ដំណើរចេញច្រៀងរាំក្រៅប្រទេសបានក្លាយជាក្ដីប្រាថ្នាតោងជាប់ចិត្តសិល្បករខ្មែរ ដែលម្នាក់ៗរំពឹងថា នឹងមានឱកាសរកប្រាក់បានច្រើន។
បើទោះជាមិនទាន់បាត់ឈឺក្បាលព្រោះតារាចម្រៀងពីររូបនាង ហង្ស ពិសី និងនាង ស៊ិន សុម៉ាលី គេចមិនវិលត្រឡប់មកវិញតាមកាលកំណត់នោះក្តី ក៏សមាគម ASALEC ដែលជាសមាគមធំ ប្រចាំសហរដ្ឋអាមេរិក បានបង្ហាញជំហរផ្តល់ឱកាស ច្រើនដល់តារាចម្រៀង មិនថាអ្នកមិនសូវល្បីនោះទេ ពោលគឺឲ្យតែចេះច្រៀងបទពីដើមច្រើននោះសមាគមនឹងអាចធានាទៅច្រៀងក្រៅប្រទេសបាន។
ការសម្ដែងនៅបរទេសពិសេស ទឹកដីមហាអំណាចសហរដ្ឋអាមេរិក ក្រៅពីជាឆ្នាំងបាយដ៏សំខាន់របស់សិល្បករខ្មែរ ក៏ជាឱកាសទទួលការរាប់អានអ្នករស់នៅទាំងនោះ រហូតដល់អ្នកសិល្បៈខ្លះបានបណ្ដុះពន្លកស្នេហ៍លើថ្នាលឯទឹកដីជឿនលឿនថែមទៀតផង។
ប៉ុន្តែ មានអ្នកសិល្បៈមួយចំនួន ត្រូវបានគេលើកឡើង ថាជាក្រុមស៊ីបាយបោកឆ្នាំង ដូចករណីតារាចម្រៀងពីររូប អ្នកនាង ហង្ស ពិសី និង ស៊ិន សុម៉ាលី ដែលឆ្លៀតឱកាសនោះ រកប្តីរស់នៅទីនោះ ដោយមិនខ្វល់កិច្ចសន្យា និងផលប៉ះពាល់ដល់សិល្បៈ និងអ្នកជំនាន់ក្រោយ។
លោក រឿន សេងហាប់ ប្រធានសមាគមនាំអ្នកសិល្បៈខ្មែរទៅសម្ដែង និងច្រៀងនៅសហរដ្ឋអាមេរិក (ASALEC) ប្រចាំសហរដ្ឋអាមេរិក ដែលរងការខកចិត្តដោយតារាចម្រៀងពីររូបខាងលើនេះ អះអាងថា៖ «ដើម្បីចៀសវាងការជួបប្រទះនឹងបញ្ហាប្រឈមខាងលើសមាគម ASALEC ប្រចាំសហរដ្ឋអាមេរិក នឹងធ្វើការរួមគ្នាជាមួយនឹងសមាគមសិល្បករខ្មែរនៅកម្ពុជាដើម្បីធ្វើការបញ្ជាក់ឲ្យកាន់តែច្បាស់ថា សិល្បករដែលចេញទៅពិតជាមានសមត្ថភាព ទេពកោសល្យ និងមានការធានាពីសំណាក់ក្រុមគ្រួសារ ធ្វើយ៉ាងណាដើម្បីប្រាកដថា សិល្បករចេញទៅនឹងគោរពទៅតាមកិច្ចសន្យា ពិសេសគឺការវិលវិញតាមកាលកំណត់»។
លោកបានលើកឧទាហរណ៍អវិជ្ជមានកន្លងមកដោយដៅឈ្មោះចំៗលើតារាចម្រៀងពីររូប នាង ហង្ស ពិសី និងនាង ស៊ិន សុម៉ាលី ដែលមិនត្រឹមជះឥទ្ធិពលមិនល្អសម្រាប់សិល្បករដទៃនោះទេ វាថែមទាំងជាករណីការរំលោភទំនុកចិត្តរបស់ជាតិសាសន៍ ព្រោះតែប្រយោជន៍ផ្ទាល់ខ្លួននោះ។
