ខណៈ​ជីវិត​រស់នៅ​ក៏​ដូចជា​សកម្មភាព​អាជីវកម្ម​ផ្សេងៗ​កំពុង​ដំណើរការ​ជា​ធម្មតា ជំងឺ​កូវីដ ​១៩ បាន​ចូល​មក​ដល់​ធ្វើ​ឱ្យ​ពិភព​លោក​មាន​ភាព​ច្របូក​ច្របល់​យ៉ាង​ខ្លាំង​។

គិត​ត្រឹម​ខែ​កុម្ភះ វីរ៉ុស​ដ៏​កាច​សាហាវ​មួយ​នេះ បាន​រីក​រាលដាល​ទៅ​ស្ទើរ​គ្រប់​ទីកន្លែង​មិន​ថា​ភូមិ​ដាច់​ស្រយាល ទីក្រុង​ទេសចរណ៍ និង​រដ្ឋធានី​នានា​នៅ​គ្រប់​ទ្វីប រាប់​ចាប់​ពី​ទ្វីប​អាស៊ី​ ដល់​ទ្វីប​អ៊ឺរ៉ុប និង​អាមេរិក ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវិត​ប្រជាជន ​និង​សេដ្ឋកិច្ច​យ៉ាង​ធ្ងន់ធ្ងរ​។

វីរ៉ុស​កូរ៉ូណា​ដ៏​រាតត្បាត​នេះ​ បាន​គម្រាម​កំហែង​ដល់​អាយុ​ជីវិត​មនុស្ស​ធ្ងន់ធ្ងរ​ជាង​វីរ៉ុស​អេបូឡា​ និង​ជំងឺ​សារ​ទៅ​ទៀត ដែល​ធ្វើ​ឱ្យ​មាន​ចំណាត់​ការ​បន្ទាន់​ពី​វិស័យ​សុខាភិបាល​នៅ​ជុំវិញ​ពិភព​លោក ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​គំរាមកំហែង​ពី​ជំងឺ​ដ៏​រាត​ត្បាត​នេះ​។

ករណី​ជំងឺ​កូវីដ ​១៩ ​នេះ ក៏​បាន​កើត​ឡើង​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ដែរ​។ ប៉ុន្តែ​កម្ពុជា​បាន​ចាត់​វិធានការ​ និង​គ្រប់គ្រង​ជំងឺ​រាត​ត្បាត​នេះ​បាន​យ៉ាង​ល្អ​រហូត​មក​ដល់​ពេល​នេះ​។

ការ​ចាត់​វិធានការ​ទាន់​ពេល​វេលា​របស់​រដ្ឋាភិបាល តាមរយៈ​ការ​ហាម​ប្រាម​មិន​ឲ្យ​ប្រជាជន​បំលាស់​ទី រួម​ជាមួយ​យុទ្ធនាការ​បង្កើន​ការ​យល់​ដឹង​នៅ​ទូទាំង​ប្រទេស​អំពី​ជំងឺ​កូវីដ ​១៩ បាន​ជួយ​ទប់ស្កាត់​វីរ៉ុស​នេះ​កុំ​ឲ្យ​រីក​រាលដាល​យ៉ាង​មាន​ប្រសិទ្ធិភាព​។ នៅ​កម្ពុជា​មាន​អ្នក​កើត​ជំងឺ​កូវីដ ​១៩ ចំនួន ​១២២ ​នាក់ ខណៈ​អ្នក​ជា​សះស្បើយ​សរុប​ចំនួន​ ១២០ ​នាក់ ចំណែក​អ្នក​កំពុង​សម្រាក​ព្យាបាល​នៅ​សល់​តែ​ ២ ​នាក់​ប៉ុណ្ណោះ​។​

ទោះ​យ៉ាង​ណា ជំងឺ​រាតត្បាត​សកល​នេះ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​វិស័យ​ជាច្រើន រាប់​ចាប់​ពី​វិស័យ​កាត់​ដេរ រហូត​ដល់​ទេសចរណ៍ និង​លក់​រាយ​។ អាកាសយានដ្ឋាន សណ្ឋាគារ មាន​សភាព​ស្ងប់ស្ងាត់ រោងចក្រ​កាត់ដេរ​មួយ​ចំនួន​បាន​ផ្អាក​​សកម្មភាព​មួយ​រយៈ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់​កម្ពុជា​។​

វិស័យ​អប់រំ​ឯកជន​ក៏​គេច​មិន​ផុត​ពី​ផល​ប៉ះពាល់​ដោយសារ​វិបត្តិ​ជំងឺ​កូវីដ ​១៩ ​នេះ​ដែរ ដោយ​សាលារៀន​ត្រូវ​បាន​បិទ​ទ្វារ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​នេះ​។

