ដូចសព្វមួយដងសម្រាប់លោក ញឹប សម័យ ដែលជាមន្ដ្រីនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយដែលមានតួនាទីក្នុងការពិនិត្យ និងតាមដានអំពីប្រវត្តិរូបនិងដំណើរវិវឌ្ឍន៍ទៅរបស់អតិថិជន? ដោយលោកត្រូវធ្វើការសាកសួរទៅកាន់អ្នកជិតខាងរបស់អតិថិជនថា តើគាត់គិតយ៉ាងដូចម្ដេចអំពីប្រវត្តិនៃអតិថិជនរបស់លោក? តើប្រធានភូមិអាចបញ្ជាក់ពីសមត្ថភាពរបស់ពួកគេដើម្បីសងប្រាក់កម្ចីបានដែរទេ? តើសកម្មភាពអាជីវកម្មរបស់ពួកគេទទួលបានជោគជ័យទេកាលពីអតីតកាល?
ចំពោះអតិថិជនទាំងនោះ សម្រាប់ស្ថាប័នរបស់លោកគឺគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ លោក សម័យបានក្លាយជាអ្នកប្រឹក្សាយោបល់អាជីវកម្ម ផ្ដល់ការណែនាំអំពីអ្វីៗចាប់ពីបច្ចេកទេសបង្កបង្កើនផលស្រូវដល់ការចិញ្ចឹមទារដល់អតិថិជនទាំងនោះ។
ជាមួយនឹងបទពិសោធ ១០ ឆ្នាំរបស់ លោកប្រចាំនៅសាខាស្រុក អង្គស្នួល របស់ស្ថាប័នគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ នៅក្នុងខេត្ត កំពង់ស្ពឺ ខណៈ ដែលលោកបានសង្កេតស្រះចិញ្ចឹមទា របស់អតិថិជនមួយរូបបានថ្លែងថា៖ «ដើម្បីធ្វើជាមន្ដ្រីឥណទាន CO មួយរូបទទួលបានជោគជ័យ CO ចាំបាច់ត្រូវយល់អំពីគោលនយោបាយគ្រឹះសា្ថនរបស់ពួកគេ មានចំណេះដឹងពីហិរញ្ញវត្ថុ និងនីតិវិធីវាយតម្លៃកម្ចី ប៉ុន្តែក៏ត្រូវមានការយល់ដឹងអំពីបញ្ហាសង្គមផងដែរ ដើម្បីអាចធ្វើការងារបានល្អនៅ ក្នុងការវាយតម្លៃអតិថិជនបាន»។
តាមរយៈស្ដង់ដារអាជីវកម្មកំពុងតែមានការរីកចម្រើន ឧស្សាហកម្មមីក្រូហិរញ្ញវត្ថុរបស់កម្ពុជាក៏កំពុងតែរីកចម្រើនទន្ទឹមនោះដែរ។ តួយ៉ាងចំនួនអតិថិជនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុគឺបានកើនឡើងពី ៣៥១ ១០០ នាក់កាលពីឆ្នាំ ២០០៥ ដល់ជាង ១,៥ លាននាក់កាលពីចុងឆ្នាំ ២០១៣។ ចំណែកទឹកប្រាក់កម្ចីសរុបបានកើនឡើងពី ៥០ លានដុល្លារអាមេរិកដល់ជាង ១,៣ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេលដូចគ្នា។
ប្រាក់ចំណេញពីមូលធនវិនិយោគសម្រាប់ទូទាំងឧស្សាហកម្មនេះកាលពីឆ្នាំ ២០១៣ មានចំនួន ២២ ភាគរយ ហើយស្ថាប័នប្រាសាក់នាំមុខគេជិតពីរដងនៃចំនួននោះ។
លោក សម័យ ស្ថិតក្នុងចំណោមមន្ដ្រីឥណទានរាប់រយនាក់ដែលកំពុងបង្ហាត់បង្ហាញ និងណែនាំអំពីភាពស្មុគស្មាញ និងកត្តាពាណិជ្ជកម្មមួយចំនួនដល់អតិថិជនឲ្យបានយល់ច្បាស់អំពីការប្រើប្រាស់សេវានេះ។
