តើ​ធ្វើ​ដូចម្តេច​ទើប​អាច​ក្លាយជា​អ្នក​ចែកចាយ​គំនិត​បាន​? តើ​ធ្វើ​ម្តេច​ទើប​គំនិត​យើង​អាច​ស័ក្តិសម​នឹង​ចែកចាយ​បាន​?

លោក​បណ្ឌិត អ៊ុង វ៉ាន់ធឿន សាកលវិទ្យាធិការរង​នៃ​សាកលវិទ្យាល័យ​ន័រតុន​ហើយ​លោក​ក៏​ជា​វេជ្ជបណ្ឌិត​ផ្នែក​ចិត្តវិទ្យា​ផង​ដែរនោះ​ថ្លែងថា​ទាំងអស់​នេះ​គឺ​កើតចេញ​ពី​ការចេះ​គិត​ឲ្យ​បាន​ច្រើន​ជ្រុង យក​ហេតុផល​ជាច្រើន​មក​ថ្លឹងថ្លែង ដោយ​មាន​អំណះអំណាង និង​បទពិសោធ​ជាក់ស្តែង​បន្ទាប់មក​គឺ​ចេះ​វាយតម្លៃ​។

ការអប់រំ​ចំណេះដឹង​ទូទៅ និង​បណ្តុះបណ្តាល​ជំនាញ​ផ្សេងៗ​ពិតជា​សំខាន់ និង​បាន​ឆ្លើយតប​ទៅកាន់​តម្រូវការ​ទីផ្សារការងារ​ក្នុង​សង្គម​។ ហើយ​នៅពេល​ដែល​យើង​មានគំនិត​ដែល​ល្អ យើង​នឹង​អាច​យកគំនិត​មកប្រើប្រាស់ ឬ​គ្រាន់តែ​ចែកចាយ​គំនិត​នោះ​យើង​ក៏​អាច​រកចំណូលបាន​ដែរ​។ ឧទាហរណ៍​ដូចជា​ក្នុង​កម្មវិធី TedTalk ដែល​ជា​កម្មវិធី​ដ៏ល្បី​មួយ​ដែល​វាគ្មិន​គឺ​មកពី​គ្រប់​មជ្ឈដ្ឋាន គ្រប់​ជាតិ​សាសន៍ អ្នកខ្លះ​បកស្រាយ​ពី​របកគំហើញ​ថ្មី អ្នកខ្លះ​និយាយ​ពី​បទពិសោធ​ផ្ទាល់ខ្លួន​។

លោក​បាន​លើកឡើង​ថា​៖ «​យើង​តែងដឹងថា លុយ​គឺជា​រូបិយប័ណ្ណ​ក្នុង​ជីវភាព​ប្រចាំថ្ងៃ ប៉ុន្តែ​ក្នុង​សតវត្សរ៍​ទី​ ២១ ត្រូវបាន​គេ​និយាយថា​ «​គំនិត​គឺជា​រូបិយប័ណ្ណ​ថ្មី​»​។

សាកលវិទ្យាល័យ​ន័រតុន​នៅក្នុង​រាជធានី​ភ្នំពេញ​។

យោងតាម​លោក​សាកលវិទ្យាធិការរង សាស្ត្រាចារ្យ​ដែល​កំពុង​បង្រៀន​នៅ​សាកលវិទ្យាល័យ​មួយ​ចំនួន​បានបង្ហាញ​អំពី​ការបារម្ភ​ពី​ការចុះខ្សោយ​នៃ​សមត្ថភាព​នៃ​ការគិត​របៀប​នៃ​ការបញ្ចេញ​គំនិត និង​បញ្ចេញមតិ​។