សាលារៀន​ឯកជន​មាន​ការ​​បារម្ភ​អំពី​ការ​ចំណាយ​​សម្រាប់​ប្រតិបត្តិការ​ ខណៈ​ចំណូល​ថយ​ចុះ​។ ការ​ចំណាយ​លើ​ថ្លៃ​ជួល​អគារ ថ្លៃ​ប្រាក់​ខែ​បុគ្គលិក និង​ការ​ចំណាយ​ផ្សេងៗ​បាន​គំរាម​កំហែង​ដល់​ការ​រស់រាន​មាន​ជីវិត​នៃ​សាលា​ឯកជន​ជា​ច្រើន​ក្នុង​កំឡុង​ពេល​វេលា​ដ៏​លំបាក​នេះ ហើយ​ក៏​ប៉ះពាល់​ដល់​ការ​សិក្សា​របស់​សិស្សានុសិស្ស​ផង​ដែរ​។

ប៉ុន្តែ​ទោះ​យ៉ាង​ណា ខណៈ​បច្ចេកវិទ្យា​កាន់​តែ​រីក​ចម្រើន ហើយ​មនុស្ស​ភាគ​ច្រើន​អាច​ប្រើប្រាស់​បាន​វា​បាន​ផ្តល់​ភាព​ងាយ​ស្រួល​សម្រាប់​ការ​សិក្សា​តាម​អនឡាញ​ក្នុង​នោះ​មាន​កម្មវិធី Zoom, YouTube, Google, Classroom និង​កម្មវិធី​ជា​ច្រើន​ទៀត ដែល​ជួយ​បំពេញ​បន្ថែម​ការ​សិក្សា​នៅ​សាលា​។

ទោះ​យ៉ាង​ណា បច្ចេកវិទ្យា​ប្រហែល​មិនមែន​ជា​ដំណោះស្រាយ​ល្អ​គ្រប់គ្រាន់​សម្រាប់​វិស័យ​នេះ​ទេ​។ តើ​ការ​បង្រៀន​តាម​អនឡាញ​បែប​ណា​ ដើម្បី​កុំ​ឲ្យ​បាត់បង់​គុណភាព​អប់រំ​?

បញ្ហា​ប្រឈម​នៅ​តែ​មាន​ច្រើន​។ ឧទាហរណ៍ ការ​ប្រើ​បច្ចេកវិទ្យា​ឌីជីថល សិស្សានុសិស្ស​នៅ​តាម​ជនបទ​ប្រហែល​មិន​អាច​មាន​បច្ចេកវិទ្យា​នោះ​គ្រប់គ្រាន់ ដូច​សិស្ស​នៅ​ក្នុង​ទីក្រុង​ទេ​។

ក្រៅ​ពី​នេះ នៅ​មាន​បញ្ហា​នៃ​ការភ្ជាប់​អ៊ីធឺណិត​ឲ្យ​មាន​ស្ថិរភាព ជាពិសេស​នៅ​តាម​បណ្តា​ខេត្ត​ដាច់​ស្រយាល​។

វិធីសាស្ត្រ​គរុកោសល្យ​ក៏​ត្រូវ​ការ​ផ្លាស់ប្តូរ​ពី​របៀប​នៃ​ការ​បង្រៀន​នៅ​ក្នុង​ថ្នាក់​ មក​របៀប​បង្រៀន​តាម​អនឡាញ​វិញ ដូច្នេះ​គ្រូ ​និង​សិស្ស​ត្រូវ​តែ​ចេះ​សម្រប​ខ្លួន​ទៅ​នឹង​កាវិវឌ្ឍន៍​ថ្មី​នេះ​។

អ្វី​ដែល​ពិបាក​បំផុត​នោះ ​គឺ​ការ​តាមដាន​ពេល​វេលា​របស់​សិស្ស ដើម្បី​ពិនិត្យ​មើល​ថា ​តើ​ពួក​គេ​រៀន​សូត្រ​តាម​កាល​វិភាគ​កំណត់ និង​សិក្សា​ដោយ​យក​ចិត្ត​ទុក​ដាក់​ដែរ​ឬ​ទេ​។

ប្រសិន​បើ​សិស្ស​ក្រីក្រ​នៅ​ក្រៅ​ថ្នាក់​រៀន​ក្នុង​រយៈពេល​យូរ នោះ​ពួក​គេ​អាច​ខកខាន​ទទួល​បាន​អាហារ​ពេល​ព្រឹក​ដែល​ផ្តល់​ដោយ​គិត​ថ្លៃ​ពី​អង្គការ​ស្បៀង​អាហារ​ពិភព​លោក ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ម៉ោង​សិក្សា​។

កុមារ​កម្ពុជា​ប្រមាណ ២៦០ ០០០ នាក់ ​នឹង​ខកខាន​ទទួល​បាន​អាហារ​ពេល​ព្រឹក​ដោយ​ឥត​គិត​ថ្លៃ​នេះ ខណៈ​សិស្ស​រាប់​លាន​នាក់​ទៀត កំពុង​ទន្ទឹងរង់ចាំ ដើម្បី​បាន​ជួបជុំ​មិត្តភក្តិ លោក​គ្រូ​អ្នក​គ្រូ​របស់​ពួក​គេ​នៅ​ក្នុង​ថ្នាក់​រៀន​វិញ៕