ភ្នំពេញៈ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឲ្យលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អនុញ្ញាតផ្តល់ ហ្វ្រេកង់ប៉ុស្តិ៍ទូរទស្សន៍ដល់គណបក្សសង្គ្រោះជាតិ តាមរយៈក្រុមហ៊ុនឯកជន ដើម្បីដំណើរការផ្សាយនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តទូទាំងប្រទេស ព្រមទាំងជំរុញឲ្យបញ្ចប់សេចក្តីស្នើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោតឲ្យរួចរាល់នៅដំណាច់ ខែកុម្ភៈ ឆ្នាំ២០១៥ ខាងមុខនេះ។
ការសម្រេចនេះ ធ្វើឡើងក្រោមជំនួបបិទទ្វាររវាងថ្នាក់ដឹកនាំកំពូលនៃគណបក្សជាប់ឆ្នោតទាំងពីរ នៅមន្ទីររដ្ឋសភា ក្នុងចំណោមលទ្ធផល បីចំណុច។ តាមសេចក្តីប្រកាសព័ត៌មានរួមរបស់បក្សទាំងពីរ ចុះថ្ងៃ ទី២៨ ខែវិច្ឆិកា លោក ហ៊ុន សែន បានផ្តល់ការឯកភាពជាគោលការណ៍ទៅកាន់ការស្នើសុំរបស់លោក សម រង្ស៊ី ទាក់ទងនឹងការដាក់ដំណើរការស្ថានីយទូរទស្សន៍ និងស្ថានីយវិទ្យុផ្សាយបន្តទៅតាមបណ្តាខេត្ត ដោយតម្រូវឲ្យក្រុមហ៊ុនពាក់ព័ន្ធត្រូវបំពេញបែបបទស្នើសុំអាជ្ញាប័ណ្ណនៅក្រសួងព័ត៌មាន។
តាមរយៈលិខិតអនុញ្ញាតចុះថ្ងៃ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៤ ក្រុមហ៊ុនដែលទទួលបានសិទ្ធិដំណើរការទូរទស្សន៍នោះឈ្មោះ CAMBODIAN INDEPENDENT MEDIA Co., Ltd មានលោកស្រី គុណ លំអង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន។ ក្នុងលិខិតនេះ ក្រសួងព័ត៌មាន បានពិនិត្យឃើញថា ការស្នើផ្លាស់ប្តូរប្រព័ន្ធទូរទស្សន៍ពី Analog ទៅ Digital របស់ទូរទស្សន៍ជាតិកម្ពុជា (ទទក) នៅមានរយៈពេលច្រើនឆ្នាំទៀតដោយសម្រេចដកហូត ហ្វ្រេកង់ពីក្រុមហ៊ុនទូរទស្សន៍ខ្សែកាបរាជធានីភ្នំពេញមួយ Channel ហើយបានអនុញ្ញាតឲ្យក្រុមហ៊ុននេះ ដំណើរការស្ថានីយទូរទស្សន៍តាមប្រព័ន្ធ Analog នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ដែលមានកម្លាំងផ្សាយ ១០ KW កម្ពស់បង្គោលអង់តែន ១២០ម៉ែត្រ និងប្រើ Channel UHF-E41 ចំណែកស្ថានីយតាមខេត្តមានកម្លាំងផ្សាយ 1KW កម្ពស់បង្គោលអង់តែន ១០០ ម៉ែត្រ និងប្រើ Channel ដូចគ្នា។ តាមលិខិតដដែលនោះ ក្រុមហ៊ុន CAMBODIAN INDEPENDENT MEDIA Co., Ltd ត្រូវបំពេញបែបបទស្នើសុំអាជ្ញាប័ណ្ណតាមការទាមទាររបស់ក្រសួងព័ត៌មាន។
ក្នុងជំនួបកំពូលនេះដែរ ថ្នាក់ដឹកនាំបក្សទាំងពីរ ក៏បានឯកភាពគ្នាដោះស្រាយរាល់បញ្ហាសេសសល់មិនទាន់ចុះសម្រុងគ្នា លើសេចក្តីស្នើសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ដោយក្រុមការងារបក្សទាំងពីរ បន្តប្រជុំនៅសប្តាហ៍ក្រោយ រួមនឹងការជំរុញបញ្ចប់សេចក្តីស្នើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោតឲ្យរួចរាល់នៅដំណាច់ ខែកុម្ភៈ ឆ្នាំ២០១៥។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន មន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា លោក កើត រិទ្ធិ បានឲ្យដឹងថា ថ្នាក់ដឹកនាំកំពូលបក្សទាំងពីរ បានឯកភាពគ្នាលើលក្ខខណ្ឌដើម្បីក្លាយជាសមាជិក គ.