«​ជាមួយ​គ្នា​នេះ​ដែរ​យើង​ក៏​សង្កេត​ឃើញ​ថា ក្នុង​បណ្តាញ​សង្គម​ក៏​ឃើញ​មានការ​ចែកចាយ​នូវ​ព័ត៌មាន​ជាច្រើន​ដែល​ព័ត៌មាន​ជាច្រើន​គឺជា​ព័ត៌មាន​មិន​ពិត និង​គ្មាន​ប្រភព​ច្បាស់លាស់​ដែល​នេះ​ក៏​កើតឡើង​ដោយសារ​កង្វះ​ការពិចារណា​ដោយ​ផ្អែកលើ​ភ័ស្តុតាង និង​ហេតុផល​សមរម្យ​ដែរ​»​។

លោកបណ្ឌិត វ៉ាន់ធឿន ​បាន​បន្តថា​៖ «​យើង​មិនអាច​គ្រាន់តែ​បង្រៀន​ឲ្យ​គាត់​ថា​តាម​យើង​នោះទេ យើង​ត្រូវ​រក​វិធី​ដើម្បី​ឲ្យ​គាត់​ចូលរួម​គិត និង​បញ្ចេញយោបល់​ជាមួយ​យើង​។ យើង​គួរ​រិះរក​វិធី​នានា​ដើម្បី​ទាញ​និស្សិត​ឲ្យ​ចូលរួម​ជាមួយ​ការបង្រៀន​ដែរ​ដោយ​យើង​ត្រូវ​ប្រើ​បច្ចេកទេស​ឲ្យ​ពួកគាត់​ដែលជា​សិស្ស និស្សិត ចេះ​ឆ្ងល់​, គាត់​ចេះ​យក​រឿង ឬ​មេរៀន​មក​ភ្ជាប់​ជាមួយ​ជីវភាព​ប្រចាំថ្ងៃ​»​។

លោក​ក៏បាន​លើក​ឧទាហរណ៍​ទាក់ទង​នឹង​ហេតុការណ៍​ជាក់ស្តែង​ដែល​កើតឡើង​ថា​៖ «​នៅពេល​ដែល​មាន​អ្នកបើកបរ​ម្នាក់​បាន​បើក​បុក​មនុស្ស​ម្នាក់​ស្លាប់ ហើយ​ក៏បាន​រត់គេច តែ​ត្រូវ​មនុស្ស​ជាច្រើន​ចោមរោម​វាយ​សម្លាប់​អ្នកបើកបរ​នោះ​ដោយ​គិតថា​ដើម្បី​រក​យុត្តិធម៌​។ ប៉ុន្តែ​ពួកគាត់​មិនបាន​គិតថា អ្នកបើកបរ​នោះ​គាត់​អាច​ជាប់ទោស​ពី​បទ​មនុស្សឃាត​ដោយ​អចេតនា ប៉ុន្តែ​ប្រជាជន​ដែល​ព័ទ្ធ​វាយ​នោះ​អាច​ជាប់ទោស​ពី​ហិង្សា ឬ​មនុស្សឃាត​ដោយ​ចេតនា​»​។

លោក​សង្កត់ធ្ងន់​ថា​៖ «​ការដែល​ចេះ​គិត និង​ថ្លឹងថ្លែង​អាច​បញ្ចៀស​យើង​ពី​បញ្ហា ហើយក៏​អាចជួយ​ឲ្យ​យើង​រីកចម្រើន ច្នៃប្រឌិត​ជា​គំនិត​ដែលមាន​ប្រយោជន៍​»​។

លោក​បណ្ឌិត​ក៏បាន​លើក​យក​កម្រង​សម្តី​របស់លោក​បេនចាមីន ហ្វ្រេងគ្លីន ដែល​ជា​អ្នកនិពន្ធ និង​អ្នកទស្សនវិទូ​នយោបាយ​ដ៏ល្បី​របស់​អាមេរិក​មួយរូប​ដែល​បាន​ពោលថា​៖ «​បើ​អ្នក​ប្រាប់​ខ្ញុំ ខ្ញុំ​នឹង​អាច​ភ្លេច បើ​អ្នក​បង្រៀន​ខ្ញុំ ខ្ញុំ​នឹង​ចាំ បើ​អ្នក​ឲ្យ​ខ្ញុំ​ចូលរួម​ជាមួយ​ដែរ ខ្ញុំ​នឹង​ចេះ​»៕