ភ្នំពេញៈ សភាបានសម្រេចអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០១៥ ដែលមាន ៦ ជំពូក និង ១៧ មាត្រា ក្រោមការបោះឆ្នោតសំឡេង ៦៥ លើ ១០៩ ដោយកំណត់ទឹកប្រាក់ត្រូវចំណាយប្រចាំឆ្នាំចំនួន ១៥ ៦៩៩ ៥២៩ លានរៀលឬប្រមាណនឹង ៣ ៨៥៣ លានដុល្លារសហរដ្ឋអាមេរិក។
ថវិកាសរុបសម្រាប់ចំណាយប្រចាំ ឆ្នាំ២០១៥ ខាងមុខមានចំនួន ១៥ ៦៩៩ ៥២៩ លានរៀលឬប្រមាណនឹង ៣ ៨៥៣ លានដុល្លារសហរដ្ឋអាមេរិក។ តួលេខនេះ កើនឡើងប្រមាណ ១០,៨ ភាគរយ បើប្រៀបធៀបនឹង ឆ្នាំ២០១៤ ដែលមានចំនួន ១៤ ១៦៦ ១៩៥ លានរៀល ឬប្រមាណ ៣ ៤៥៥ លានដុល្លារ។ សេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុ ឆ្នាំ២០១៥ មាន ៦ ជំពូកនិង ១៧ មាត្រា បានកំណត់ពីការចំណាយលើក្រសួងអាទិភាពនៅក្នុង ឆ្នាំ២០១៥ រួមមាន ក្រសួងអប់រំ យុវជន និងកីឡា ចំនួនជាង ៤៤៤ លានដុល្លារ ក្រសួងសាធារណការ និងដឹកជញ្ជូនចំនួនជាង ៤៣៤ លានដុល្លារ ក្រសួងការពារជាតិ ចំនួនជាង ៣២៤ លានដុល្លារ ក្រសួងសុខាភិបាល ចំនួនជាង ៣១៧ លានដុល្លារ ក្រសួងមហាផ្ទៃ ចំនួន ២៥៨ លានដុល្លារ។
ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម លោក ជាម យៀប បានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជាគាំទ្រទាំងស្រុងចំពោះសេចក្តីព្រាងច្បាប់នេះ។
លោកថ្លែងឲ្យដឹងបន្ថែមទៀតថា៖ «រាជរដ្ឋាភិបាលបានរៀបចំជាអាទិភាព ១០ ក្រសួងនោះ មានក្រសួងអប់រំ ក្រសួងសុខាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងកិច្ចការនារី និងក្រសួងធនធានទឹក និងឧតុនិយម ។ល។»
ប៉ុន្តែ អនុប្រធាន ទី១ នៃរដ្ឋសភា លោក កឹម សុខា មុនពេលចាកចេញពីសភា ក្នុងដំណើរបេសកកម្មទៅកាន់ ខេត្តកំពង់ស្ពឺ បានប្រកាសជំហររបស់លោកមិនចូលរួមបន្តអនុម័តលើសេចក្តីព្រាងច្បាប់នេះ និងជំហររបស់គណបក្សថា ចំណូល និងចំណាយមួយចំនួនមិនមានភាពច្បាស់លាស់ និងជាក់លាក់។
លោកគូសបញ្ជាក់ឲ្យដឹងបន្ថែមទៀតថា៖ «អ្នកជំនាញនិងអ្នកបច្ចេកទេសរបស់យើងបានសិក្សាមើលទៅឃើញមានបញ្ហាច្រើន ធ្វើឲ្យបាត់បង់ចំណូល ហើយការចំណាយមិនចំគោលដៅ ដូចជា បញ្ហាជួយចាស់ជរា ៤ម៉ឺនរៀល ១ ខែ លុយមានតែមិនឲ្យ ដំឡើងបៀវត្សរ៍មន្រ្តីរាជការ កងប្រដាប់អាវុធ ១ លានរៀល លុយមានតែមិនឲ្យ ជាពិសេសការដំឡើងប្រាក់ខែតិចតួច តែទំនិញឡើងថ្លៃ បញ្ហាទាំងនេះ ទាមទារឲ្យគណបក្សសង្គ្រោះជាតិជជែកឲ្យដឹងសិន»៕