ជ.ប គឺត្រូវមានសញ្ជាតិខ្មែរពីកំណើតនិងមានសញ្ជាតិតែមួយ។ ជាមួយគ្នានេះសមាជិក គ.ជ.ប មិនត្រូវជ្រើសចេញពីសាច់ញាតិលោហិតរបស់មន្រ្តីគណបក្សនយោបាយឡើយ។
ទាក់ទងនឹងបញ្ហាសញ្ជាតិនេះលោក គួយ ប៊ុនរឿន មន្រ្តីជាន់ខ្ពស់របស់ CNRP បានថ្លែងថា៖ «សម្រាប់អ្នកមានបំណងឬអ្នកជាប់ហើយដែលមានសញ្ជាតិ ២ គឺអាចដាក់ពាក្យលាលែងសញ្ជាតិរបស់ខ្លួន ដើម្បីចូលកាន់តំណែង។ នៅពេលបញ្ចប់ហើយ ពួកគេក៏អាចទៅទទួលយកសញ្ជាតិរបស់ពួកគេវិញបានដែរ»។
លោក គួយ ប៊ុនរឿន បានបន្តឲ្យដឹងថា គណបក្សទាំងពីរក៏បានសម្រេចជុំវិញការជ្រើសតាំង អគ្គលេខាធិការ និងអគ្គលេខាធិការរងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មីគឺតាមរយៈព្រះរាជក្រឹត្យលើសំណើប្រធាន គ.ជ.ប ចំពោះសេចក្តីសម្រេចមតិភាគច្រើនរបស់ គ.ជ.ប ទាំងមូល។
ជុំវិញការរៀបចំ គ.ជ.ប ថ្មីនេះ លោក កើត រិទ្ធិ បានឲ្យដឹងទៀតថា៖ «គណបក្សទាំងពីរក៏បានសម្រេចដាក់បញ្ចូលមន្រ្តីទាំងឡាយរបស់ គ.ជ.ប ទៅក្នុងក្របខ័ណ្ឌដោយឡែកកំណត់ដោយព្រះរាជក្រឹត្យ ហើយច្បាប់ គ.ជ.ប ថ្មីនេះមាត្រា ៥៥ ក៏នឹងកំណត់ថា រដ្ឋសភាមានសិទ្ធិក្នុងការបោះឆ្នោតទម្លាក់ គ.ជ.ប ដូចការទម្លាក់រដ្ឋាភិបាលដែរ ដោយសារ សភា ជាអ្នកបង្កើត គ.ជ.ប»។
បើតាមមន្រ្តីជាន់ខ្ពស់បក្សទាំងពីរក្នុងជំនួបកំពូលនេះ លោក សម រង្ស៊ី ក៏បានស្នើទៅកាន់លោក ហ៊ុន សែន ពិនិត្យមើលលទ្ធភាពក្នុងការដោះលែងលោក មាជ សុវណ្ណារ៉ា មន្រ្តីគណបក្សសង្គ្រោះជាតិផងដែរ។ ប៉ុន្តែបញ្ហានេះ លោក កើត រិទ្ធិ បានឲ្យដឹងថា នោះជាកំហុសរបស់លោក មាជ សុណ្ណារ៉ា ដែលមិនបានចូលខ្លួនតាមនីតិវិធីនិងដីកាកោះរបស់តុលាការ។ លោកថ្លែងថា៖ «នេះមកពីគាត់មិនចូលខ្លួនតាមដីកាកោះចំនួនពីរលើក ដូចនេះ តុលាការ មានសិទ្ធិក្នុងការឃាត់ខ្លួន និងឃុំខ្លួនគាត់។ យ៉ាងណាក៏ដោយ លោក មាជ សុវណ្ណារ៉ា មានសិទ្ធិក្នុងការពឹងពាក់មេធាវីរបស់គាត់ ពិនិត្យមើលលទ្ធភាពស្នើនៅក្រៅឃុំនិងប្តឹងជំទាស់ទៅកាន់តុលាការជាន់ខ្ពស់ទៀត។
លោក មាជ សុវណ្ណារ៉ា ត្រូវបានជាប់ពន្ធនាគារចាប់តាំងពីថ្ងៃ ទី១១ ខែវិច្ឆិកា ពាក់ព័ន្ធនឹងបាតុកម្មដឹកនាំដោយគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃ ទី១៥ ខែកក្កដា ក្នុងគ្រាដែលមានការប៉ះទង្គិចគ្នារវាងសមត្ថកិច្ច និងបាតុករ ហើយកាលពីថ្មីៗនេះ ដើម្បីដោះលែងលោក សុវណ្ណារ៉ា គណបក្សសង្គ្រោះជាតិ បានរៀបចំផែនការធ្វើឲ្យលោកក្លាយទៅជាតំណាងរាស្រ្ត ប៉ុន្តែផែនការនោះត្រូវបានជំទាស់ដាច់ខាតដោយសហសេវិកគណបក្សដែលលោកត្រូវចូលជំនួស៕