យក​ព័ត៌មាន​ទាំង​ជាតិ​និង​អន្តរជាតិ​ដែល​ប្រកប​ដោយ​វិជ្ជាជីវៈ បទពិសោធ និង​ការ​តាំងចិត្ត​ខ្ពស់ នឹង​នៅ​តែ​បន្ត​បេសកកម្ម​របស់​ខ្លួន​ក្នុង​ការ​តាក់តែង​និពន្ធ និង​រិះរក​នូវ​គំនិត​ថ្មីៗ និង​រឹតតែ​ខិតខំ​ធ្វើការ​វិភាគ​នូវ​ព្រឹត្តិការណ៍​ផ្សេងៗ​ទាំង​ក្នុង​តំបន់ និង​ពិភពលោក​ដើម្បី​ជា​ប្រយោជន៍​ក្នុង​ការ​ជំរុញ​កំណើន​និង​សម្រាប់​ជា​គំនិត​នៃ​ការ​រៀបចំ​អាជីវកម្ម​របស់​លោក​អ្នក​ប្រកប​ដោយ​សក្តានុពល ឧត្តមភាព​ប្រកួតប្រជែង និង​សុក្រឹតភាព៕

លោក វ៉ាន់ ដាវីដ ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ឆ្នាំ​២០១៥ នឹង​នៅ​តែ​ជា​ពេលវេលា​ដ៏លំបាក​មួយ​សម្រាប់​ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា ដោយសារ​តម្លៃ​បាន​បន្ត​ធ្លាក់​ចុះ និង​ការ​បញ្ចេញ​ស្តុក​អង្ករ​ដ៏ច្រើន​សន្ធឹកសន្ធាប់​របស់​ប្រទេស​ថៃ​។ បញ្ហា​ប្រឈម​ធំៗ នៅតែ​កើត​មាន​ចំពោះ​ឧស្សាហកម្ម​អង្ករ​កម្ពុជា ដែល​នឹង​មាន​លទ្ធភាព​ចូល​ទៅកាន់​ប្រទេស​បារាំង សម្រាប់​យក​ដើមទុន​បង្វិល ដើម្បី​ឲ្យ​ក្រុមហ៊ុន​កែច្នៃ​អង្ករ អាច​មាន​ឥណទាន​ងាយស្រួល​ដើម្បី​ទិញ​ស្រូវ។ ម្ចាស់​ជំនួយ កំពុង​ព្យាយាម​ជាមួយ​រដ្ឋាភិបាល បង្កើត​គំនិត "Warehousing Receipt" ដោយ​ប្រើប្រាស់​ស្តុក​ស្រូវ ធ្វើ​ជា​ទ្រព្យ​បញ្ចាំ​សម្រាប់​ឥណទាន តែ​ការ​ធ្វើ​បែប​នេះ​ត្រូវ​បាន​ពិភាក្សា​អស់​រយៈពេល​ពីរ​ឆ្នាំ​ហើយ ហើយ​ខ្ញុំ​ពិតជា​មិន​ឃើញ​វិធី​ដែល​ម្ចាស់​ជំនួយ ឬ​រដ្ឋាភិបាល​អាច​បន្ត​ពិចារណា​បង្កើត​ភ្នាក់ងារ​គ្រប់គ្រង​ទ្រព្យ​បញ្ចាំ​ទេ ពួកគេ​ត្រូវ​ជួយ​គ្រប់គ្រង​ឃ្លាំង​ស្រូវ ប្រហែល​ជា​មិនមាន​ចំណេះដឹង​ជ្រៅជ្រះ និង​ការងារ​ក្នុង​ស្រុក៕