នៅចំពោះមុខអ្នកសិល្បៈ ប្រុសស្រីជាច្រើនរូប និងមានវត្តមាន លោក សុះ ម៉ាច ប្រធានសមាគមសិល្បករខ្មែរផងនោះ លោក រឿន សេងហាប់ ប្រធានសមាគម ASALEC បញ្ជាក់ថា៖ «ករណីតារាចម្រៀងទាំងពីរនាក់ខាងលើលោកបានបញ្ជូនសំណុំឯកសារពាក់ព័ន្ធទៅកាន់មន្ត្រីស្ថានទូតខ្មែរនៅសហរដ្ឋអាមេរិករួចហើយ។ នាទីបន្ទាប់យ៉ាងណាគឺជាសមត្ថកិច្ចរបស់មន្ត្រីសន្តិសុខសហរដ្ឋអាមេរិក អ្នកចាត់ការ»។
ទោះបីជាជួបនឹងបញ្ហាទាំងនេះក្តី ក៏សមាគមលោកនៅតែបន្តធ្វើការធានាសិល្បករខ្មែរចេញទៅសម្តែងនៅសហរដ្ឋអាមេរិកដែរ។ ការធានានោះទៀតសោតក៏មិនសម្លឹងឃើញតែអ្នកសិល្បៈល្បីនៅស្រុកខ្មែរឡើយ សំខាន់ឲ្យតែចេះច្រៀងបទពីដើម។
លោកបញ្ជាក់ថា៖ «ខ្មែរនៅអាមេរិកខុសពីខ្មែរនៅស្រុកខ្មែរ»។
ពន្យល់ពីភាពខុសគ្នានោះ ប្រធានសមាគមនាំអ្នកសិល្បៈទៅសម្ដែងនៅអាមេរិករូបនេះបាននិយាយថា៖ «បងប្អូនខ្មែរនៅទីនោះ មិនចូលចិត្ត មិនចង់ស្ដាប់ឡើយបទចម្រៀងបែបយុវវ័យ ដែលខ្មែរនៅនេះគាំទ្រភ្លូកទឹកភ្លូកដីនោះ។ ខ្មែរនៅក្រៅប្រទេស ពិសេសអ្នកនៅអាមេរិក មានតែថ្ងៃសម្រាកចុងសប្តាហ៍។ ពួកគេបានជុំគ្នាស្ដាប់ភ្លេងរាំកម្សាន្ត ពួកគេចង់រាំច្រើន មានន័យថា បើបានអ្នកចម្រៀងចេះច្រៀងបទពីដើមច្រើន នោះពួកគាត់នឹងចូលរាំលេងបានសប្បាយជាមួយគ្នា»។
លោកក៏ជំរុញដល់អ្នកសិល្បៈដែលចង់ទៅសម្តែងនៅក្រៅប្រទេសថា គប្បីរៀនច្រៀងបទពីដើមឲ្យបានច្រើន។
លោក រឿន សេងហាប់ អះអាងថា៖ «នោះសមាគមណាក៏មិនខ្លាចនឹងធានាទៅសម្តែងទេ តែបើល្បីយ៉ាងណាបើមិនចេះបទពីដើមទេ សមាគមមិនដឹងធានាយកទៅធ្វើអីនោះទេ»។
យ៉ាងណាប្រធានសមាគម មិនបង្ហាញឈ្មោះតារាចម្រៀងដែលមានឈ្មោះល្បីនៅក្នុងស្រុក និងមានអ្នកគាំទ្រពីយុវវ័យភ្លូកទឹកភ្លូកដី តែមិនធ្លាប់មានដំណឹងទៅសម្តែងនៅក្រៅប្រទេសចំៗនោះទេ ប៉ុន្តែលោកបាននិយាយថា៖ «មិនខ្វះទេ តារាចម្រៀងល្បីៗ មានរូបសម្រស់ស្រស់ស្អាត គួរទាក់ទាញហើយធ្លាប់បានទំនាក់ទំនងទៅសមាគមសុំឲ្យធានាចេញទៅសម្តែងនៅក្រៅប្រទេស ប៉ុន្តែសមាគមជួយគាត់មិនបាន»។
លោកបញ្ជាក់ថា៖ «បើជួយគាត់ម៉េច បើយកទៅគាត់មិនចេះបទពីដើម ទៅឲ្យច្រៀងបទថ្មីហ្នឹង មានតែងាប់ មានតែគ្រោះថ្នាក់ ធ្វើម៉េចឲ្យបងប្អូននៅទីនោះបានសប្បាយទៅ!»។
ជាមួយគ្នានោះ លោក រឿន សេងហាប់ ក៏បានផ្តាំទៀតថា៖ «សមាគមមិនរើសអើងទេ អ្នកមិនល្បីសោះក៏សមាគមធានាដែរឲ្យតែអ្នកនោះស្មោះត្រង់និងចេះបទចម្រៀងពីដើមបានច្រើន»៕