«អារក្ខសម្បទា»
ការថែរក្សាការពារនូវទ្រព្យសម្បត្តិដែលខិតខំរកបានមកហើយឲ្យគង់វង្សល្អគឺសំដៅដល់ការសន្សំសំចៃទ្រព្យទុកឲ្យផុតពីសេចក្ដីវិនាសអន្តរាយផ្សេងៗ។
ធម្មតាទ្រព្យដែលនឹងអាចគង់វង្សនៅ ឬចម្រើនឡើងបានក៏ដោយអាស្រ័យម្ចាស់ទ្រព្យចេះថែរក្សាចេះចាយ ចេះប្រើ។ ឯការរក្សានោះសំដៅដល់ការចេះទុកដាក់ ចេះថ្នមថែ ចេះជួសជុល និងចេះកែខៃឲ្យមានផលចម្រើនតទៅ។
តួនាទីកូនប្រុសស្រីចំពោះមាតាបិតាមាន ៥ យ៉ាង។ ក្នុងបណ្ដាតួនាទី ៥ យ៉ាងនោះមានមួយយ៉ាងដែលព្រះមានព្រះភាគទ្រង់បង្រៀនឲ្យកូនប្រុសស្រីធ្វើខ្លួនឲ្យសមជាអ្នកទទួលមរតក។
មាតាបិតាចាប់តាំងពីពេលកាន់ដៃគ្នាកសាងគ្រួសារដំបូងមានការខិតខំប្រឹងប្រែងរកទ្រព្យខ្លាំងជាងពេលដែលខ្លួននៅទំនេរ ព្រោះចង់មានជីវភាពសមរម្យនឹងគេ។ ជាងនេះទៅទៀតតែងនឹកគិតទៅដល់អនាគតកូនប្រុសស្រីជាទីស្រឡាញ់របស់ពួកគាត់ ខ្លាចក្រែងមិនមានអ្វីចិញ្ចឹមកូននិងមិនមានអ្វីចែកឲ្យកូនទើបបានជាការងារកាន់តែច្រើនឡើងសម្រាប់ពួកគាត់ទាំងពីរនាក់។
កាលកូនប្រុសស្រីនឹកឃើញទៅដល់ញើសឈាម និងទឹកចិត្តរបស់មាតាបិតាឲ្យបានរឿយៗយ៉ាងនេះសូម្បីទ្រព្យដែលមាតាបិតាចែកឲ្យនោះមិនច្រើនក៏ដោយក៏កូនប្រុសស្រីត្រូវតែរក្សាឲ្យបានល្អជាទីបំផុតព្រមទាំងចេះកែខៃនូវមរតកនោះឲ្យមានប្រយោជន៍ឡើងទើបសមគួរជាអ្នកទទួលនូវមរតកនោះព្រោះក្នុងទ្រព្យមរតកទាំងនោះមានញើសឈាមរបស់មាតាបិតាព្រមទាំងបង្កប់នូវមេត្តាព្រហ្មវិហារដ៏មានជម្រៅទៀតផង។
ការថែរក្សាទ្រព្យដែលជាមរតករបស់មាតាបិតាក្ដី ការថែទាំទ្រព្យសម្បត្តិដែលបានមកដោយការខិតខំប្រឹងប្រែងរកដោយខ្លួនឯងក្ដីគឺជាកាតព្វកិច្ចដែលជនជាឃរាវាស ឬអ្នកនៅគ្រប់គ្រងផ្ទះគ្រប់ៗគ្នាត្រូវតែធ្វើបើមិនដូច្នោះទេ មុខជានឹងក្លាយទៅជាញាតិផៅរបស់អ្នកសុំទានមិនខានឡើយ។
ក្នុងអតីតកាលព្រះបរមពោធិសត្វធ្លាប់កើតជាសេដ្ឋីអ្នកមានទ្រព្យច្រើន ព្រះអង្គតែងធ្វើបុណ្យសុន្ទរ៍ទានជារឿយៗមុនពេលព្រះអង្គអស់ជីវិតបានប្រគល់ទ្រព្យទាំងអស់ឲ្យកូនប្រុសរបស់ព្រះអង្គ ហើយក៏ស្លាប់រួចបដិសន្ធិជាសក្កទេវរាជ។
ឯកូនប្រុសរបស់ព្រះអង្គជាមនុស្សវង្វេងនឹងទ្រព្យងប់នឹងអបាយមុខមិនចេះថែរក្សាមរតករបស់បិតាឲ្យបានល្អមិនយូរប៉ុន្មានក៏បានក្លាយជាអ្នកសុំទាន។
ចំណែកសក្កទេវរាជដែលធ្លាប់ជាបិតាបានទតឃើញដូច្នោះមានព្រះទ័យអាណិតណាស់បាននាំយកឆ្នាំងទិព្វមួយទៅប្រគល់ឲ្យដោយពោលផ្ដាំថា៖ «ម្នាលបាឆ្នាំងទិព្វនេះមានអានុភាពណាស់កាលបើបាត្រូវការអ្វីចូរបាយកពីក្នុងឆ្នាំងទិព្វនេះចុះ តែយើងសូមផ្ដាំអ្នកថាចូរអ្នកថែរក្សាឆ្នាំងនេះឲ្យបានល្អកុំឲ្យបែកឲ្យសោះប្រសិនបើបែកឆ្នាំងនេះមុខជាប្រើការលែងបានហើយ»។
កូនប្រុសនោះជាមនុស្សប្រមាទមិនបានចាំនូវបណ្ដាំរបស់បិតា ពេលមួយបបួលមិត្តភក្តិផឹកស្រាស្រវឹងរួចក៏យកឆ្នាំងនោះបោះលេងជាល្បែងឆ្នាំងទិព្វនោះក៏ធ្លាក់បែកហើយខ្លួនឯងក៏ក្លាយជាអ្នកសុំទានម្ដងទៀតមានសភាពកម្សត់ដរាបដល់អស់ជីវិតទៅ។
ការដែលសម្ដែងអំពីការថែរក្សាទ្រព្យឲ្យគង់វង្សមិនឲ្យបាត់បង់មិនមែនជាការខ្ទាស់ទៅនឹងកម្មផលនោះទេ ព្រោះលទ្ធផលល្អប្រសើរដែលគួរទទួលបាននោះកើតឡើងដោយកត្តាពីរយ៉ាងសំខាន់គឺបុណ្យដែលបានធ្វើហើយក្នុងកាលអតីត និងការប្រកបក្នុងបច្ចុប្បន្នភាព។
បើមានតែសំណាង ព្រោះសាងពីអតីតតែខ្វះធ្នាក់ដែលសាងបច្ចុប្បន្នក៏ប្រយោជន៍ដែលទទួលបាននោះមិនអាចឲ្យពេញទំហឹងឡើយ។
ដោយភិក្ខុវជិរប្បញ្ញោ សាន សុជា គង់នៅវត្តមណីរតនារាម ក្រុងពោធិ៍សាត់ និងមាននៅសៀវភៅ «ប្រយោជន៍បីប្រការ»៕