លោក យ៉ង សាំងកុមារ ប្រធាន​មជ្ឈមណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា​(CEDAC) កសិករ នឹង​បន្ត​រង​ផលប៉ះពាល់​ដោយសារ​គ្រោះ​រាំងស្ងួត និង​ដោយសារ​ប្រព័ន្ធ​ធារាសាស្ត្រ​នៅ​មាន​កម្រិត។ ដើម្បី​បន្ត​អាជីវកម្ម​ទៀត កសិករ​ដែល​មាន​ផ្ទៃដី​ដាំដុះ​តូចៗ ចាំបាច់​ត្រូវ​ធ្វើ​ពិពិធកម្ម និង​អភិវឌ្ឍ​ការ​គ្រប់គ្រង​ទឹក​ក្នុង​ស្រែ។ អង្គការ CEDAC នឹង​ផ្តល់​ជំនួយ​បន្ថែម​ទៀត​ដល់​កសិករ​ដាំ​ដំណាំ​ស្រូវ ដើម្បី​ប្រែក្លាយ​ស្រែ​របស់​ពួកគាត់​ឲ្យ​ក្លាយ​ជា​ដីស្រែ​ផ្តល់​ទិន្នផល​ខ្ពស់ និង​អាច​ប្រើប្រាស់​បាន​ច្រើន​គោលដៅ។ បញ្ហា​ប្រឈម​នេះ​គឺ​ត្រូវ​បង្កើត​ប្រព័ន្ធ​ធារាសាស្ត្រ អភិវឌ្ឍ​វិស័យ​កសិកម្ម និង​ឧស្សាហកម្ម​កែច្នៃ ចំណី​អាហារ និង​បណ្តុះបណ្តាល​ក្រុម​កសិករ​ឲ្យ​ប្រែក្លាយ​ពី​កសិករ​ត្រឹមតែ​ចិញ្ចឹម​ក្រពះ​ឲ្យ​ក្លាយ​ទៅ​ជា​កសិករ​ដែល​ចេះ​ធ្វើ​ពាណិជ្ជកម្ម។ កម្ពុជា​ត្រូវ​ធ្វើ​ការងារ​ជាច្រើន​ទៀត ដើម្បី​អភិវឌ្ឍ​ទិន្នផល​បន្លែ និង​ផ្លែឈើ​ក្នុង​ស្រុក ជំនួស​ឲ្យ​ការ​នាំ​ចូល៕

លោក Suzuki Hiroshi ប្រធាន​សេដ្ឋវិទូ នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ ពាណិជ្ជកម្ម​កម្ពុជា​(BRIC) ខ្ញុំ​រំពឹង​ថា​និន្នាការ​នៃ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​របស់​ជប៉ុន​នឹង​បន្ត​មក​កាន់​ប្រទេស​កម្ពុជា។ ក្រុមហ៊ុន​ជប៉ុន​ជាច្រើន​ដែល​កំពុង​ប្រឈម​នឹង​ការ​ពិបាក ជាពិសេស​ការ​ចំណាយ​លើ​កម្លាំង​ពលកម្ម​កាន់តែ​ខ្ពស់ នៅ​តាម​បណ្ដា​ប្រទេស​ជិត​ខាង​ដូចជា​ប្រទេស​ចិន ថៃ និង​វៀតណាម កំពុង​ស្វែងរក​ទិសដៅ​បន្ទាប់។ កម្ពុជា​គឺជា​បេក្ខភាព​មួយ​ដ៏ល្អ​បំផុត​សម្រាប់​ពួកគេ ហើយ​នៅក្នុង​បណ្ដា​ប្រទេស​អាស៊ាន គឺ​នៅ​តែ​បន្ត​ភាពខ្លាំង​ដោយសារ​តែ​ភាព​ខ្លាំង​នៃ​និន្នាការ​កំណើន​កាន់តែ​ខ្ពស់ ការ​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ និង​ការ​បន្ទាប​ការ​ចំណាយ​លើ​កម្លាំង​ពលកម្ម​នៅតាម​បណ្ដា​ប្រទេស​ទាំងនេះ។ សេដ្ឋកិច្ច​របស់​កម្ពុជា​ក្នុង​ឆ្នាំ​២០១៥ ត្រូវបាន​រំពឹង​ថា បន្ត​កំណើន​ល្អ​បាន​គាំទ្រ​ដោយ FDI ជាពិសេស​មកពី​ប្រទេស​ជប៉ុន និង​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា៕

