លោក ថាច់ សេដ្ឋា ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម បានដាក់ពាក្យប្តឹងភ្ជាប់ជាមួយនឹងភ័ស្តុតាងទៅក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃម្សិលមិញ ប្តឹងជនជាតិវៀតណាមម្នាក់ ដែលបានគំរាមសម្លាប់លោកចំនួនពីរលើកតាមទូរស័ព្ទ ដោយសារតែលោក បានដឹកនាំធ្វើបាតុកម្មប្រឆាំងនឹងវៀតណាម។
លោក ថាច់ សេដ្ឋា បានឲ្យដឹងថា ពាក្យបណ្តឹងរបស់លោកក៏មានភា្ជប់នូវភ័ស្តុតាងដូចជាខ្សែអាត់សំឡេងរបស់បុរសវៀតណាម ដែលបានគំរាមសម្លាប់រូបលោក និងក៏មានភ្ជាប់នូវសារអេឡិចត្រូនិក ជា អ៊ីមែល របស់បុរសវៀតណាម រូបនោះ ដែលបានផ្ញើមកសុំទោសលោក កាលពីវេលាម៉ោង ៥ ព្រឹកម្សិលមិញ ផងដែរ។ បើតាមលោក ថាច់ សេដ្ឋា សារអេឡិចត្រូនិក ជាភាសាអង់គ្លេស របស់បុរសវៀតណាម ដែលលោកបានទទួលនោះ បានបង្ហាញនូវអត្តសញ្ញាណបុរសជនជាតិវៀតណាម នោះគឺមានឈ្មោះ Nguyen Minh បច្ចុប្បន្នរស់នៅ ប្រទេសកាណាដា ហើយបានរស់នៅទីនោះជាង ២០ឆ្នាំ មកហើយដែលមានទូរស័ព្ទ លេខ 5192531674។
ក្នុងសារសុំទោសតាមអ៊ីមែលបុរសជនជាតិវៀតណាម រូបនោះបានរៀបរាប់ថា៖ «ខ្ញុំមានបញ្ហាសរសៃប្រសាទ នៅថ្ងៃនោះ ខ្ញុំបានបាត់បង់ម្ចាស់ការ មិនបានប្រើថ្នាំទាន់ពេល ហើយថែមទាំងផឹកគ្រឿងស្រវឹង ទើបបាត់បង់ស្មារតី និយាយបែបនោះទៅកាន់លោក។ ខ្ញុំមានវិប្បដិសារីយ៉ាងខ្លាំង ខ្ញុំសុំទោសលោក និងប្រជាបាតុករកម្ពុជាទាំងអស់គ្នា ចំពោះរឿងនេះ។ ខ្ញុំនឹងមិនធ្វើបែបនេះទៀតទេ ហើយខ្ញុំក៏មិនវិលត្រឡប់ទៅ ប្រទេសវៀតណាម ឬ ប្រទេសកម្ពុជា នោះឡើយ»។
ទោះជាយ៉ាងនេះក្តី លោក ថាច់ សេដ្ឋា បានថ្លែងថា នេះជាចេតនា មិនមែនជារឿងចៃដន្យនោះទេ។ លោកបញ្ជាក់ថា៖ «ពេលគេ Call មកលើកដំបូងនៅម៉ោង ៩ និង ៤៥ នាទីព្រឹកនោះ គឺឮសំឡេងមនុស្សជុំគ្នាច្រើន និងបានគំរាមបាញ់សម្លាប់ខ្ញុំ បើនៅតែបន្តធ្វើបាតុកម្មប្រឆាំងវៀតណាមទៀត។ ក្រោយមកនៅយប់ម៉ោង ១០ ថ្ងៃដដែលបុរសជនជាតិរៀតណាមនោះ បាន Call មកម្តងទៀត ដោយគំរាមប្រើគ្រាប់បែកសម្លាប់ខ្ញុំ តែម្តង»។
លោក ថាច់ សេដ្ឋា បន្តថា៖ «នេះគឺជាកាតព្វកិច្ចរបស់រដ្ឋាភិបាលកម្ពុជា ដែលត្រូវតែស្វែងរកការពិត និងការពារសន្តិសុខ សម្រាប់រូបខ្ញុំ ក៏ដូចជាបាតុករ ចំពោះរាល់ការគំរាមកំហែងអាយុជីវិតបែបនេះ»។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងកាលពីម្សិលមិញថា ពាក្យបណ្តឹងរបស់លោក ថាច់ សេដ្ឋា បានដាក់មកដល់ការិយាល័យរដ្ឋបាលក្រសួងមហាផ្ទៃ ហើយ ហើយក្រសួងនឹងធ្វើការប្រជុំសម្រេចពីរឿងនេះ។
ក្នុងពេលធ្វើបាតុកម្មលើក ទី៤ នៃបាតុកម្មរយៈពេល ៥ ថ្ងៃ ក្នុងសប្តាហ៍នេះ ប្រឆាំងនឹងអ្នកនាំពាក្យស្ថានទូតវៀតណាម ជុំវិញការអធិប្បាយកាឡៃប្រវត្តិសាស្ត្រ ដែលថា ទឹកដីកម្ពុជាក្រោម គឺជាទឹកដីរបស់វៀតណាមតាំងពីយូរលង់មកនោះបាតុករ បានធ្វើការប្រមូលផ្តុំសម្តែងមតិនៅទីលានប្រជាធិបតេយ្យ ដង្ហែក្បួនតវ៉ា ទៅកាន់ស្ថានទូតវៀតណាម រហូតដល់ផ្ទុះកំហឹង ហែកក្រដាសទង់ជាតិវៀតណាមចំនួន ១ ពាន់សន្លឹក ព្រមទាំងជាន់ឈ្លី និងដុតកម្ទេចចោលនូវខិត្តប័ណ្ណពហិការប្រើប្រាស់ផលិតផលវៀតណាម និងសេវាកម្មវៀតណាម ខណៈដែលស្ថានទូតវៀតណាមព្រងើយកន្តើយមិនព្រមធ្វើការឆ្លើយតប៕