ក្រៅពីបុណ្យប្រពៃណីជាតិដ៏រីករាយដើម្បីរំឭកដល់វីរភាពរបស់បុព្វបុរសខ្មែរនោះ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែកន្លងមកនេះក៏ត្រូវបានមជ្ឈដ្ឋានអ្នកសិល្បៈ ពិសេសតារាចម្រៀងចាត់ទុកថា បុណ្យអុំទូក ជាការបើកក្បាលនៃការចេញច្រៀងសម្តែងកើបប្រាក់តាមខេត្តដែលគេរឹពឹងថា តារាម្នាក់ៗអាចរកប្រាក់សល់រាប់ម៉ឺនដុល្លារ។
នៅក្នុងរយៈពេលមួយឆ្នាំៗ តារាភាគច្រើនតែងទន្ទឹងរង់ចាំការឈានចូលមកដល់នៃរដូវកាលចេញសម្តែងច្រៀងតាមខេត្ត ឬក៏គេហៅដោយខ្លីថា រដូវកើបប្រាក់តាមខេត្ត។ រដូវកាលកើបប្រាក់តាមខេត្តរបស់សិល្បករខ្មែរនេះ ភាគច្រើនបានចាប់ផ្តើមឡើងនៅក្នុងអំឡុងពេលនៃពិធីបុណ្យអុំទូក និងបន្តរហូតដល់ ខែឧសភា ឬក៏ មិថុនា ពោលគឺមានរយៈពេលប្រហែល ៦ខែ។

នៅក្នុងរដូវនោះ តារាភាគច្រើនអាចរកចំណូលបានយ៉ាងច្រើន ពិសេសសិល្បករចម្រៀង និងពិធីករ ពិធីការិនី តាមរយៈការចេញច្រៀងតាមបណ្តាការប្រគំតន្ត្រីតូចធំរបស់បណ្តាផលិតផលមួយចំនួនដូចជា ស្រាបៀរ ក្រុមហ៊ុនទូរស័ព្ទ ភេសជ្ជៈ និងផលិតផលជាច្រើនទៀត។ ក្រៅពីនោះ សិល្បករទាំងអស់អាចរកចំណូលបានតាមរយៈការច្រៀងនៅក្នុងពិធីមង្គលការ សម្ពោធក្រុមហ៊ុន ផលិតផល ពិធីជប់លៀង និងការតាំងបង្ហាញ ឬពិព័រណ៍នានា។
ផលិតករកម្មវិធីប្រចាំស្ថានីយទូរទស្សន៍មួយបានឲ្យដឹងថា ការចាប់ផ្តើមរដូវកាលរកប្រាក់នេះ ធ្វើឡើងនៅក្នុងរដូវប្រាំង ហើយទាំងតារា និងផលិតករមួយចំនួនរវល់គ្មានពេលទំនេរ ពិសេសតារាចម្រៀងត្រូវរត់ខ្វែងដៃជើងគ្នាពីខេត្តមួយទៅខេត្តមួយស្ទើរគ្មានពេលសម្រាកនោះទេ។ លោកបានបន្តថា តារាចម្រៀងល្បីខ្លះមិនបានគេងនៅផ្ទះ ឬផ្ទះសំណាក់ សណ្ឋាគារទេ គឺគេងនៅលើរថយន្តតែម្តង ដោយសារគេទទួលកម្មវិធីប្រគំតន្ត្រីជាប់ៗគ្នា។ ឧទាហរណ៍ថ្ងៃសៅរ៍ ច្រៀងនៅបន្ទាយមានជ័យ រីឯថ្ងៃអាទិត្យត្រូវច្រៀងនៅ កំពង់ស្ពឺ ដូច្នេះពេលច្រៀងចប់នៅបន្ទាយមានជ័យ គេត្រូវត្រឡប់មកភ្នំពេញ ឬកំពង់ស្ពឺ ទាំងយប់ តែម្តង។
ពាក់ព័ន្ធនឹងការចាប់ផ្តើមបើករដូវកាលថ្មីនៃការចេញរកប្រាក់តាមខេត្តនាឆ្នាំនេះ តារាចម្រៀងឈរតំណែងកំពូលលោក ខេមរៈ សេរីមន្ត បានឲ្យដឹងថា ការប្រគំតន្ត្រីនឹងចាប់ផ្តើមកាន់តែច្រើន និងធំៗនៅអំឡុងចុង ខែធ្នូ ទៅ។ ដោយឡែកសម្រាប់រូបលោកបានទទួលការងារបណ្តើរៗហើយ គ្រាន់តែការងារខ្លះមិនទាន់បានកុងត្រានៅឡើយ។
លោក ខេមរៈ សេរីមន្ត បាននិយាយថា៖ «នៅរដូវនេះមានគេទាក់ទងជាបន្តបន្ទាប់ហើយ កម្មវិធីទាំងនោះមានទាំងនៅភ្នំពេញ និងតាមខេត្ត ហើយខ្ញុំគិតថា ឆ្នាំនេះ ខ្ញុំក៏នឹងទទួលបានចំណូលមិនចាញ់នឹងឆ្នាំមុនៗដែរ»។