លោក ល្មុន សូឡី អនុប្រធាន​នាយកដ្ឋាន​ប្រតិបត្តិការ​ទីផ្សារ​របស់ ក្រុមហ៊ុន​ផ្សារហ៊ុន​កម្ពុជា ឆ្នាំ​២០១៥​នឹង​ជា​ឆ្នាំ​ដែល​គួរ​ឲ្យ​រំភើប​បំផុត​របស់​យើង​ចាប់​តាំងពី​ការ​ចុះបញ្ជី​របស់ PPWSA កាលពី​ឆ្នាំ​២០១២។ យើង​ជឿជាក់​ថា នៅក្នុង​នេះ​មាន​មូលហេតុ​ធំៗ​ពីរ។ ទី​១ យើង​នឹង​អនុវត្ត​អ្វី​ដែល​ហៅថា៖ «ការ​ជួញដូរ​និរន្តរ៍» និង«ការ​ជួញដូរ​មុន​ការ​ទូទាត់» ដែល​នឹង​អនុញ្ញាត​ឲ្យ​វិនិយោគិន​ធ្វើការ​ជួញដូរ​បាន​រហូត​និង​យ៉ាង​សកម្ម​ដោយ​ប្រើប្រាស់​ប្រាក់បញ្ញើ​ដែល​បាន​បង្កក​ឬ​ជា​មូលបត្រ​បាន។ ទី​២ ក្រុមហ៊ុន​បាន​ចំណាយពេល​រៀបចំ​រយៈពេល​យូរ​នឹង​រួចរាល់​សម្រាប់​ការ​ចុះបញ្ជី​នៅ​ឆ្នាំក្រោយ ដែល​នឹង​បង្កើន​ចំនួន​ក្រុមហ៊ុន​ចុះបញ្ជី​របស់​យើង​កើន​ដោយ​មាន​កត្តា​ជំរុញ​ទាំង​ពីរ​នេះ យើង​មាន​ទំនុកចិត្ត​ថា​ផ្សារហ៊ុន​របស់​យើង​នឹង​ចាប់ផ្ដើម​មាន​សកម្មភាព​រស់រវើក​ឡើង​វិញ។ ស្រប​ជាមួយ​នឹង​កំណើន​ដែល​បាន​រំពឹង​ទុក​នេះ យើង​នឹង​ជំរុញ​កាន់តែ​សកម្ម​ដល់​ការ​យល់ដឹង​ដល់​សាធារណៈ​អំពី​ផ្សារហ៊ុន និង​អប់រំ​វិនិយោគិន​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន និង​ព្រឹត្តិការណ៍​ផ្សេងៗ៕

លោក ស៊ឹម សេនាជាតិ​ប្រធាន​អគ្គនាយកប្រតិបត្តិ​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រាសាក់ ដោយសារ​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច និង​នយោបាយ​នាពេល​បច្ចុប្បន្ន យើង​ឃើញ​ថា នៅ​ឆ្នាំ ក្រោយ​គឺជា​ឆ្នាំ​ដ៏ល្អ​មួយ​ដែល​វិស័យ​មីក្រូហិញ្ញវត្ថុ​ទាំង​មូល នឹង​បន្ត​រីកចម្រើន​ទាំង​គុណភាព និង​បរិមាណ។ យើង​ឃើញ​ថា នៅ​មាន​ឱកាស​ច្រើន​ចំពោះ​កំណើន​ឥណទាន​ខ្នាត​តូច តែ​យើង​ក៏​ឃើញ​ពី​ឱកាស​ចំពោះ​កំណើន​ឥណទាន​របស់​សហគ្រាស​ខ្នាត​តូច និង​មធ្យម​ផង​ដែរ ជាពិសេស​នៅ​តាម​តំបន់​ជនបទ។ ការ​ប្រកួតប្រជែង​ខ្លាំង អាច​ជា​បញ្ហា​ប្រឈម​មួយ តែ​វា​គឺជា​ឱកាស​ល្អ​សម្រាប់​អតិថិជន។ អ្វី​ដែល​យើង​ត្រូវ​ដោះស្រាយ​ចំពោះ​ការ​ប្រកួតប្រជែង​ខ្លាំង​នេះ គឺ​អភិវឌ្ឍ​ផលិតផល និង​សេវាកម្ម​របស់​យើង ដើម្បី​ឲ្យ​យើង​អាច​រក្សា​អតិថិជន និង​ទាក់ទាញ​អតិថិជន​ថ្មី៕

