បន្ទាប់ពីទទួលបានជោគជ័យនៅប្រទេសថៃ ភោជនីយដ្ឋានដែលបម្រើដោយនារីស្លៀកពាក់សិចស៊ីរបស់សហរដ្ឋអាមេរិក Hooters បានឲ្យដឹងថា ក្រុមហ៊ុនគ្រោងនឹងពង្រីកវត្តមានរបស់ខ្លួននៅទូទាំងតំបន់អាស៊ីអាគេ្នយ៍បន្ថែមទៀត ដោយរួមមានទាំងប្រទេសកម្ពុជាផងដែរ។
ភោជនីយដ្ឋាន Hooters ដែលមានមូលដ្ឋាននៅទីក្រុងអាត្លង់តា សហរដ្ឋអាមេរិក ហើយភាគច្រើនត្រូវបានគេស្គាល់ដោយសារមាននារីរត់តុស្លៀកសម្លៀកបំពាក់ខើចលើខើចក្រោមនោះបានឲ្យដឹងថា ក្រុមហ៊ុនទទួលបានសិទ្ធិធ្វើអាជីវកម្ម Destination Resorts Co. ដែលមានមូលដ្ឋាននៅប្រទេសថៃ កំពុងប្តេជ្ញាចិត្ត «ពង្រីកអាជីវកម្មដ៏ទូលំទូលាយ» នៅទូទាំងតំបន់អាស៊ី។
លោក Gary Murray អគ្គនាយកក្រុមហ៊ុន Destination Resorts Co បានថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «នៅពេលដែលទ្វារបើកចំហសម្រាប់ Hooters យើងមានជំនឿថា នេះគឺឱកាសដ៏ល្អដើម្បីពង្រីកកិច្ចប្រឹងប្រែងក្នុងការអភិវឌ្ឍយីហោ Hooter នៅទូទាំងតំបន់អាស៊ី»។
ក្រុមហ៊ុនដែលទទួលបានសិទ្ធិអាជីវ-កម្មខាងលើនៅពេលនេះកំពុងសម្លឹងមើលគ្រប់ប្រទេសនៅតំបន់អាស៊ាន មានដូចជាកម្ពុជា មីយ៉ាន់ម៉ា និងឡាវ រហូតដល់ប្រទេសឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ដែលមានប្រជាជនភាគច្រើនជាអ្នកកាន់សាសនាអ៊ិស្លាមផងដែរ។
ក្រុមហ៊ុន Destination Resorts Co. ដែលបានប្រតិបត្តិការភោជនីយដ្ឋាន Hooters នៅទីក្រុង Patong ក្នុងខេត្តភូកេត កាលពីជិត១ឆ្នាំកន្លងមកបានឲ្យដឹងថា ក្រុមហ៊ុននឹងពង្រីកអាជីវកម្ម ដោយចាប់ផ្តើមពីក្នុងប្រទេសថៃ ទៅកាន់ទីក្រុង ហុងកុង និងប្រទេស ហ្វីលីពីន។
ប៉ុន្តែសម្រាប់យីហោរបស់ភោជនីយដ្ឋាន Hooters ភាពជោគជ័យនៅក្នុងប្រទេសកម្ពុជា ហាក់ស្ថិតនៅផ្លូវដ៏វែងឆ្ងាយមួយ។
លោក Mike Chenda Im ម្ចាស់ហាងប៊ឺហ្គើរស្ទីលអាមេរិក Mike's Burger House ក្នុងទីក្រុងភ្នំពេញ បានថ្លែងថា វប្បធម៌អភិរក្សរបស់កម្ពុជាអាចជាឧបសគ្គមួយ។
លោកមានប្រសាសន៍ថា៖ «កាលពីលើកមុន ខ្ញុំបានឮថា ភរិយារបស់លោកនាយករដ្ឋមន្ត្រីកម្ពុជាបានប្រតិកម្មទៅនឹងការស្លៀកពាក់ខ្លី ខណៈនៅភោជនីយដ្ឋាន Hooters ពួកគេស្លៀកពាក់ខ្លីមែនទែន»។
លោកបានបន្តថា៖ «បុរសៗនឹងចូលចិត្ត ប៉ុន្តែខ្ញុំគិតថា នៅក្នុងប្រទេសថៃ មានភាពបើកចំហជាង»។
អ្នកនាំពាក្យរបស់ក្រសួងពាណិជ្ជកម្មលោក កែន រដ្ឋា មិនបានឆ្លើយតបនឹងសំណើសុំធ្វើអត្ថាធិប្បាយនោះទេ៕