បើរំឭកកាលពីចុង ឆ្នាំ២០១៣ ដើម ឆ្នាំ២០១៤ តារាចម្រៀងរូបនេះ បានឲ្យដឹងថា លោកទទួលបានការងារយ៉ាងច្រើន ភាគច្រើនជាការងារប្រគំតន្ត្រីទូរស័ព្ទស្មាត ផលិតផលស្រាបៀរ និងផលិតផលមួយចំនួន។

ក្រៅពីតារាចម្រៀង ដោយឡែកក្រុមតារាសម្តែង ដើរម៉ូដក៏មានទីផ្សារគ្រាន់បើដែរ ហើយតារាដែលមានទីផ្សារធំដូចតារាចម្រៀងនោះ គឺត្រូវធ្លាក់ទៅលើតារាកំប្លែង ដែលពួកគេមានជំនាញច្រៀងកាត់សក់ក្នុងពិធីមង្គលការ ឬក៏ជប់លៀងតូចធំ។
តារាចម្រៀងយេៗបែបកំប្លែងអ្នកនាង ខាត់ សុឃីម ដែលល្បីរកលុយបានច្រើនតាមរយៈការចេញច្រៀង និងកាត់សក់ក្នុងពិធីអាពាហ៍ពិពាហ៍នោះ បានឲ្យដឹងថា នៅពេលនេះអ្នកនាងមិនទាន់អាចសរុបពីទំហំការងារទទួលបាននោះទេ តែនៅពេលនេះអ្នកនាងបានទទួលការងារចន្លោះពី ៥០ ទៅ ៦០ រោងហើយ នៅក្នុងនោះមានទាំងការងារក្រុមភ្លេង ឆាកតន្ត្រី ច្រៀងកាត់សក់ ជាដើម។
កាលពីឆ្នាំកន្លងមកនេះ តារាចម្រៀងកំប្លែង សុឃីម បានឲ្យដឹងថា ក្រោយចប់រដូវកាល និងបូកសរុបការងារអ្នកនាងទទួលបានជាង ១០០ រោង។ ប៉ុន្តែយ៉ាងណានៅឆ្នាំនេះ អ្នកនាង ខាត់ សុឃីម បានបញ្ជាក់ថា នាងមិនទទួលការងារច្រើនលើសកម្លាំងដូចមុនទេ។
តារារូបនេះនិយាយថា៖ «នៅឆ្នាំនេះ ខ្ញុំអត់ទទួលការងារច្រើនដូចមុនទេ កាលពីឆ្នាំទៅមួយថ្ងៃ ខ្ញុំទទួល ៣-៤ រោងឯណោះ តែឆ្នាំនេះអត់អ៊ីចឹងទេ ព្រោះច្រើនរោងពេកយើងរត់អត់រួច ម្យ៉ាងមកពីឥឡូវស្ទះចរាចរណ៍ពេក កុំឲ្យយើងខកពេលគេ ម្ចាស់កម្មវិធីគាត់អាក់អន់ចិត្ត»។
ដោយឡែកគ្រូបង្វឹកដ៏ល្បីឈ្មោះប្រចាំកម្មវិធី The Voice Cambodia តារាចម្រៀង ពេជ្រ សោភា បានឲ្យដឹងថា នៅឆ្នាំនេះ ក៏មិនខុសពីឆ្នាំមុនដែរ នាងចាប់ផ្តើមទទួលបានការងារច្រើនហើយ ភាគច្រើននៅតាមខេត្ត។ នាងបានបញ្ជាក់ថា នាងមិនអាចប្រាប់ពីខ្ទង់ចំណូលបានទេ គ្រាន់តែអាចប្រាប់ថា បានទទួលចំណូលគួរសម។
តាមរយៈការទម្លាយឲ្យដឹងពីអ្នករៀបចំកម្មវិធីប្រគំតន្ត្រីមួយចំនួនបានឲ្យដឹងតម្លៃខ្លួនប្រហាក់ប្រហែលរបស់តារាល្បីៗមួយចំនួនក្នុងរដូវកើបលុយនេះថា លោក ព្រាប សុវត្ថិ តម្លៃខ្លួនចន្លោះ ៣៥០០ ទៅ ៤០០០ ដុល្លារ លោក ខេមរៈ សេរីមន្ត តម្លៃខ្លួនចន្លោះ ៣០០០ ទៅ ៣៥០០ ដុល្លារ ឱក សុគន្ធកញ្ញា តម្លៃខ្លួនប្រហែល ២៨០០ ដុល្លារ ឆន សុវណ្ណរាជ តម្លៃខ្លួនប្រមាណ ១៨០០ ដុល្លារ មាស សុខសោភា តម្លៃខ្លួនប្រមាណ ១៨០០ ដុល្លារ ពេជ្រ សោភា តម្លៃខ្លួនប្រហែល ១៥០០ ដុល្លារ សុខ ពិសី តម្លៃខ្លួនប្រហែល ១៥០០ ដុល្លារ ឆាយ វីរៈយុទ្ធ មានតម្លៃខ្លួនប្រហែល ២៣០០ ទៅ ២៥០០ ដុល្លារ កែវ វាសនា និង ខាន់ ជេមស៍ តម្លៃខ្លួនប្រហែល ១២០០ ដុល្លារ រីឯ សុគន្ធ និសា និង ខេម តម្លៃខ្លួនប្រហែល ១៥០០ ដុល្លារ៕