ដោយគ្មានឯកសារទិន្នន័យ រាល់មធ្យោបាយត្រួតពិនិត្យឥណទានត្រូវប្រមូលភ័ស្ដុតាងព័ត៌មានបានពីអ្នកភូមិស្ដីពីភាពជឿជាក់របស់អ្នកដាក់ពាក្យស្នើសុំកម្ចីនេះ។ មន្ដ្រីឥណទានសួរប្រធានភូមិថាតើមនុស្សនោះមានទទួលកម្ចីច្រើនពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្សេងទៀតឬពីអ្នកភូមិឬមនុស្សរស់នៅក្នុងឃុំឬទេ? ប្រធានភូមិអះអាងថា ផ្ទះនិងកម្មសិទ្ធិកាន់កាប់ដីរបស់មនុស្សនោះបានប្រើប្រាស់សម្រាប់ដាក់ជារបស់បញ្ចាំរបស់ពួកគេផ្ទាល់តែម្តង។
លោក ខាន់ ខឿន ប្រធានភូមិព្រៃ តាពុក នៅក្នុងខណ្ឌពោធិ៍សែនជ័យជាភូមិមួយដែលប្រាសាក់មានអតិថិជនច្រើនបានថ្លែងថា៖ «ខ្ញុំអាចបញ្ជាក់ពីអត្តចរិតរបស់ពួកគេ ប្រវត្តិរូបរបស់ពួកគេ ហើយថា តើពួកគេរស់នៅទីនេះរយៈពេលយូរ ឬទើបមករស់នៅទីនេះបណ្ដោះអាសន្ន»។
យោងតាមលោក Stephen Higgins ដៃគូគ្រប់គ្រងនៅដៃគូយុទ្ធសាស្ដ្រមេគង្គមានមូលដ្ឋាននៅប្រទេសកម្ពុជាបានឲ្យដឹងថា មានស្ថាប័នគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ៨ ឈានមុខគេមានប្រាក់ចំណេញពីមូលធនវិនិយោគជាមធ្យមចំនួន ២៦ ភាគរយនៅក្នុងការវិនិយោគរបស់ភាគទុនិក។
លោកបន្តថា ការគ្រប់គ្រងបាន ល្អលើការចំណាយនៅក្នុងវិស័យនេះគឺជាផ្នែកមួយ ប៉ុន្តែកម្រិតឥណទានដែលខាតបង់គឺមានកម្រិតទាបប្រហែល ១,៦ ភាគរយ នៅក្រោមចំនួនជាមធ្យមរបស់ពិភពលោកដែលការណ៍នេះគឺកំពុងជំរុញឲ្យមានដំណើរការដ៏ខ្លាំងក្លាថែមទៀត។
លោកលើកឡើងថា៖ «ការខាតបង់ឥណទានដែលមានកម្រិតទាបទាំងនេះបានធ្លាក់ចុះ ចំពោះគោលនយោបាយនិងនីតិវិធីឥណទានល្អ ហើយជាធម្មតាមានឆន្ទៈខ្លាំងក្នុងការសងត្រឡប់»។
លោកបន្តថា៖ «ចំពោះការមានឆន្ទៈក្នុងការសងត្រឡប់នេះគឺជាពិតជាមានឥទ្ធិពល ជាពិសេសនៅតាមទីជនបទជាទីដែលពោរពេញទៅដោយការអភិរក្សនិយម ហើយជាទូទៅប្រជាជនមានការយល់ដឹងកាន់តែខ្លាំងនៅក្នុងកិច្ចការរបស់អ្នកជិតខាងរបស់ខ្លួន»។
ដោយមានគណនីចំនួន ២ ៦១១ ដែលសាខាប្រាសាក់នៅស្រុក អង្គស្នួល បានបើកចាប់តាំងពីឆ្នាំ ២០០៤ មានតែគណនី ១៧ ប៉ុណ្ណោះមានការទូទាត់យឺត ហើយមិនមានការខកខានសងប្រាក់កម្ចីនោះទេ។