លោក Thierry LOUSTAU អគ្គនាយក​ក្រុមហ៊ុន​សាងសង់ LBL international នៅ​ឆ្នាំ​២០១៤ វិស័យ​សំណង់ បាន​ក្លាយ​ជា​វិស័យ​ទី​ពីរ​ក្នុង​ការ​ជំរុញ​កំណើន​ផ.ស.ស របស់​កម្ពុជា បន្ទាប់ពី​វិស័យ​កាត់ដេរ និង​នាំមុខ​វិស័យ​ទេសចរណ៍។ តែ​ក្រោយពី​ការ​បោះឆ្នោត​ក្នុង​ឆ្នាំ​នេះ គម្រោង​សំណង់​មួយ​ចំនួន មាន​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​អន្តរជាតិ​កាន់តែ​ច្រើន ហើយ​ថែម​ទាំង​មាន​វិធីសាស្ត្រ​ប្រកប​ដោយ​អាជីព​ផង​ដែរ។ ខ្ញុំ​ព្យាករ​សន្ទុះ​ដូចគ្នា​នេះ​ដែរ​នៅ​ឆ្នាំ​២០១៥ ដោយសារ​ការ​គាំទ្រ​យ៉ាង​ខ្លាំង​របស់​ក្រុម​វិនិយោគិន​ក្នុង​ស្រុក គួបផ្សំ​នឹង​ក្រុមហ៊ុន​អភិវឌ្ឍន៍​អន្តរជាតិ ភាគច្រើន​មកពី​កោះ​តៃវ៉ាន់ ជប៉ុន និង​តំបន់​អាស៊ាន។ បញ្ហា​ប្រឈម​ធំ គឺ​ការ​ផ្តោត​លើ​សំណង់​នៅ​ទីក្រុង​ភ្នំពេញ ដែល​ពុំ​ស៊ី​ចង្វាក់​គ្នា​ទៅ​នឹង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ។ ការ​លើក​ទឹកចិត្ត​គប្បី​ត្រូវ​ផ្តល់​ជូន ដើម្បី​ធ្វើ​ពិពិធកម្ម​ការ​អភិវឌ្ឍ​សំណង់​នៅ​តាម​ខេត្ត​ផ្សេងៗ​របស់​កម្ពុជា ជា​អាទិភាព​នៅ​ខេត្ត​ព្រះសីហនុ និង​តាម​តំបន់​ឆ្នេរ៕

