អង្គការសង្គមស៊ីវិលចំនួន ១៦០ បានស្នើឲ្យគណបក្សជាប់ឆ្នោតទាំងពីរ ត្រូវអនុវត្តឲ្យមានប្រសិទ្ធភាពនូវការកែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងស្ថាប័នរដ្ឋដទៃទៀត ជាអ្វីដែលគណបក្សសង្គ្រោះជាតិបានគូសបញ្ជាក់ថា សំណើទាំងនេះគឺស្របទៅនឹងឆន្ទៈរបស់ខ្លួន។
នៅក្នុងលិខិតចំហមួយចុះថ្ងៃ ទី១០ ខែកញ្ញា អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិចំនួន ១៦០ បានដាក់ចេញនូវអនុសាសន៍ចំនួន ១២ ចំណុចក្នុងនោះ រួមមាន សូមឲ្យគណបក្សទាំងពីរអនុវត្តឲ្យមានប្រសិទ្ធភាពនូវកំណែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កំណែទម្រង់រដ្ឋសភា កំណែទម្រង់ស្ថាប័នរដ្ឋាភិបាល។ ធានាឲ្យមានតម្លាភាពក្នុងតួនាទី និងដំណើរការនៃស្ថាប័ននីតិប្បញ្ញត្តិ។ ធានាឲ្យមានការបែងចែកអំណាចរបស់ស្ថាប័នជាតិកំពូលៗទាំង ៣ គឺស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និង តុលាការ។ ធានានូវការពិនិត្យឡើងវិញនូវច្បាប់ទាំង ៣ ពាក់ព័ន្ធនឹងប្រព័ន្ធតុលាការ។ ធានាឯករាជ្យភាព អព្យាក្រឹតភាពកងកម្លាំងប្រដាប់អាវុធ និងស្ថាប័នរដ្ឋាភិបាល។
លិខិតចំហនេះ បានបន្តថា គណបក្សទាំងពីរ ត្រូវលើកទឹកចិត្តឲ្យមានការចូលរួមពីសង្គមស៊ីវិល និងប្រជាពលរដ្ឋ ក្នុងដំណើរការអភិវឌ្ឍន៍គោលនយោបាយជាតិ បង្កើតគោលនយោបាយប្រាក់ឈ្នួលអប្បបរមាសម្រាប់មន្រ្តីរាជការ និងបុគ្គលិកសាធារណៈ ធានាគុណភាព និងសេវាសាធារណៈ លើកកម្ពស់គណនេយ្យភាព និងអភិបាលកិច្ចល្អ ការពារសិទ្ធិមនុស្ស និងលើកកម្ពស់ការការពារបរិស្ថានជាដើម។
កញ្ញា ស៊ិន ពុទ្ធារី ប្រធានផ្នែកកិច្ចការទំនាក់ទំនង និងអភិវឌ្ឍន៍សមាជិកភាពនៃគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា បានថ្លែងថា គណបក្សទាំងពីរបានទទួលលិខិតនេះរួចហើយ តែមិនទាន់បានឆ្លើយតប។
កញ្ញាបញ្ជាក់ថា សង្គមស៊ីវិលជាតិ និងអន្តរជាតិ មានគោលបំណងស្នើឲ្យគណបក្សទាំងពីរដាក់បញ្ចូលអនុសាសន៍ទាំងនេះ ទៅក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រជាតិដើម្បីបង្កើនប្រសិទ្ធភាពការងាររបស់រដ្ឋឆ្លើយតបទៅនឹងម្ចាស់ឆ្នោតនៅក្នុងរដ្ឋាភិបាលអាណត្តិថ្មីនេះ។
លោក ញ៉ែម ថាវី អ្នកនាំពាក្យរដ្ឋសភា និងជាតំណាងរាស្ត្រគណបក្សប្រជាជនថ្លែងថា លោកមិនទាន់បានឃើញលិខិតចំហនេះទេ តែលោកស្វាគមន៍ និងគាំទ្រនូវរាល់អនុសាសន៍របស់សង្គមស៊ីវិលដែលមានគោលដៅចូលរួមចំណែកលើកកម្ពស់ការអនុវត្តគោលនយោបាយជាតិ។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បានថ្លែងក្រោយពីពិនិត្យមើលអនុសាសន៍ទាំងនេះរួចថា ជាការស្នើដែលស្របគ្នាទៅនឹងគោលនយោបាយរបស់គណបក្សសង្គ្រោះជាតិ ដែលចង់បានការកែទម្រង់ពិតប្រាកដ ដំណើរការសង្គមតាមបែបប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្ស។
លោកបានបញ្ជាក់ថា៖ «យើងនឹងពិនិត្យមើលមួយចំណុចម្តងៗ គណៈកម្មការនិងតំណាងរា្រស្តក្នុងសភានឹងពិចារណាឆ្លើយតបលើចំណុចទាំងនេះថា តើអាចធ្វើអ្វីបន្ថែមបានខ្លះដើម្បីកែទម្រង់ការដឹកនាំប្រកបដោយប្រសិទ្ធភាព»៕