The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អ្នកបើក​បរ​ស្រវឹង​នឹង​ត្រូវ​ផាក​ពិន័យ​រហូត​ដល់​ ៤​លាន​រៀល

អ្នកបើក​បរ​ស្រវឹង​នឹង​ត្រូវ​ផាក​ពិន័យ​រហូត​ដល់​ ៤​លាន​រៀល

Content image - Phnom Penh Post

អ្នកបើក​បរ​ស្រវឹង​នឹង​ត្រូវ​ផាក​ពិន័យ​រហូត​ដល់​ ៤​លាន​រៀល

គណៈរដ្ឋមន្រ្តី កាល​ពី​ម្សិល​មិញ បាន​អនុម័ត​​សេច​ក្តី​ព្រាង​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី ដែល​ច្បាប់​នេះបាន​កំណត់​ធ្វើ​ការ​ផាក​ពិន័យ​យ៉ាង​ធ្ងន់​ធ្ងរ​​ គឺ​រហូត​ដល់​ចាប់​ពី ៨០ ម៉ឺន​ទៅ​ដល់​ ៤ លាន​រៀល ​ចំពោះ​អ្នក​បើកបរ ដែល​​មាន​ជាតិ​ស្រវឹង​ខ្ពស់។ នេះ​បើ​តាម​លោកខៀវ កាញារីទ្ធ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​។

សេចក្តី​ព្រាង​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី​ដែល​មាន ១២ ជំពូក និង ៩២ មាត្រា​នេះ ត្រូវ​បាន​អនុម័ត នៅ​ក្នុង​កិច្ច​ប្រជុំ​ប្រចាំ​សប្តាហ៍​គណៈរដ្ឋមន្ត្រី ក្រោម​អធិបតីភាព ​លោក​នាយក​រដ្ឋ​​មន្រ្តី ហ៊ុន សែន។ ច្បាប់​នេះ ​មាន​គោល​ដៅ​ចម្បង​ គឺផ្តល់​ការ​យល់​ដឹង​អំពី​ចរាចរណ៍​ផ្លូវ​គោក គ្រប់​គ្រង​សុវត្តិ​ភាព​ចរាចរណ៍​ផ្លូវ​គោក រក្សា​សណ្តាប់​ធ្នាប់​ចរាចរណ៍​ផ្លូវ​គោក និង​ជាពិសេស​គឺ​ទប់​ស្កាត់​ការ​ប្រព្រឹត្ត​បទល្មើស​ ដែល​បណ្តាល​មក​ពី​ការ​ប្រើ​ប្រាស់​ផ្លូវ​ថ្នល់។

តាម​សេច​ក្តី​ប្រកាស​ព័ត៌មាន​ របស់​ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី​ចេញ​កាល​ពី​ម្សិល​មិញ​ឲ្យ​ដឹង​​ថា៖​«មូលហេតុ​ចម្បង​នៃ​គ្រោះ​ថ្នាក់​ចរាចរណ៍​ ដែល​កើត​មាន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ និង​រហូត​ដល់​បច្ចុប្បន្ន​នេះ ​មាន​ជា​អាទ៍ការ​បើកបរ​ក្នុង​ពេល​ស្រវឹង ការ​បើក​បរ​លឿន​ហួស​ល្បឿន​កំណត់ ការ​បើកបរ​ដោយ​អសមត្ថភាព ឬ​មិន​មាន​ប័ណ្ណ​បើកបរ»។

លោក​ចាន់ តារា អគ្គ​នាយក ​នៃ​អគ្គ​នាយក​ដ្ឋាន​ដឹក​ជញ្ជូន ​នៃ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ឲ្យ​ដឹងថា សេចក្តី​ព្រាង​ច្បាប់​ថ្មី​នេះ នឹង​ជួយ​កាត់​បន្ថយ​បាននូវ​បញ្ហា​គ្រោះ​ថ្នាក់​ចរាចរណ៍​ ដែល​ជា​បញ្ហា​ព្រួយ​បារម្ភ​ចម្បង​នា​ពេល​បច្ចុប្បន្ន។

លោក​បន្ថែម​ថា​ នៅ​ពេល​ច្បាប់​នេះ​ ដាក់​ឲ្យ​អនុវត្ត​ ទាំង​អ្នក​ធ្វើ​ចរាច​រណ៍​ទាំង​សមត្ថកិច្ច​នឹង​រួម​គ្នា​ធ្វើ​យ៉ាង​ណា​ត្រូវ​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ឲ្យ​បាន។

លោក​គូស​បញ្ជាក់ថា៖«ខ្ញុំ​គិត​ថា ​អ្នក​ដែល​បើក​បរ​ ហើយ​ប្រើ​ប្រាស់​គ្រឿង​ស្រវឹង​ហ្នឹង​ គួររាង​​ចាល​ហើយ ពីព្រោះ​វា​មិន​ត្រឹម​តែ​បង្ក​គ្រោះ​ថ្នាក់​ដល់​តែ​ខ្លួន​ឯង​នោះ​​ទេ តែ​វា​បង្ក​​គ្រោះ​ថ្នាក់​​ដល់អ្នក​ដទៃ​​ទៀត​ផង​»។

ចំណែក​លោក ខៀវ កាញា​រីទ្ធ ​ដែល​បាន​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​គណៈ​រដ្ឋមន្ត្រី ហើយ​ដែល​បាន​ដាក់​បង្ហោះ​ក្នុង​គេ​ហទំព័រ​ហ្វេសប៊ុក​របស់​​លោក​ ពី​ការ​ផាក​ពិន័យ​ធ្ងន់​ធ្ងរ ចំពោះ​អ្នក​បើកបរ​រហូត​ដល់ ៤​​លាន​រៀល​នោះ បាន​ស្រង់​របាយ​ការណ៍​របស់​លោក ត្រាំ អ៊ីវតឹក រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ដែល​បាន​ឡើង​ការពារ​សេចក្តី​ព្រាង​ច្បាប់​នេះ​ថា ក្នុង​មួយ​ថ្ងៃ​មាន​មនុស្ស​លើស​ពី​ប្រាំ​នាក់​បាន​ស្លាប់​និង​ប្រហែល​ ១៦ នាក់​រង​របួស​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍។

លោក អ៊ា ចរិយា អ្នក​ពិគ្រោះ​យោបល់​សុវត្ថិភាព​ចរាចរណ៍ បាន​អប​អរសាទរ​ចំពោះ​ច្បាប់​ថ្មី​នេះ។

លោក​ថ្លែងថា​ ​នៅ​ពេល​​ដែល​ការ​ផាក​ពីន័យ​កើន​ឡើង​ខ្ពស់ ប្រជា​ពលរដ្ឋ​ នឹង​​មាន​ការ​ភ័យ​ខ្លាច​​ចំពោះ​កា​​ររំលោភ​ច្បាប់​។ នៅ​ប្រទេស​ដទៃ​នៅ​ពេល​​ដែល​ការ​ពិន័យ​កើន​ឡើង​នោះ​ប្រជា​ពលរដ្ឋ​នឹង​កាន់​តែ​គោរព​ច្បាប់៕

អត្ថបទគួរចាប់អារម្មណ៍