យោងតាមលោក លាំង ខាន់ អ្នកគ្រប់គ្រងអភិវឌ្ឍន៍ផលិតផលឥណទាននៅសាខាអង្គស្នួលបានថ្លែងឲ្យដឹងថា មានមូលហេតុពីរសម្រាប់ការខាតបង់មានកម្រិតទាប។ ទីមួយគឺជាភាពខ្លាំងរបស់ក្រុមហ៊ុន និងការកត់ទុកនៅក្នុងឯកសារ ការគ្រប់គ្រងរបស់ក្រុមហ៊ុន និងមួយទៀតនោះគឺភាពស្មោះត្រង់របស់អតិថិជនខ្លួនតែម្តង។
លោកបានថ្លែងថា៖ «ប្រជាជនកម្ពុជាជឿលើកម្ម និងផល។ ពួកគេជឿថា បើពួកគេមិនសងបំណុលរបស់ខ្លួននោះ ពួកគេនឹងមានកម្មនៅជាតិក្រោយ»។
លោក ខឿនបានមានប្រសាសន៍ថា រចនាសម្ព័ន្ធសង្គមនៃជីវិតរស់នៅតាមភូមិក៏ដើរតួនាទីសំខាន់ផងដែរ ដោយអ្នកភូមិ មានការអៀនខ្មាសនៅក្នុងសហគមន៍របស់ខ្លួននៅពេលគ្មានលទ្ធភាពសងបំណុល។ ពួកគេយកចិត្តទុកដាក់ពីកេរ្តិ៍ឈ្មោះរបស់ខ្លួន។
លោកថា«ប្រជាជនកម្ពុជាគឺជាប្រជាជនដែលស្មោះត្រង់ ហើយមានឆន្ទៈសងបំណុល។
បើទោះជាមានកំណើនម្ចាស់គណនីថេរក្តី ក៏របាយការណ៍នៅឆ្នាំ ២០១៤ ដែលរៀបចំដោយលោក Jan Ovesen និងលោក Ing-Britt Trankell មកពីសាកលវិទ្យាល័យ Uppsala នៅប្រទេស ស៊ុយអែត បានលើកឡើងថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ពុំបានជំរុញឲ្យមានការកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេសកម្ពុជាទេ។
អត្ថបទនេះ បានបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៤ នៅពេលដែលមីក្រូហិរញ្ញវត្ថុ បានចាប់ផ្តើមដំណើរការភ្លាម ភាពក្រីក្របានធ្លាក់ចុះជាមធ្យម ០,៦ ភាគរយក្នុងមួយឆ្នាំ បើធៀបនឹងអត្រា ១,២ ភាគរយក្នុងរយៈពេល ១ ទសវត្សរ៍មុននោះ។
ការធ្វើពាណិជ្ជកម្មយ៉ាងឆាប់រហ័សរបស់មីក្រូហិរញ្ញវត្ថុ មានន័យថា ឧស្សាហកម្មនេះ ត្រូវបានជំរុញដោយសារកំណើនប្រាក់ចំណេញជាជាងការកាត់បន្ថយភាពក្រីក្រ។ នេះបើយោងតាមលោក Ovesen និងលោក Trankell។
ស្ថានភាពនេះបានបង្ហាញថា មីក្រូហិរញ្ញវត្ថុ បានងាកចេញពីប្រជាជនក្រីក្របំផុតក្នុងប្រទេសកម្ពុជា ដែលមានកសិករចំនួន ៧០ ភាគរយនៃចំនួនប្រជាជនសរុប មករកក្រុមហ៊ុនដែលមិនស្ថិតក្នុងវិស័យកសិកម្មមួយចំនួនតូច និងបុគ្គលិកទទួលបានប្រាក់បៀវត្សរ៍វិញ។
យោងតាមលោក Ovesen និងលោក Trankell បានឲ្យដឹងថា កំណើនថេរនៃការផ្តល់ឥណទានដែលមានអត្រាការប្រាក់ប្រចាំឆ្នាំខ្ពស់ជិតដល់ ៣០ ភាគរយ បានជំរុញឲ្យមានករណីជាប់បំណុលច្រើន ដែលអ្នកភូមិ បានជាប់បំណុលច្រើនទាំងជាមួយនឹងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងម្ចាស់បំណុលមិនស្របច្បាប់។
