ការផ្ទុះឡើងនៃវីរុសកូរ៉ូណាដែលកើតឡើងតាំងពីខែកុម្ភៈ/មីនា ឆ្នាំ ២០២០ បានធ្វើឱ្យសាលារៀនជាច្រើននៅជុំវិញពិភពលោកមានការជួបប្រទះនូវភាពប្រឈមយ៉ាងខ្លាំងក្នុងការបង្រៀនតាមរយៈប្រព័ន្ធអេឡិចត្រូនិកទៅកាន់សិស្សានុសិស្ស។
តាមរយៈផែនការ និងការរៀបចំយ៉ាងហ្មត់ចត់សាលារៀនអូស្ត្រាលីអន្តរជាតិភ្នំពេញ (AISPP) បានបង្កើតជាប្រព័ន្ធដើម្បីឆ្លើយតបទៅបញ្ហាប្រឈមលើផ្នែកអប់រំក្នុងបរិបទនេះ តាំងពីមុនពេលដែលរាជរដ្ឋាភិបាលប្រកាសបិទសាលារៀនម្ល៉េះ ហើយការបិទសាលានៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺធ្វើឡើងដោយស្របទៅតាមគោលការណ៍អប់រំនៅជុំវិញពិភពលោក ប៉ុន្តែទំនើបកម្មខាងបច្ចេកវិទ្យាក៏បានជួយជ្រោមជ្រែងដល់លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សក្នុងការបន្តការសិក្សារបស់ពួកគេផងដែរ។
សិស្សានុសិស្សភាគច្រើនមិនបានចូលរួមទាំងស្រុងឡើយ ព្រោះពួកគេត្រូវសិក្សាតាមប្រព័ន្ធអេឡិចត្រូនិកពីអេក្រង់កុំព្យូទ័រ ឬទូរស័ព្ទ ហើយឃ្លាតឆ្ងាយពីមិត្តភក្តិ និងលោកគ្រូអ្នកគ្រូរបស់ពួកគេ ប៉ុន្តែក៏មានសិស្សានុសិស្សមួយចំនួនទៀតទទួលបាននូវគុណសម្បត្តិផងដែរតាមរយៈការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិកនេះ។
សិស្សានុសិស្សដែលស្ងប់ស្ងាត់ក្នុងពេលអង្គុយសិក្សាក្នុងថ្នាក់រៀនរួមគ្នាជាមួយមិត្តភក្តិហាក់ដូចជាទទួលបានអារម្មណ៍សុវត្ថិភាពក្នុងការនិយាយពេលដែលគាត់សិក្សាតាមប្រព័ន្ធអេឡិចត្រូនិក រីឯសិស្សានុសិស្សដែលពូកែខាងប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាជាងការប្រើប្រាស់ក្រដាស និងប៊ិក អាចនឹងបញ្ចេញប្រតិកម្មប្លែកពីគ្នាទៅនឹងបម្រែបម្រួលការសិក្សាទៅជាអាណាចក្រនៃបច្ចេកវិទ្យា “របស់ពួកគេ” ។ ការបង្រៀន និងការសិក្សាមានជាច្រើនកម្រិតផ្សេងៗគ្នា ហើយយើងក៏កំពុងតែប្រសើរឡើងជាមួយគ្នាផងដែរ។
សិស្សានុសិស្សរបស់យើងនៅតែបន្តចង់សិក្សា ហើយលោកគ្រូ-អ្នកគ្រូរបស់យើងក៏ខិតខំព្យាយាមសាកល្បងបទពិសោធថ្មីៗ ដើម្បីធ្វើឱ្យការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិកកាន់តែមានភាពសប្បាយរីករាយ និងទទួលបានការចូលរួមសិក្សាពីសិស្សានុសិស្ស។ បញ្ហាមួយដែលមាតាបិតាសិស្សបានលើកឡើងហើយផ្តល់ការចាប់អារម្មណ៍ដល់យើងខ្ញុំនោះគឺ រយៈពេលដែលបុត្រធីតារបស់ពួកគាត់បានចំណាយនៅពីមុខអេក្រង់កុំព្យូទ័ររបស់ពួកគេ។
យើងខ្ញុំដឹងថា មាតាបិតាមួយចំនួនមានបញ្ហាប្រឈមក្នុងការធ្វើឱ្យបុត្រធីតារបស់គាត់ផ្តោតអារម្មណ៍លើការសិក្សាឱ្យដូចជាក់ស្តែងដូចក្នុងថ្នាក់រៀននៅពេលដែលពួកគេសិក្សាតាមកុំព្យូទ័រ ហើយទប់ស្កាត់ពួកគេពីការជជែកលេងជាមួយមិត្តភក្តិ ឬលេងហ្គេម និងបង្វែរអារម្មណ៍ពួកគេពីការសិក្សាទៅមើលភាពយន្តជាដើម។ យើងកត់សម្គាល់ឃើញថា រាល់សម្ភារបច្ចេកវិទ្យាដែលយើងគ្រប់គ្នាកំពុងប្រើប្រាស់នោះអាចធ្វើឱ្យយើងងប់ងល់ជាមួយពួកវាបាន។ យើងតែងតែចង់ប្រើទូរស័ព្ទដៃគ្រប់ពេលដូចគ្នាទៅនឹងសិស្សានុសិស្ស ដែលគាត់ចង់ប្រើសម្ភារបច្ចេកវិទ្យាទាំងនោះដែរ។
