ក្រុមហ៊ុន Dufry Group ដែលជាក្រុមហ៊ុនដ៏ធំជាងគេលើពិភពលោកក្នុងការផ្តល់សេវាលក់រាយលើផលិតផលអត់បង់ពន្ធនៅតាមព្រលានយន្តហោះផ្សេងៗបានចុះហត្ថលេខារយៈពេល១២ឆ្នាំទៀតជាមួយនឹងក្រុមហ៊ុន Cambodia Airports ជាក្រុមហ៊ុនដែលបានទទួលសិទ្ធិអភិវឌ្ឍន៍គម្រោងព្រលានយន្តហោះនៅកម្ពុជា ដោយពង្រីកអាជីវកម្មរបស់ខ្លួននៅក្នុងព្រលានយន្តហោះអន្តរជាតិសំខាន់ៗទាំងពីរនៅទីផ្សារជាសមាជិកអាស៊ានមួយនេះ។
ការបន្តកិច្ចសន្យារយៈពេលវែង និងការពង្រីកអាជីវកម្មលក់រាយទំនិញឥតបង់ពន្ធនេះគឺដើម្បីឆ្លើយតបនឹងកំណើនភ្ញៀវទេសចរអន្តរជាតិ ជាពិសេសភ្ញៀវទេសចរចិន។
បើយោងតាមរបាយការណ៍ពីក្រសួងទេសចរណ៍កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង២,២ លាននាក់ក្នុងឆមាសទីមួយឆ្នាំនេះ ដោយមានកំណើនជាង៥ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៣។ ដោយភ្ញៀវដែលធ្វើដំណើរតាមផ្លូវអាកាសឆ្លងកាត់ព្រលានយន្តហោះសំខាន់ៗទាំងពីរគឺព្រលានយន្តហោះអន្តរជាតិភ្នំពេញនិងសៀមរាបមានកំណើនជិត១៣ភាគរយដោយទទួលបានភ្ញៀវសរុបចំនួនជាង១លាននាក់។
របាយការណ៍ដដែលបានបង្ហាញថា ភ្ញៀវទេសចរចិនគឺឈរនៅលំដាប់ទីពីរដែលមានចំនួនជិត៣សែននាក់គឺមានការកើនឡើងជិត២០ភាគរយ។
ការចុះកិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍រវាងលោក Julian DIAZ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Dufry Group និងលោក Emmanuel MENANTEAU នាយកប្រតិបត្តិរបស់Cambodia Airports នៅរាជធានីភ្នំពេញ។
លោក Julian DIAZ មានប្រសាសន៍ក្នុងពិធីចុះហត្ថលេខានោះថា ជាមួយនឹងការកើនឡើងនូវចំនួនភ្ញៀវទេសចរអន្តរជាតិដែលចូលមកទស្សនាប្រទេសកម្ពុជា ការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនក្នុងការពង្រីកអាជីវកម្មរបស់ខ្លួនគឺដើម្បីបំពេញសេចក្តីត្រូវការរបស់ពួកគេនៅទីផ្សារមួយនេះ។
លោកបានថ្លែងថា៖ «យើងគឺពិតជាមានចិត្តសប្បាយរីករាយជាមួយនឹងកិច្ចព្រមព្រៀងថ្មីនេះ ជាមួយនឹងក្រុមហ៊ុន Cambodia Airports ហើយការធ្វើកិច្ចសន្យាថ្មី និងការបន្តពង្រីកនូវទំហំទីតាំងលក់រាយនេះនឹងធ្វើឲ្យយើងរឹតតែខិតខំបន្ថែមទៀតក្នុងការអភិវឌ្ឍអាជីវកម្មរបស់យើងនៅប្រទេសកម្ពុជា»។
លោកបានថ្លែងបន្តទៀតថា៖ «ប្រតិបត្តិការអាជីវកម្មរបស់យើងនៅកម្ពុជាគឺពិតជាផ្នែកមួយដ៏មានសារៈសំខាន់ក្នុងប្រតិបត្តិការអាជីវកម្មជាអន្តរជាតិរបស់យើង និងភាពជិតស្និទ្ធជាមួយនឹងប្រទេសចិន[របស់កម្ពុជា] នឹងផ្តល់នូវមូលដ្ឋានគ្រឹះដ៏រឹងមាំមួយក្នុងការទទួលបានជោគជ័យ»។
លោក Emmanuel MENANTEAU បានថ្លែងផងដែរថា៖ «ក្រុមហ៊ុន Dufry ដាក់ចេញនូវទស្សនទាន[អាជីវកម្ម] នេះនិងជំរុញនូវបទពិសោធនៃការលក់រាយជូនអ្នកដំណើររបស់យើងនិងពង្រឹងនូវទីកន្លែងដ៏ល្អឥតខ្ចោះប្រភេទនេះនៅក្នុងព្រលានយន្តហោះទាំងអស់របស់យើង។
«យើងនឹងខិតខំប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់ក្នុងការរក្សានូវកិច្ចព្រមព្រៀងរយៈពេល ១២ ឆ្នាំនេះ និងដើម្បីជួយជំរុញនូវការលក់រាយរបស់ព្រលានយើងកាន់តែប្រសើរថែមមួយកម្រិតទៀត»។
យោងតាមលោក ខែក នរីន្ទដា ប្រធានទំនាក់ទំនងសាធារណៈរបស់ក្រុមហ៊ុន Cambodia Airport បានមានប្រសាសន៍ថា ស្ថិតក្រោមកិច្ចព្រមព្រៀងថ្មីនេះ ក្រុមហ៊ុន Dufry នឹងទទួលបាននូវទំហំលក់រាយបន្ថែមចំនួន១៦៧០ ម៉ែត្រការ៉េទៀត ហើយទំហំនេះគឺវាធំជាងទំហំដែលខ្លួនធ្លាប់មានដល់ទៅច្រើនជាង ១០០ភាគរយដើម្បីអនុញ្ញាតឲ្យក្រុមហ៊ុនមួយនេះដាក់តាំងលក់នូវប្រភេទទំនិញដែលមានម៉ាកល្បីៗរបស់ខ្លួនជាច្រើនបន្ថែមទៀត។
ដោយឡែក មានក្រុមហ៊ុនរដ្ឋដ៏ធំរបស់ប្រទេសចិនមួយដែលមានឈ្មោះថា China Duty Free Group (CDFG) ក៏មានគម្រោងបើកហាងលក់ទំនិញរួចពន្ធចំនួនពីរនៅកម្ពុជាដែលមានទីតាំងនៅក្រៅព្រលានយន្តហោះ។
ក្រុមហ៊ុនមួយនេះគឺគ្រោងនឹងចំណាយទឹកប្រាក់ប្រមាណជា៣៥លានដុល្លារអាមេរិកដើម្បីវិនិយោគក្នុងការបង្កើតហាងលក់ទំនិញរួចពន្ធចំនួនពីរនៅក្នុងខេត្តសៀមរាប និងរាជធានីភ្នំពេញ។ ក្រុមហ៊ុននេះ គ្រោងនឹងដាក់ឲ្យដំណើការទីតាំងនៅខេត្តសៀមរាបនៅចុងឆ្នាំនេះ និងមួយទៀតនៅភ្នំពេញ គ្រោងដាក់ដំណើរការក្នុងឆមាសទី២ឆ្នាំក្រោយ៕