កំណើនមីក្រូហិរញ្ញវត្ថុដែលផ្ទុះឡើងជាមួយនឹងការផ្តល់កម្ចីតាមរូបភាពផ្សេងៗដែលកំពុងរីករាលដាលនៅក្នុងប្រទេស បានចាក់ឫសជ្រៅក្នុងជីវភាពរស់នៅតាមភូមិ និងដោយសារក្រុមអ្នកគាំទ្រក្នុងភូមិ គឺជាមូលហេតុនៃភាពតានតឹងក្នុងសង្គមនៅតាមសហគមន៍។
ប៉ុន្តែ គ្រឹះស្ថានហិរញ្ញវត្ថុដូចជាសាខារបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ចំពោះនីតិវិធីផ្តល់ឥណទានរឹងមាំរបស់ខ្លួន បានជួយគ្រប់គ្រងបញ្ហានេះ ពោលគឺពួកគេសាកសួរអ្នកភូមិថា តើអតិថិជនមានជាប់បំណុលផ្សេងទៀតដែរឬទេ? ហើយចុងក្រោយត្រួតពិនិត្យម្តងទៀតជាមួយនឹងការិយាល័យឥណទាននៃកម្ពុជា ដែលកត់ត្រាមនុស្សជាប់បំណុលជាមួយនឹងគ្រឹះស្ថានហិរញ្ញវត្ថុស្របច្បាប់នៅទូទាំងប្រទេស។
ការរីកចម្រើនក្នុងរយៈពេល ១ ទសវត្សរ៍ ចាប់ពីសាខាចំនួន ៥៦ កន្លែងនៅឆ្នាំ ២០០៥ រហូតដល់ជាង ១៧៥ កន្លែង បានជំរុញគោលដៅរបស់ ប្រាសាក់ ក្នុងការផ្តល់លទ្ធភាពឲ្យប្រជាជនក្រីក្រទទួលបានហិរញ្ញប្បទាន និងកាត់បន្ថយកម្រិតនៃភាពក្រីក្រនៅកម្ពុជា ពោលគឺជាអ្វីដែលអ្នកតំណាងក្នុងឧស្សាហកម្មនេះ បានលើកឡើងថា ពុំអាចសម្រេចបាន បើគ្មានកំណើនប្រាក់ចំណូលនោះ។
នៅពេលដែលទីផ្សារកំពុងកើនឡើង អាជីវកម្មនៅតាមតំបន់ជនបទតូចៗក្នុងប្រទេសកម្ពុជា កំពុងទាញយកផលប្រយោជន៍។

នៅពីក្នុងទ្រុងចិញ្ចឹមមាន់មួយកន្លែង ដែលបានឥណទានពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយក្នុងទឹកប្រាក់ ១ម៉ឺនដុល្លារដើម្បីធ្វើការសាងសង់នោះ កសិករឈ្មោះ ធុល ប៊ុន្ថា បានឱនមើល ខណៈលោកបោះចំណីឲ្យមាន់ចំនួន ៥ ពាន់ក្បាលដែលកំពុងស្រែករកចំណីនោះ បានពិភាក្សាពីការពង្រីកអាជីវកម្មជាមួយនឹងមន្ត្រីឥណទាន។
លោកបានបន្តថា អាចម៍មាន់គឺជាជីល្អណាស់ ហើយក៏មានតម្រូវការខ្ពស់ផងដែរ។
ដោយក្នុងចិត្តកំពុងមានបំណងចង់បន្តខ្ចីជាលើកទីពីរក្នុងទឹកប្រាក់ដដែល ដើម្បីយកមកសង់ទ្រុងមាន់មួយទៀតនោះ លោក ប៊ុន្ថា ក៏បានឲ្យដឹងដែរថា មានគ្រឹះស្ថានផ្តល់កម្ចីជាច្រើនចង់ផ្តល់ចំពោះអាជីវកម្មរបស់លោក ហើយលោកនឹងស្វែងរកអត្រាការប្រាក់ល្អ រួមទាំងលក្ខខណ្ឌសងបំណុលដែលមានលក្ខណៈអំណោយផល។
ដោយបានស្តាប់ឮមន្ត្រីឥណទានរបស់លោក លោក ប៊ុន្ថា បានញញឹមហើយមានប្រសាសន៍ថា៖ «ឥឡូវនេះមានក្រុមហ៊ុនមីក្រូហិរញ្ញវត្ថុច្រើនណាស់ដែលមកកាន់ភូមិនេះ»៕ BP