លោក Ian Watson នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Cellcard ទីផ្សារ​កម្ពុជា​នឹង​បន្ត​បង្ហាញ​កំណើន​ខ្លាំង។ ទីផ្សារ​ទូរស័ព្ទ​ចល័ត​ចាំបាច់​ត្រូវ​ច្របាច់​បញ្ចូល​គ្នា​បន្ថែម ទៀត នៅ​តែ​មាន​ប្រតិបត្តិករ​ទូរស័ព្ទ​ចល័ត​ច្រើន​សម្រាប់​ទំហំ​ទីផ្សារ​នេះ ហើយ​សង្ឃឹម​ថា បញ្ហា​នេះ​នឹង​កើតឡើង​នៅ​ឆ្នាំ​២០១៥។ ការ​ប្រើប្រាស់​ទិន្នន័យ​នឹង​បន្ត​ធ្វើ​ជា​ការ​ជំរុញ​ដ៏ធំ​ដល់​កំណើន​ខណៈ​ដែល​អ្នក​ប្រើប្រាស់​កាន់តែ​ច្រើន​ឡើងៗ ប្រើប្រាស់​ទូរស័ព្ទ​របស់​ពួកគេ​ដើម្បី​ជួយ​បង្កើន​មាតិកា​មួយ​ចំនួន​ជាពិសេស​សម្រាប់​ប្រជាជន​កម្ពុជា​ព្រមទាំង​កម្មវិធី​ព័ត៌មាន​សង្គម​ធម្មតា​ដែល​បាន​ប្រើប្រាស់​នៅពេល​បច្ចុប្បន្ន។ អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ចល័ត​កាន់តែ​ច្រើន​ឡើងៗ កំពុង​ប្រើប្រាស់​ទូរស័ព្ទ​របស់​ពួកគេ​ធ្វើ​ជា​ឧបករណ៍​ជាមួយ​នឹង​ការ​បង្ហាញ​ប្រាក់ចំណូល​ចាប់ផ្ដើម​ជំនួស​ទិន្នន័យ​ប្រាក់ ចំណូល។ នៅពេល​នេះ​ទីផ្សារ​ទូរស័ព្ទ​ចល័ត​កំពុង​ទទួល​បាន​អតិថិជន​មាន​បទពិសោធ​នឹង​ចាប់ផ្ដើម​រួម​គ្នា​ឆ្ពោះ​ទៅ​រក​បទពិសោធ​ប្រព័ន្ធ​ព័ត៌មាន​ជាច្រើន​ដែល​មាន​សេវា​គ្រប់​ទីកន្លែង​មួយ​ចំនួន​ពី​ប្រតិបត្តិករ​ទូរស័ព្ទ​ចល័ត​នឹង​ចាប់ផ្ដើម​ធ្វើឲ្យ​មាន​ផលប្រយោជន៍​ពិតប្រាកដ​ដែល​ប៉ះពាល់​ដល់​ជីវិត​ប្រចាំថ្ងៃ​របស់​អតិថិជន។ ជាថ្មី​ម្ដង​ទៀត​ផលប៉ះពាល់​ការ​កំណត់​តម្លៃ​ប្រកួតប្រជែង និង​គុណភាព​សេវា​ចាំបាច់​ត្រូវ​ដោះស្រាយ​ចេញ​ពី​ទស្សនៈ​និយតករ​ក្នុង​ការ​ធ្វើឲ្យ​ប្រាកដ​ថា កម្រិត​នៃ​ការ​វិនិយោគ​ត្រូវការ​ពី​ប្រតិបត្តិករ​ទូរស័ព្ទ​ចល័ត​គាំទ្រ​ដល់​ប្រតិបត្តិករ​ទូរស័ព្ទ​ចល័ត​ទាំងអស់​នៅក្នុង​លក្ខណៈ​បើក​ចំហ​និង​តម្លាភាព នេះ​គឺជា​ការ​ជំរុញ​មួយ​ដ៏សំខាន់​ដល់​ការ​បន្ត​កំណើន​របស់​ទីផ្សារ​ទូរស័ព្ទ​ចល័ត​កម្ពុជា​៕

Contact PhnomPenh Post for full article

Post Media Co Ltd
The Elements Condominium, Level 7
Hun Sen Boulevard

Phum Tuol Roka III
Sangkat Chak Angre Krom, Khan Meanchey
12353 Phnom Penh
Cambodia

Telegram: 092 555 741
Email: webmasterpppost@gmail.com