យើងខ្ញុំស្នើសុំថា វានឹងមានភាពងាយស្រួលក្នុងការគ្រប់គ្រងលើការប្រើប្រាស់ជាក់ស្តែង និងការប្រើប្រាស់សម្រាប់ការសិក្សា/ទំនាក់ទំនងជាមួយនឹងកិច្ចការសាលា ប្រសិនបើសិស្សអង្គុយនៅទីកន្លែងណាមួយក្នុងផ្ទះដែលមាតាបិតាអាចមើលឃើញថា គាត់កំពុងធ្វើអ្វីនៅលើអេក្រង់កុំព្យូទ័រ។ ពេលដែលពួកគេនៅក្នុងបន្ទប់គេងតែឯង ភាគច្រើនពួកគេច្បាស់ជាចុះចាញ់ទៅនឹង ”ភាពសប្បាយៗ” ដែលមាននៅលើកុំព្យូទ័ររបស់គេជាមិនខាន ហើយមិនផ្តោតអារម្មណ៍លើការសិក្សានោះទេ។
កម្មវិធីសិក្សាជាតិរបស់ប្រទេសអូស្ត្រាលី (Australian National Curriculum) គឺជាជម្រើសដ៏ត្រឹមត្រូវបំផុតមួយសម្រាប់ AISPP ក៏ព្រោះតែវា គឺជាកម្មវិធីសិក្សាមួយដែលមានភាពជាក់លាក់ និងរចនាឡើងយ៉ាងល្អ ដោយផ្តោតសំខាន់ទៅលើសិស្សានុសិស្ស។ កម្មវិធីនេះបានបញ្ចូលនូវភាពចង់ដឹង និងសំណួរនៅក្នុងគ្រប់មេរៀន និងម៉ោងសិក្សាទាំងអស់ ដែលនេះគឺស័ក្តិសមយ៉ាងខ្លាំងទៅនឹងក្របខ័ណ្ឌកម្មវិធី IB (the International Baccalaureate)។
កម្មវិធីសិក្សាជាតិរបស់អូស្ត្រាលី គឺជាកម្មវិធីដែលសាលាយើងកំពុងប្រើប្រាស់ ដើម្បីបង្រៀន ហើយកម្មវិធី IB គឺជារបៀបដែលយើងបង្រៀន។ AISPP មានមោទនភាពសូមជម្រាបជូនថា៖ យើងខ្ញុំទទួលបានសិទ្ធិជាផ្លូវការលើកម្មវិធី IB ទី៣ របស់យើងដែលជាកម្រិតមធ្យមសិក្សា (MYP) កាលពីខែតុលា ឆ្នាំ ២០២០ កន្លងទៅនេះ។
ដំណើរការដើម្បីទទួលបានសិទ្ធិនេះ រួមមាន៖ ការធ្វើទស្សនកិច្ចតាមប្រព័ន្ធអេឡិចត្រូនិករបស់ក្រុម MYP ពីខាង IB ការរៀបចំជាច្រើនរបស់ក្រុមលោកគ្រូ-អ្នកគ្រូ និងផ្នែករដ្ឋបាលដែលមានទំនាក់ទំនងជិតស្និទ្ធទៅនឹងកម្រិតកម្មវិធី MYP ព្រមទាំងការចូលរួមរបស់សិស្សានុសិស្ស និងមាតាបិតាសិស្សផងដែរ។
មិនមានកម្មវិធីសិក្សាណាដែលត្រូវបានគេចាត់ទុកថា ជាកម្មវិធីសិក្សាដែលល្អនោះឡើយ ប្រសិនបើមិនមានការរួមចំណែកពីសិស្សានុសិស្ស និងការសិក្សារបស់ពួកគេ។
AISPP ក៏ជាសមាជិកមួយនៃសមាគមសាលារៀនអូស្ត្រាលីអន្តរជាតិ (the Australian International School Association) (AISA) ហើយយើងក៏ជាដៃគូសកលជាមួយនឹងសមាគមសាលារៀនឯកជននៃរដ្ឋ New South Wales ប្រទេសអូស្ត្រាលី (the Association of Independent Schools of New South Wales) ផងដែរ ។ សាលាយើងខ្ញុំផ្តល់ជូននូវកម្មវិធីសិក្សាសម្រាប់កុមារចាប់ពីអាយុ ២ ឆ្នាំ រហូតដល់ថ្នាក់ទី១២។
សម្រាប់ព័ត៌មានបន្ថែមអំពីសាលាអូស្ត្រាលីអន្តរជាតិភ្នំពេញ (AISPP) សូមចូលទៅកាន់គេហទំព័រ www.aispp.edu.kh ឬទំនាក់ទំនងមកកាន់អ៊ីមែលតាមរយៈ info@aispp.edu.kh៕